អ.ស.ប ៖ អាហ្វហ្គានីស្ថានជាប្រទេសដែលគាបសង្កត់ស្ត្រីខ្លាំងជាងគេ បំផុតលើពិភពលោក

អ.ស.ប៖ អង្គការសហប្រជាជាតិ(អ.ស.ប)បាននិយាយកាលពីថ្ងៃពុធថា ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចនៅអាហ្វហ្គានីស្ថានមក ប្រទេស នេះបានក្លាយជាប្រទេសដែលមានការគាបសង្កត់លើស្រ្តី និងកុមារីខ្លាំង ជាងគេបំផុតនៅលើពិភពលោក តាមរយៈការដកសិទ្ធិជាមូលដ្ឋានផ្សេងៗ របស់ពួកគេ។

ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយចំថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ បេសកកម្ម របស់អ.ស.ប បានថ្លែងថា មេដឹកនាំថ្មីរបស់អាហ្វហ្គានីស្ថាន បានបង្ហាញពី «ការផ្តោតស្ទើរតែគ្រប់យ៉ាងលើការដាក់ច្បាប់ដែលធ្វើឱ្យស្ត្រី និងក្មេងស្រីភាគច្រើនជាប់គាំងនៅក្នុងផ្ទះរបស់ខ្លួន ឱ្យមានប្រសិទ្ធភាព»។

គេមើលឃើញថា ថ្វីបើមានការសន្យាដំបូងអំពីការប្រកាន់វិន័យល្មមៗក្ដី ក៏ក្រុមតាលីបង់បានដាក់វិធានការដ៏តឹងរ៉ឹង ចាប់តាំងពីចូលកាន់ អំណាច នៅខែសីហា ឆ្នាំ ២០២១ ពេលទ័ពបរទេសដកចេញពីប្រទេសនេះ។

ក្រុមតាលីបង់បានរឹតត្បឹតសូម្បីតែលើការអប់រំរបស់ក្មេងស្រីលើសពីថ្នាក់ទី៦ និងស្ត្រីពីកន្លែងសាធារណៈ ដូចជាសួនកម្សាន្ត និងកន្លែងហាត់ប្រាណ ជាដើម។ ស្ត្រីក៏ត្រូវបានហាមមិនឱ្យធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ហើយត្រូវបានបញ្ជាឱ្យស្លៀងពាក់បិទជិតចាប់តាំងតែពីក្បាល ដល់ចុងជើងផងដែរ។

តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជា ប្រធានបេសកកម្មរបស់អង្គការប្រចាំប្រទេសអាហ្វហ្គានីស្ថាន លោកស្រី Roza Otunbayeva បាននិយាយថា៖ «អាហ្វហ្គានីស្ថានស្ថិតនៅ ក្រោមក្រុមតាលីបង់ នៅតែជាប្រទេសដែលគាបសង្កត់ទាក់ទង នឹង សិទ្ធិស្រ្តីខ្លាំងបំផុតក្នុងពិភពលោក»។ លោកស្រីបន្ថែមថា៖ «វាជារឿងគួរឱ្យ ព្រួយបារម្ភ ពេលឃើញមានកិច្ចខិតខំប្រឹងប្រែងជាវិធីសាស្ត្រ ចេតនា និងជា ប្រព័ន្ធដើម្បីរុញស្ត្រី និងកុមារីអាហ្វហ្គានីស្ថាន ចេញពីវិស័យសាធារណៈ»។

គួរបញ្ជាក់ថា កន្លងមក ការរឹតបន្តឹងជាពិសេសការហាមប្រាមលើការអប់រំ និងការងារក្នុងស្ថាប័នអង្គការក្រៅរដ្ឋាភិបាល រងការថ្កោលទោសយ៉ាងខ្លាំង ក្លាពីអន្តរជាតិ។ ប៉ុន្តែក្រុមតាលីបង់ មិនបានបង្ហាញពីសញ្ញានៃការបន្ធូបន្ថយ នោះឡើយ។ ចំពោះការហាមប្រាមលើការអប់រំនៅសាកលវិទ្យាល័យ រដ្ឋា ភិបាលតាលីបង់បានលើកឡើងថា មុខវិជ្ជាមួយចំនួនដែលត្រូវបាន បង្រៀនមិនស្របនឹងតម្លៃអាហ្វហ្គានីស្ថាន និងអ៊ិស្លាម។

លោកស្រី Otunbayeva បាននិយាយផងដែរថា ការរឹតត្បឹតគាបសង្កត់ របស់ពួកតាលីបង់ «នឹងថ្កោលទោសមិនត្រឹមតែស្ត្រី និងក្មេងស្រីប៉ុណ្ណោះទេ ប៉ុន្តែក៏លើប្រជាជនអាហ្វហ្គានីស្ថានទាំងអស់ ឱ្យរស់នៅក្រោមភាពក្រីក្រ និងការពឹងអាស្រ័យជំនួយសម្រាប់មនុស្សជំនាន់ក្រោយ»។

លោកស្រីបន្តថា៖ «វានឹងធ្វើឱ្យអាហ្វហ្គានីស្ថានឯកោបន្ថែមទៀតពី ពលរដ្ឋរបស់ខ្លួន និងពីពិភពលោកទាំងមូល»៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ UN: Afghanistan is world’s most repressive country for women https://apnews.com/article/taliban-afghanistan-women-rights-united-nations-591c39436d53f83e5a0c423c5e06891c

ads banner