សាខាធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បើកដំណើរការ នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ ក្នុងពិធីសម្ភោធបើកឲ្យដំណើរការជាផ្លូវការធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សាខាខេត្តបាត់ដំបង កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ៖ ការពង្រីកសកម្មភាពប្រតិបត្តិការធនាគាររបស់ ARDB គឺដើម្បីឆ្លើយតប និងសំដៅដល់ការលើកស្ទួយក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទយ៉ាងសំខាន់ ។

ឯកឧត្តម បន្ថែមថា ៖ ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើង តាំងពីឆ្នាំ១៩៩៨ ជាធនាគារឯកទេស ។ នៅឆ្នាំ២០១៩ ធនាគារ ARDB បានប្រែក្លាយពីធនាគារឯកទេស ទៅជាធនាគារពាណិជ្ជ ដើម្បីធ្វើប្រតិបត្តិការសេវាធនាគារពេញលេញជូនអតិថិជន ។

ឯកឧត្តមបណ្ឌិតបន្តថា ៖ រយៈពេល ២៥ឆ្នាំ ធនាគារនេះបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការជំរុញឱ្យមានស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងទីផ្សារ និងការលើកទឹកចិត្ត ឱ្យកសិករផលិតកសិផល ដើម្បីឆ្លើយតបតម្រូវការក្នុងស្រុកកាត់បន្ថយការនាំចូលនិងលើកកម្ពស់ការនាំចេញ។

ជាក់សែ្តងធនាគារបានអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេស របស់ រាជរដ្ឋាភិបាល ក្នុងការផ្តល់ជាទុនបង្វិល និងទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឃ្លំាងស្តុក ឡសម្ងួតស្រូវ និងការកែច្នៃ នៅតំបន់ ខេត្តបាត់ដំបង, កំពង់ធំ ,ព្រៃវែង ,និងតាកែវ ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរួមចំណែកគាំទ្រដល់ការនាំចេញអង្ករបាន ១លានតោនក្នុងមួយឆ្នាំ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងរក្សាស្ថិរភាពថ្លៃស្រូវ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន)

ads banner