នាយករដ្ឋមន្រ្តីអូស្រ្តាលីនឹងជួបជាមួយលោក ចូ បៃដិន ឆាប់ៗនេះ ខណៈផែនការនាវាមុជទឹកនុយក្លេអ៊ែររំពឹងថា នឹងបើកបង្ហាញ
កង់បេរ៉ា៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បាណេស នៅថ្ងៃពុធនេះ បានថ្លែងថា រូបលោកនឹងជួបប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងពេលឆាប់ៗនេះនៅសហរដ្ឋអាមេរិក ជាទីដែលកិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដ៏ធំ ត្រូវបានគេរំពឹងថា នឹងបើកបង្ហាញ។
បន្ទាប់ពីការពិភាក្សារយៈពេល១៨ខែ អូស្ត្រាលីត្រូវបានគេរំពឹងថា នឹងបង្ហាញផែនការដើម្បីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន៨គ្រឿង នៅក្នុងអ្វីដែលលោក អាល់បាណេស បានហៅថា ជា “ការលោតផ្លោះដ៏ធំបំផុតតែមួយគត់” ដើម្បីលើកកម្ពស់សមត្ថភាពការពារជាតិក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអូស្រ្តាលី។
លោក អាល់បាណេស បាននិយាយយ៉ាងដូច្នេះថា ខ្ញុំនឹងជួបជាមួយលោកប្រធានាធិបតី បៃដិន នៅសហរដ្ឋអាមេរិក។ យើងនឹងមានសេចក្តីប្រកាសបន្ថែម អំពីព័ត៌មានលម្អិតក្នុងពេលឆាប់ៗនេះអំពីការរៀបចំដែលនឹងប្រព្រឹត្តទៅ។
កិច្ចព្រមព្រៀងនេះ កំពុងធ្វើឡើងក្រោមការឧបត្ថម្ភរបស់សម្ព័ន្ធភាព AUKUS ដែលមានដូចជាប្រទេសអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក ដោយមានគោលបំណងចែករំលែកផ្នែកយោធាទំនើប និងបច្ចេកវិទ្យាផ្សេងទៀត។
ជាការឆ្លើយតប ទីក្រុងប៉េកាំងបានសម្តែងការប្រឆាំងយ៉ាងខ្លាំងចំពោះគម្រោងនេះ ដែលខ្លួនមើលឃើញថា ជា “គ្រោះថ្នាក់” និងរៀបចំឡើងដើម្បីដាក់សម្ពាធលើប្រទេសចិន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា