សម្តេចតេជោ ហ៊ុន សែន ផ្ញើសារសារសំឡេងស្នើឱ្យលោកស្រី ទ្រី ដាណា និង អ្នក ផ្សព្វផ្សាយវប្បធម៌ ទទួលយកការណែនាំកែតម្រូវរបស់ក្រសួងវប្បធម៌
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារពិសេសមួយនៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ឆ្លើយតប នឹងវិវាទរវាងលោកស្រី ទ្រី ដាណា ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពាក់ព័ន្ធបំណងបង្ហាញសម្លៀកបំពាក់បែបបុរាណ ក្នុងព្រឹត្តិការណ៍ អង្គរ សង្ក្រាន្ត ដោយសម្ដេច បានស្នើឱ្យលោកស្រី ទ្រី ដាណា និងអ្នក ផ្សព្វផ្សាយ វប្បធម៌ ទទួលយកការណែនាំ កែតម្រូវ របស់ក្រសួងវប្បធម៌ ។
តាមរយៈសារសំឡេងដែលមានរយៈពេលជាង១៣នាទីសម្តេចតេជោនាយករដ្ឋមន្ត្រីបានគាំទ្រចំណាត់ការ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ សម្តេច តេជោមានប្រសាសន៍ ថា ការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវលើ ទម្រង់សម្លៀក បំពាក់ នោះ ចៀសវាងនាំមកនូវការភ័ន្តច្រឡំ នៅពេលយកទៅស្លៀកបង្ហាញ ជាសាធារណៈក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
សម្តេចតេជោបានបញ្ជាក់ថា សម្លៀកបំពាក់ពីជំនាន់បុរាណ ចាំបាច់ត្រូវតែធ្វើ ឱ្យបានត្រឹមត្រូវ។ បើមិនដូច្នោះទេ បន្ទាប់ពីយើងដាក់តាំងបង្ហាញហើយនោះ គឺយើងបានថតហើយបង្ហោះចេញ។ អ៊ីចឹងទេ ម្ខាងធ្វើឱ្យខូចនូវច្បាប់ដើម របស់យើង ។ចំណែកម្ខាងទៀត អាចនឹងប្រទេសជិតខាងរបស់យើង ចោទ ប្រកាន់ថា យើងបានលួចចម្លងពីប្រទេសរបស់គេ។ នេះជារឿងដែលខ្ញុំ ព្រះករុណា ខ្ញុំត្រូវតែពន្យល់លោកស្រី ទ្រី ដាណា ក៏ដូចជាពន្យល់ទៅដល់ ព្រះ សង្ឃ និងប្រជាពលរដ្ឋទាំងអស់ថា ក្រសួងវប្បធម៌ គឺជាសេនាធិការ ដើម្បីការពារវប្បធម៌ដូនតារបស់យើង មិនមែនក្រសួងមានការតឹងតែងទេ ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បើក្រសួងបណ្តែតបណ្តោយ ឱ្យ មាន ការ តាំងខុសពីរូបភាពដើម នោះក្រសួងនឹងទទួលខុសត្រូវចំពោះមុខរាជ រដ្ឋាភិបាលផង និងទទួលខុសត្រូវចំពោះរដ្ឋសភាផង។ សូមកុំភ្លេចថា ច្បាប់ របស់យើងរដ្ឋមន្ត្រី ត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី និងចំពោះមុខ សភាជាតិ។
សម្តេចតេជោ ក៏បានណែនាំដល់លោកស្រី ទ្រី ដាណា ទទួលយកការណែនាំ និងកែតម្រូវទៅតាមការកំណត់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុង ករណីទទួលយកមិនបានទេ គឺមិនអនុញ្ញាតឱ្យមានការតាំងនោះដែរ។
សម្តេចតេជោបញ្ជាក់ថា ការតាំងជាការល្អ ដើម្បីផ្សព្វផ្សាយនូវប្បធម៌ ប៉ុន្តែបើការ តាំងណាមួយខុសនឹងទម្រង់សិល្បៈខ្មែរ គឺវាស្មើនឹងបំផ្លាញ នូវ វប្បធម៌របស់ខ្មែរទៅវិញ។ ដូច្នេះមិនតាំង ល្អជាងតាំង។ អ៊ីចឹងសូមឱ្យលោក ស្រី ទ្រី ដាណា សហការឱ្យបានម៉ត់ចត់ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
សម្តេច បានបន្តទៀតថា យើងមិនអាចខ្ជីខ្ជាបានទេ។ គ្រោះថ្នាក់ណាស់ នៅ ពេលជាតិសាសន៍របស់យើងមានអ្វីដែលជាចំណាំច្បាស់លាស់ ហើយបែរ ជាធ្វើ ឱ្យក្លាយទៅតាមរយៈការតាំងបង្ហាញ ដោយមិនបានយកគំរូឱ្យបាន ត្រឹមត្រូ វម៉ត់ ចត់ទេនោះ វាអាចធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ខ្លួនឯង ហើយវាក៏ អាច ប៉ះពាល់ដល់ប្រទេសដទៃ ដែលគេអាចចោទថាយើងលួចបន្លំរបស់គេ ។
គួរំលឹកថា ប្រតិកម្មរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយ លោកស្រី ទ្រី ដាណា នៅពេលថ្មីៗនេះ បានចោទក្រសួងវប្បធម៌ និង វិចិត្រសិល្បៈថា បង្កការលំបាកដល់ខ្លួន ក្នុងការរៀបចំបង្ហាញ ឈុត សម្លៀកបំពាក់បែបបុរាណ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលខ្លួនគ្រោង ចំណាយថវិកាប្រមាណ ១០ម៉ឺនដុល្លារ ខណៈមន្ត្រីក្រសួងវប្បធម៌ បំភ្លឺតបវិញថា ក្រសួង មិនមានចេតនាបង្កការលំបាក ឬបន្ទុចបង្អាក់លើ បំណងនោះឡើយ។ តែអ្វីដែលនាំឱ្យមានការយឺតយ៉ាវក្នុងការឆ្លើយតបនោះ គឺក្រសួង ត្រូវការពិនិត្យផ្ទៀងផ្ទាត់ ធ្វើយ៉ាងណាកុំឱ្យការបង្ហាញ ឈុតសម្លៀក បំពាក់នោះខុសនឹងទម្រង់ និងបែបបទរបស់ខ្មែរ។
ក្រសួង ថា ទម្រង់សម្លៀកបំពាក់ដែលលោកស្រី ទ្រី ដាណា ចង់បង្ហាញនោះ គឺមានការខុសឆ្គងមួយចំនួន ដែលតម្រូវឱ្យមានការកែសម្រួលសិន ៕
ដោយ៖ វណ្ណលុក