គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបានប្រើប្រាស់ ChatGPT សម្រាប់ជំនួយការងារប្រចាំថ្ងៃ និងគ្រោងដាក់ឱ្យប្រើប្រាស់ជាភាសាខ្មែរនាពេលអនាគត

ភ្នំពេញ៖ ប្រមាណជាង ៦ខែកន្លងមកនេះ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបានប្រើប្រាស់ ChatGPT ដើម្បីសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃរបស់ខ្លួន និងការងារផ្នែកខ្លះរបស់ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមការវិវត្តនៃបច្ចេកវិទ្យា ។

បើតាមក្រសួងប្រៃសណីយ៍បានឱ្យដឹងថា គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបាន និងកំពុងសិក្សាស្វែងយល់អំពីប្រព័ន្ធនេះបន្ថែម និងបានពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាឱ្យ ChatGPT អាចប្រើប្រាស់បានជាភាសាខ្មែរ បន្ទាប់មកនឹងដាក់ឱ្យស្ថាប័នរដ្ឋនិងឯកជន រួមទាំងសាធារណជនទាំងអស់អាចប្រើប្រាស់បានទូលំទូលាយ ។

គួរបញ្ជាក់ថា ChatGPT គឺជាប្រព័ន្ធបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) បានអភិវឌ្ឍកាលពីឆ្នាំ២០១៨ ដោយក្រុមហ៊ុន Open AI នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមរិក និងប្រកាសដាក់ឱ្យដំណើការជាផ្លូវការក្នុងឆ្នាំ២០២២។ ពាក្យ GPT នេះមានពាក្យពេញថា Generative Pre-Trained Transformer (GPT) គឺជាគំរូភាសា ដែលជាក្បួនដោះស្រាយប្រើប្រាស់ AI ហើយត្រូវរចនាឡើងដើម្បីស្វែងយល់ និងបង្កើតភាសាឱ្យដូចមនុស្ស ។

ChatGPT ពិតជាមានសមត្ថភាពខ្ពស់ក្នុងការសម្រួលដល់ការងារប្រចាំថ្ងៃដូចជាការងាររដ្ឋបាល ការងារគ្រប់គ្រងធនធានមនុស្ស ការឆ្លើយតបនឹងសំណួរ សរសេរអត្ថបទ បកប្រែ វិភាគ សរសេរកូដ និងការងារផ្សេងជាច្រើនទៀត ដែលប្រៀបបានទៅនឹងជំនួយការម្នាក់របស់យើង។

ChatGPT បានប្រើប្រាស់ Large Language Model (មានជាង ១៧៥ ប៊ីលាន មាត្រដ្ឋាន) ដែលត្រូវបានអភិវឌ្ឍឡើងឱ្យមានសមត្ថភាពយល់ដឹងពីភាសារបស់មនុស្សយើង ហើយឆ្លើយតបវិញបានឆាប់រហ័សដូចជាមនុស្សដែរ ។ មិនតែប៉ុណ្ណោះ ChatGPT ក៏អាចរៀនពីសារចាស់ៗដែលយើងបាន Chat ជាមួយ ដើម្បីឆ្លើយឆ្លងត្រូវបរិបទជាមួយមនុស្សម្នាក់ៗដោយឡែកពីគ្នា ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner