មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យអ្នកផលិតនិងអ្នកកែច្នៃក្នុងស្រុក បង្កើនគុណភាពផលិតផលដើម្បីឱ្យការនាំចេញទៅកាន់ផ្សារជាតិ និងអន្តរជាតិមានការគាំទ្រច្រើនពីអ្នកប្រើប្រាស់

កំពង់ស្ពឺ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម លោក អ៊ូច សាវិន បានធ្វើការជំរុញឱ្យអ្នកផលិត និងអ្នកកែច្នៃក្នុងស្រុក ខិតខំផលិត និងបង្កើនគុណភាព ស្តង់ដារផលិតផលដើម្បីឱ្យការនាំចេញទៅកាន់ផ្សារជាតិនិងអន្តរជាតិមានការគាំទ្រច្រើនពីអ្នកប្រើប្រាស់។ លោក អ៊ូច សាវិន លើកឡើងដូចនេះ នៅក្នុងអង្គសិក្ខាសាលាស្តីពីការលើកកម្ពស់ផលិតផលខ្មែរ ដែលធ្វើនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ក្នុងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ។

លោក អ៊ូច សាវិន ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការបាន និងកំពុងខិតខំធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយប្រទេសនានានៅលើពិភពលោក តាមរយៈការចរចា សម្របសម្រួលដោះស្រាយបញ្ហារបាំងពន្ធគយ និងមិនមែនពន្ធគយដើម្បីនាំទំនិញកម្ពុជាចេញទៅក្រៅប្រទេសទទួលបានជោគជ័យ ។

ហើយជាក់ស្ដែងកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េ បានកំណត់យកកសិផលសក្តានុពល១០មុខ ដែលត្រូវជំរុញ ផលិតកម្ម និងការនាំចេញដើម្បីទាញយកផលប្រយោជន៍ឱ្យបានច្រើន ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ។ ហើយសម្រាប់ផលិតផលទាំង១០មុខនោះរួមមាន៖ស្រូវ-អង្ករ, ដំឡូងមី, ចេក, មៀនប៉ៃលិន, ស្វាយ, ស្វាយចន្ទី, សាច់សត្វ, ជ័រកៅស៊ូ, ម្នាស់ និងម្រេច ផងដែរ ។

ទន្ទឹមនិងការចុះកិច្ចព្រមព្រៀងនៃនាំចេញផលិតសម្រេចបាន គឺទាមទារឱ្យផលិតករ សិប្បករ សមាគមន៍ អាជីវករ ពាជិជ្ជករ សហគ្រិនដែលជាប្រតិបត្តិករផ្ទាល់ គប្បីខិតខំបន្ថែមទៀតក្នុងការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ការដាំដុះ ការចិញ្ចឹម ការផលិត ការកែច្នៃ ការវេចខ្ចប់ផលិតផលរបស់ខ្លួនឱ្យមានគុណភាព សោភ័ណ សុវត្ថិភាព ស្របតាមស្តង់ដារបច្ចេកទេស និងដាក់ឈ្មោះយីហោ កាលបរិច្ឆេទផលិតនិងផុតកំណត់ឱ្យបានត្រឹមត្រូវ។ការខិតខំពង្រឹងនិងពង្រីកផលិតផលរបស់ខ្លួនដែលមានស្រាប់ឱ្យកាន់តែមានស្តង់ដារគឺជាការរួមចំណែកក្នុងការលើកកម្ពស់ផលិតផលខ្មែរ បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ រួមចំណែកកាត់បន្ថយភាពក្រីក្រនិងកាត់បន្ថយការធ្វើចំណាកស្រុកខុសច្បាប់ទៅរកការងារធ្វើនៅក្រៅប្រទេស៕ ម៉ុន សំអាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner