បុរស និងនារី មានភាពស្មើគ្នាក្នុងការប្រកួតប្រជែងលើគ្រប់ផ្នែក និងគ្រប់វិស័យ ដើម្បីប្រែក្លាយខ្លួន ឲ្យកាន់តែរីកចម្រើន
ភ្នំពេញ៖ លោកជំទាវ ចម ក្រស្នា អគ្គនាយិកាក្រុមហ៊ុន សោម៉ា គ្រុប មានប្រសាសន៍ថា បុរស និងនារី មានភាពស្មើគ្នាក្នុងការប្រកួតប្រជែងលើគ្រប់ផ្នែក និងគ្រប់វិស័យ ដើម្បីប្រែក្លាយខ្លួនឲ្យកាន់តែរីកចម្រើន ពាក្យថាស្រ្តីវិលចង្ក្រានមិនជុំ លែងជារនាំងក្នុងការឆ្ពោះទៅមុខរបស់ស្រ្តីនាពេលបច្ចុប្បន្ននេះហើយ ។
នេះជាការលើកឡើងក្នុងឱកាសអបអរទិវាអន្តរជាតិសិទ្ធិនារី ដែលរៀបចំឡើងដោយគម្រោង សោម៉ា អ៊ីនីស៊ីអេទីវ នៃក្រុមហ៊ុនសោម៉ា គ្រុប ក្រោមប្រធានបទ៖ ការកសាងអនាគតឱ្យកាន់តភ្លឺស្វាង នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅអគារ TheCommune ផ្លូវលេខ ៣៤៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមជាបុគ្គលិកក្រុមហ៊ុន ក្រុមយុវជន សិស្ស និស្សិតតាមបណ្តាគ្រឹះស្ថាននានាប្រមាណ ២០០នាក់ ។
ក្នុងឱកាសនោះ ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា យុវជនជំនាន់នេះពិតជាមានសំណាងណាស់ក្នុងការសិក្សារៀនសូត្រក្រេបជញ្ជក់ចំណេះដឹងក្រោមម្លប់នៃសុខសន្តិភាព ដូច្នេះត្រូវខិតខំប្រឹងប្រែងរៀនសូត្រ មានគំនិតច្នៃប្រឌិតក្នុងការបង្កើតនូវអ្វីដែលថ្មីៗ មានប្រយោជន៍ដល់សង្គមជាតិ ។
សូមបញ្ជាក់ថា ៖ ក្រុមហ៊ុន សោម៉ា គ្រុប ជាក្រុមហ៊ុនក្នុងស្រុកមួយដែលបង្កើតឡើងស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយសព្វថ្ងៃកំពុងធ្វើអាជីវកម្មគ្របដណ្ដប់លើវិស័យសំខាន់ៗចំនួន៥ គឺ អប់រំ ពាណិជ្ជកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ បដិសណ្ឋារកិច្ចនិងអចល្យវត្ថុ ដោយមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ១០ និងមានកម្មករនិយោជិតប្រមាណជាង ៣០០០នាក់។
ក្រៅពីការងារអាជីវកម្ម ក្រុមហ៊ុន សោម៉ា គ្រុប និង បុត្រសម្ព័ន្ធ ក៏បានយកចិត្តទុកដាក់លើការងារសង្គមផងដែរ តាមរយៈកម្មវិធីចែករំលែកគុណតម្លៃរបស់ខ្លួនដែលមានឈ្មោះថា Soma Initiative។ សោម៉ា អ៊ីនីស៊ីអេទីវ (Soma Initiative) ជាកម្មវិធីបង្កើត និងចែករំលែកគុណតម្លៃរបស់ក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធ ដែលបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ដោយផ្តោតលើកម្មវិធី សំខាន់ៗចំនួន៣រួមមាន ការអប់រំ សុខភាព-អនាម័យ និងបរិស្ថាន ៕ អត្ថបទ៖ គ្រី សម្បត្តិ, រូបភាព៖ ជីម ភារ៉ា


