ចិន ព្រមានពីជម្លោះដែលអាចកើតមានជាមួយអាមេរិក
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសថ្មីរបស់ចិន លោក ឈីន កាង នៅក្នុងសន្និសីទ សារព័ត៌មាន កាលថ្ងៃអង្គារបានព្រមាន អំពីជម្លោះដែលអាចកើតមានឡើង ជាមួយសហរដ្ឋអាមេរិកនាពេលខាងមុខ។
ប្រាប់ទៅអ្នកយកព័ត៌មាន លោក ឈីន បានគូសបញ្ជាក់អំពីរបៀបវារៈ គោល នយោបាយការបរទេសរបស់ចិននាពេលខាងមុខ ដោយលើកឡើងថា ទំនាក់ទំនងរវាងចិន និងរុស្ស៊ីបង្ហាញពីសញ្ញានៃភាពរឹងមាំ និងស្ថិរភាព ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺជាប្រភពនៃភាពតានតឹង និងជម្លោះ។
លោក ឈីន បាននិយាយថា ភាគីអាមេរិកបានអះអាងថា ខ្លួនចង់យកឈ្នះ ចិន ប៉ុន្តែមិនចង់បានជម្លោះជាមួយនោះទេ ដែលផ្ទុយទៅវិញ «ការប្រកួត ប្រជែង របស់ភាគីអាមេរិក គឺជាការទប់ស្កាត់ និងការគាបសង្កត់(ចិន)ទាំង ស្រុង»។ លោកបន្តយ៉ាងដូច្នេះថា៖ «ប្រសិនបើអាមេរិកមិនចាប់ហ្វ្រាំង ហើយបន្តបង្កើនល្បឿនលើផ្លូវខុសនោះ នោះនឹងគ្មានរនាំងណាមួយ អាចទប់ស្កាត់ការធ្លាក់ផ្លូវបាននោះទេ ហើយច្បាស់ណាស់ វានឹងមានជម្លោះ និងការប្រឈមមុខដាក់គ្នា»។
មិនត្រឹមតែប៉ុណ្ណេះ លោក ឈីន បានការពារទំនាក់ទំនងមិត្តភាពជិត ស្និទ្ធ រវាងចិន និងរុស្ស៊ី ដែលកំពុងរងការឃ្លាំមើលយ៉ាងដិតដល់ពីលោកខាង លិចជាពិសេសអាមេរិក ដែលចោទប្រកាន់ចិនថាកំពុងពិចារណា លើការផ្ដល់ អាវុធឱ្យរុស្ស៊ី ដើម្បីយកទៅប្រើនៅអ៊ុយក្រែន។ លោកនិយាយថា ទំនាក់ទំនង រវាងទីក្រុងប៉េកាំង និងក្រុងមូស្គូ «ជាគម្រូសម្រាប់ទំនាក់ទំនងការ បរទេស ពិភពលោក»។
រដ្ឋមន្រ្តីដដែលថ្លែងយ៉ាងដូច្នេះថា៖ «ពេលចិន និងរុស្ស៊ីធ្វើការរួមគ្នា ពិភពលោក នឹងមានកម្លាំងជំរុញមួយ។ ពេលពិភពលោកកាន់តែមិនស្ថិតស្ថេរ វាកាន់តែចាំបាច់ក្នុងការឱ្យចិននិងរុស្ស៊ីជំរុញទំនាក់ទំនងរបស់ខ្លួនជាលំដាប់»។ លោកបន្តថា ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ប្រាកដជានឹងរីក ចម្រើនខ្លាំងទៅៗ។
ការអត្ថាធិប្បាយរបស់លោក ឈីន ស្របនឹងសុន្ទរកថារបស់មេដឹកនាំចិន ស៊ី ជិនពីង ទៅកាន់ប្រតិភូនយោបាយកាលពីថ្ងៃចន្ទ ដោយបដិសេធនូវអ្វីដែល លោកហៅថា «ការគាបសង្កត់» ចិន ដែលដឹកនាំដោយសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ទំនាក់ទំនងចិន-អាមេរិកនាពេលនេះកំពុងតែយ៉ាប់យឺនទៅៗ ជាពិសេសជុំវិញបញ្ហានៅកោះតៃវ៉ាន់ និងពាណិជ្ជកម្មជាដើម។ភាព ដុនដាប កាន់តែធ្លាក់ចុះមួយកម្រិតទៀត ពេលអាមេរិកបាញ់ទម្លាក់បាឡុងចារកម្ម របស់ ចិន ដែលអណ្ដែតលើទឹកដីរបស់ខ្លួនកាលពីដើមខែកុម្ភៈ ខណៈភាព តានតឹងចុងក្រោយដែលកំពុងតែក្ដៅគគុកនាពេលនេះ ពាក់ព័ន្ធនឹងការ ចោទប្រកាន់របស់អាមេរិក ដែលថាចិនកំពុងពិចារណាផ្គត់ផ្គង់អាវុធឱ្យរុស្ស៊ី ដើម្បីយកទៅប្រើប្រាស់ក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន។
លោក ឈីន បានស្ដីបន្ទោសលើសហរដ្ឋអាមេរិកចំពោះការធ្លាក់ ចុះនៃទំនាក់ ទំនង ហើយថា វិបត្តិនៅអ៊ុយក្រែនត្រូវបានប្រើជារបៀបវារៈភូមិសាស្ត្រ នយោបាយមួយចំនួន ដែលជំរុញឱ្យមានការអូសបន្លាយ និងកំណើន នៃ ភាពតានតឹងនៃនៃជម្លោះ។
រដ្ឋមន្រ្តីក្រសួងការបរទេសចិនថ្មីដដែលបានស្នើថា សហរដ្ឋអាមេរិក កំពុងធ្វើសកម្មភាពដោយពុតត្បុត នៅពេលនិយាយថាខ្លួនការពារ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ប៉ុន្តែប្រឆាំងនឹង ការទាមទាររបស់ចិនលើកោះតៃវ៉ាន់ទៅវិញ។
មិនត្រឹមតែប៉ុណ្ណោះ លោក ឈីង ថែមទាំងប្រដូចការគាំទ្រផ្នែកយោធា ចំពោះរុស្ស៊ីដែលអាចកើតមាន ទៅនឹងការលក់អាវុធទៅឱ្យតៃវ៉ាន់ របស់អាមេរិកទៀតផង។ លោកនិយាយជាសំណួរថា៖ «ហេតុអ្វីបានជា អាមេរិកស្នើឱ្យចិនកុំឱ្យផ្តល់អាវុធទៅរុស្ស៊ី ខណៈដែលខ្លួនឯងនៅតែលក់ អាវុធឱ្យតៃវ៉ាន់?» ហើយថា បញ្ហានៅតៃវ៉ាន់គឺជាបន្ទាត់ក្រហមដែល បរទេសមិនត្រូវរំលោភ និងជាបញ្ហារបស់ប្រជាជនចិន ហើយ «គ្មានប្រទេសណាមួយមានសិទ្ធិជ្រៀតជ្រែកនោះទេ»។
គួររំឭកថា អាមេរិកគ្មានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់នោះទេ តែនៅ តែរក្សាទំនាក់ទំនងក្រៅផ្លូវការរបស់កោះប្រកាន់លទ្ធិប្រជាធិបតេយ្យមួយនេះ ហើយថា ខ្លួនផ្គត់ផ្គត់អាវុធឱ្យក្រុងតៃប៉ិដោយស្របតាមច្បាប់ ដើម្បីយក ទៅការពារខ្លួន។ ចិនកន្លងមកទទូចថា តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយព្រមានថានឹងវាយយកដោយកម្លាំងប្រសិនបើចាំបាច់។ ចិនបានបង្កើនសកម្មភាពយោធាជុំវិញកោះនេះ ដែលធ្វើឱ្យវិបត្តិក្នុងតំបន់ កាន់តែ ពុះកញ្រ្ជោលទៅៗក្រោយដំណើរទស្សនកិច្ចរបស់អតីតប្រធាន សភាអាមេរិកលោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅក្រុងតៃប៉ិកាលពីខែ សីហា ឆ្នាំមុន៕
ដោយ៖ ហួន ឌីណា
ប្រភព៖ China foreign minister warns of potential for conflict with US and hails Russia ties https://www.theguardian.com/world/2023/mar/07/china-foreign-minister-warns-of-potential-for-conflict-with-us-and-hails-russia-ties
China’s foreign minister equates possible supply of weapons to Russia with US military support for Taiwan https://edition.cnn.com/europe/live-news/russia-ukraine-war-news-03-06-23/index.html