ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញសមោ្ពធសមិទ្ធផលនានារបស់សាលាពលទាហានទី៣

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីសមោ្ពធសមិទ្ធផលនានារបស់សាលាពលទាហានទី៣ ផ្នែកសឹករងចំណុះតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ និងកងវរសេនាតូចស៊ើបការណ៍យោធភូមិភាគទី៣ នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលជាច្រើន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនបណ្តាកងឯកភាពចំណុះយោធភូមិភាគទី៣ រួមមាន៖ (i) ទីចាត់ការ ១ខ្នង កម្ពស់២ជាន់, អគារស្នាក់នៅរបស់យោធាចារ្យ ២ខ្នង និងអគារស្នាក់នៅរបស់សិក្ខាកាម ១ខ្នង សម្រាប់សាលាពលទាហានទី៣, (ii) អគារទីបញ្ជាការផ្នែកសឹករង ចំនួន៧ខ្នង សម្រាប់បណ្តាផ្នែកសឹករងចំណុះតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ និង (iii) អគារស្នាក់ចំនួន២ខ្នង សម្រាប់កងវរសេនាតូចស៊ើបការណ៍យោធភូមិភាគទី៣។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយជានិច្ចជាកាល សម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំអំពីសុខទុក្ខ និងសុខុមាលភាពរបស់យោធិន-គ្រួសារយោធិន តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ក៏ដូចជាការដោះស្រាយរាល់ការលំបាកផ្សេងៗនៅតាមគ្រប់បណ្តាស្ថាប័ន-កងឯកភាពទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាឱ្យការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការរស់នៅ និងហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន អាចត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងបន្ថែមទៀត។

ឯកឧត្តមក៏សូមថ្លែងអំណរគុណផងដែរចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នស៊ីវិល និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជាពិសេសក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុន LYP Group និងកំពង់ផែស្វយ័តភ្នំពេញ ក្នុងនាមជាអង្គភាពសម្ព័ន្ធមេត្រីភាព ដែលបានរួមចំណែកឧបត្ថម្ភគាំទ្រដល់យោធភូមិភាគទី៣ និងកងឯកភាពចំណុះ រហូតមានការរីកចម្រើនជាលំដាប់ និងដោះស្រាយបាននូវការលំបាក និងតម្រូវការជាក់ស្តែងចំពោះមុខនានា ដែលនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងកងយោធពលខេមរភូមិន្ទ ហើយក៏ជាសក្ខីភាពនៃចំណងសាមគ្គីស្អិតរមួតរវាងកងទ័ព និងប្រជាជន ដើម្បីគាំទ្រដល់ការបំពេញភារកិច្ចរបស់កងទ័ព លើមូលដ្ឋាននៃខឿនការពារជាតិរបស់ប្រជាជន ដែលជានយោបាយការពារជាតិដ៏ពិសិដ្ឋរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី តាំងពីដើមរៀងមក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា យោធភូមិភាគទី៣ គឺជាតំបន់យុទ្ធសាស្ត្រមួយ ដែលស្ថិតក្នុងអាទិភាពនៃកិច្ចការពារជាតិ ដោយយោងទៅលើលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ និងប្រវត្តិសាស្ត្រ ដែលមានសារៈសំខាន់ចំពោះវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌ជាតិ។ អាស្រ័យហេតុនេះ ការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ គឺជាកិច្ចការសំខាន់ដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ហើយក្នុងរយៈកាលកន្លងមកនេះ យោធភូមិភាគិទី៣ ក៏បានខិតខំយកចិត្តទុកដាក់លើការងារគ្រប់គ្រងកម្លាំង និងគ្រឿងបំពាក់ ការងារហ្វឹកហ្វឺន ការពង្រឹងប្រៀបការពារជាតិ ក៏ដូចជាការកសាងកែលម្អជំរំជម្រក និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា រហូតមានការរីកចម្រើនប្រែមុខប្រែមាត់គួរជាទីមោទនៈ។ ទាំងនេះ ពិតជាបានបង្ហាញឱ្យឃើញនូវឆន្ទៈ មនសិការ និងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងយោធិនទាំងអស់ ក្នុងកិច្ចការបម្រើជាតិ មាតុភូមិ និងប្រជាជន ដោយមិនគិតពីការនឿយហត់ និងប្រកបដោយស្មារតីទទួលខុសត្រូវ រួមផ្សំនឹងគំនិតច្នៃប្រឌិតទៅតាមសភាពការណ៍ជាក់ស្តែងចំពោះមុខ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា កងទ័ពជើងគោកនៃកងយោធលខេមរភូមិន្ទ បានធ្វើការកែសម្រួលការហ្វឹកហ្វឺនជាប់ជាប្រចាំទាំងផ្នែកទន់ ដែលសំដៅដល់កម្មវិធីសិក្សា និងយោធាចារ្យ ព្រមទាំងផ្នែករឹង រួមមាន ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគ្រឿងបំពាក់នានា ដើម្បីធានាបាននូវការផ្ទេរចំណេះដឹង និងបទពិសោធន៍ពីមួយជំនាន់ទៅមួយជំនាន់ សំដៅពង្រឹងឆន្ទៈ និងស្មារតីកា្លហានក្នុងការការពារជាតិ និងប្រជាជន។ ចំពោះមុខនេះ ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទក្នុងនាមជាកងកម្លាំងប្រដាប់អាវុធជាតិ ក៏បានឈានមកដល់ដំណាក់កាលកាន់តែមមាញឹកនៅក្នុងឆ្នាំ២០២៣នេះ ពីព្រោះកម្ពុជានឹងត្រូវរៀបចំព្រឹត្តិការណ៍កីឡា SEA Games និង ASEAN Para Games 2023 ក្នុងខែឧសភា និងមិថុនា ក៏ដូចជាការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ជាមួយនឹងការធានាថា ព្រឹត្តិការណ៍ជាលក្ខណៈប្រវត្តិសាស្ត្រដ៏សំខាន់ទាំងអស់នេះ អាចប្រព្រឹត្តទៅបានក្នុងបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខពេញលេញ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner