ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ នៅក្នុងវិស័យការងារ សម្តេចតេជោបានយកចិត្តទុកដាក់លើកត្តាអាទិភាពចម្បងចំនួន៣

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្នុងវិស័យការងារ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់លើកត្តាអាទិភាពចម្បងចំនួន ៣ រួមមាន៖

ទី១)ការបង្កើតការងារតាមរយៈការកៀរគរវិនិយោគិនមកពីទូទាំងសាកលលោក ដោយបានខិតខំថែរក្សានូវបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខ រួមជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗ ក៏ដូចជាការបង្កើតគោលនយោបាយលើកទឹកចិត្តនានា ដើម្បីធានាបានថា កម្ពុជាគឺជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគរយៈពេលវែង ដែលធានាដល់លំនឹងនៃឱកាសការងារជូនប្រជាពលរដ្ឋ។

ទី២) ការថែរក្សាឱកាសការងារតាមរយៈការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបរិស្ថានការងារប្រកបដោយភាពសុខដុមរមនារវាងនិយោជិត និងនិយោជក ដែលជាតួអង្គសំខាន់ក្នុងការធានាបាននូវមូលដ្ឋានរីកលូតលាស់ចម្រុងចម្រើនរបស់រោងចក្រ-សហគ្រាស។ ទី៣)ការបង្កើនបន្ថែមទៀតនូវឱកាសការងារទាំងលើបរិមាណ គុណភាព និងអត្ថប្រយោជន៍នានា សំដៅបង្កើនកម្រិតជីវភាព សុខុមាលភាព និងសមត្ថភាពជំនាញរបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងបរិបទនៃការប្រកួតប្រជែងក្នុងចរន្តសាកលភាវូបនីយកម្ម។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធរោងចក្រ Aroma Success Garment Co., LTD. នៅខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ដោយសារការរួមចំណែកយ៉ាងសំខាន់នៃវិស័យកាត់ដេរ រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់សម្រាប់ការគាំទ្រដល់ការលូតលាស់នៃវិស័យនេះ ជាពិសេសសុខុមាលភាពរបស់កម្មករ-និយោជិត។ ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, កម្មករ-និយោជិត នៅក្នុងវិស័យកាត់ដេរត្រូវបានចាត់ទុកជាក្រុមអាទិភាព ដែលអាចទទួលបានការចាក់វ៉ាក់សាំងមុនគេ ហើយចំពោះកម្មករ-និយោជិតដែលត្រូវបានព្យួរការងារ គឺម្នាក់ៗក៏ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារអាម៉េរិកក្នុងមួយខែពីរាជរដ្ឋាភិបាល និងការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាព និងឱកាសការងារបន្ថែមទៀត។

ក្រៅពីនេះ, រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគាំទ្រជាច្រើន ដើម្បីជួយដល់រោងចក្រ-សហគ្រាសនៅក្នុងវិស័យនេះ ដូចជា៖ ការលើកលែងពន្ធ, ការសម្រួលនីតិវិធី និងការបង្កនូវភាពងាយស្រួលសម្រួលដល់ការនាំចូលវត្ថុធាតុដើម រួមទាំងការលើកលែងកាតព្វកិច្ចបង់ភាគទាន ជាដើម។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៣នេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់បងប្អូនកម្មករ-និយោជិតក្នុងវិស័យកាត់ដេរ បានកើនឡើងដល់ ២០០ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករ-និយោជិតពេញសិទ្ធ និងនៅមានប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដូចជា៖ ប្រាក់រង្វាន់ធ្វើការទៀងទាត់ ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ប្រាក់អតីតភាពការងារ និងសេវាធានារ៉ាប់រងរបស់បេឡាជាតិសន្តិសុខសង្គម ដែលផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner