ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធរោងចក្រ Aroma Success Garment Co., LTD.

កំពង់ស្ពឺ៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រ Aroma Success Garment Co.Ltd ( ដេរខោអាវ ) ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងទ័ពជើងគោក ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកសំរោងទង នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ។ រោងចក្រនេះអាចផ្ដល់ការងារដល់កម្មករកម្មការិនី ជំហានដំបូងចំនួន ១២០០នាក់ផងដែរ ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរោងចក្រថ្មីរបស់ក្រុមហ៊ុន Sabrina Group ដែលមានវត្តមាននៅកម្ពុជាប្រមាណ២៥ឆ្នាំកន្លងមកហើយ ។ ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា គឺចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ១៩៩៨ នៅពេលដែលកម្ពុជាទើបទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។

ការសម្រេចចិត្តនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីស្មារតីជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា និងស្មារតីរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា។ ពិតណាស់ ការពង្រីកការបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់ មិនត្រឹមតែបង្ហាញអំពីភាពជោគជ័យរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបញ្ជាក់ឱ្យឃើញអំពីការចូលរួមរបស់ក្រុមហ៊ុននៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ជាក់ស្តែង គិតមកដល់ថ្ងៃនេះ ក្រុមហ៊ុន Sabrina Group បានបង្កើតការងារសរុបចំនួន ១៤.០០០ កន្លែង ដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសដល់បងប្អូនដែលរស់នៅក្នុងមូលដ្ឋានស្រុកសំរោងទងផ្ទាល់។

ឯកឧត្តម បណ្ឌិត មានប្រសាសន៍បន្តថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ យុទ្ធសាស្ត្រ និងភាពប៉ិនប្រសប់ របស់ សម្តេចតេជោ កម្ពុជាទទួលបាននូវសន្តិភាព និងសន្តិសុខពេញលេញ។ សមិទ្ធផលដ៏មហាសាល និងមិនអាចកាត់ថ្លៃបាននេះ ពិតជាបាន និងកំពុងផ្តល់នូវផលជាក់ស្តែងដល់ប្រទេសជាតិទាំងមូល ក្រោមរូបភាពនៃការកើនឡើងនូវទុនវិនិយោគពីបរទេស និងជាពិសេសការកើនឡើងនូវឱកាសការងារល្អៗ សម្រាប់លើកកម្ពស់កម្រិតជីវភាពរបស់កម្មករ-និយោជិត។ ដោយសារការរួមចំណែកយ៉ាងសំខាន់នៃវិស័យកាត់ដេរ រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់សម្រាប់ការគាំទ្រដល់ការលូតលាស់នៃវិស័យនេះ ជាពិសេសសុខុមាលភាពរបស់កម្មករ-និយោជិត។

ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, កម្មករ-និយោជិត នៅក្នុងវិស័យកាត់ដេរត្រូវបានចាត់ទុកជាក្រុមអាទិភាព ដែលអាចទទួលបានការចាក់វ៉ាក់សាំងមុនគេ ហើយចំពោះកម្មករ-និយោជិតដែលត្រូវបានព្យួរការងារ គឺម្នាក់ៗក៏ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារអាម៉េរិកក្នុងមួយខែពីរាជរដ្ឋាភិបាល និងការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាព និងឱកាសការងារបន្ថែមទៀត។

ក្រៅពីនេះ, រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគាំទ្រជាច្រើន ដើម្បីជួយដល់រោងចក្រ-សហគ្រាសនៅក្នុងវិស័យនេះ ដូចជា៖ ការលើកលែងពន្ធ, ការសម្រួលនីតិវិធី និងការបង្កនូវភាពងាយស្រួលសម្រួលដល់ការនាំចូលវត្ថុធាតុដើម រួមទាំងការលើកលែងកាតព្វកិច្ចបង់ភាគទាន ជាដើម ៕ ម៉ុន សំអាត

ads banner