គ្រោះថ្នាក់រថភ្លើងរត់ធ្លាក់ផ្លូវនៅអេហ្ស៊ីប បណ្តាលអោយមនុស្ស២នាក់ស្លាប់ និង១៦នាក់របួស

គែរ៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និង ១៦នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថភ្លើងមួយខ្សែបានជួបហេតុការណ៍រត់ធ្លាក់ផ្លូវ នៅថ្ងៃអង្គារសប្តាហ៍នេះ ក្នុងទីក្រុង Qalyub ដែលជាក្រុងមួយនៅក្នុងខេត្ត Qalyubia ប្រហែល២៣គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានីគែរ ប្រទេសអេហ្ស៊ីប។

ក្រសួងសុខាភិបាលអេហ្ស៊ីបបានបញ្ជាក់ថា អ្នករបួស១០នាក់ ក្នុងចំណោមអ្នករបួស១៦នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យឯកទេស Qalyub និងថា របួសរបស់ពួកគេមិនគំរាមកំហែងដល់អាយុជីវិតនោះទេ ខណៈដែលអ្នករងរបួស៦នាក់ផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅវិញ ព្រោះរងរបួសស្រាលប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានោះដែរ ក្រសួងដឹកជញ្ជូនអេហ្ស៊ីបបានបង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតគ្រោះថ្នាក់នេះ។ គួរបញ្ជាក់ថា ប្រព័ន្ធផ្លូវដែករបស់ប្រទេសអេហ្ស៊ីបមានបញ្ហាជាយូរមកហើយ ដោយឧបករណ៍ដែលថែទាំមិនបានល្អ និងការគ្រប់គ្រងមិនល្អ ដែលជារឿយៗបណ្តាលឱ្យរថភ្លើងធ្លាក់ផ្លូវ និងបុកគ្នាជាដើម។

តួយ៉ាងកាលពីឆ្នាំ២០២១ យ៉ាងហោចណាស់មនុស្ស៣២នាក់បានស្លាប់ នៅក្នុងហេតុការណ៍រថភ្លើងបុកគ្នានៅទីក្រុង Tahta ដែលជាក្រុងមួយស្ថិតនៅភាគខាងត្បូងប្រទេសអេហ្ស៊ីប។ ក្រោយមកនៅឆ្នាំនោះ រថភ្លើងមួយទៀតបានក្រឡាប់ក្នុងទីក្រុង Qalyubia ដោយបានសម្លាប់មនុស្ស ១១នាក់ផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner