អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីទៅឆ្លើយបំភ្លឺ នៅស្ថាប័នប្រឆាំងអំពើពុករលួយ
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហ៊ីឌីន (Muhyiddin) ត្រូវបានសាកសួរ ដោយស្ថាប័នប្រឆាំងអំពើពុករលួយ។
អាជ្ញាធរប្រឆាំងអំពើពុករលួយម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បានសាកសួរអតីតនាយករដ្ឋមន្ត្រី លោក មូហ៊ីឌីន យ៉ាស៊ីន (Muhyiddin Yassin) បន្ទាប់ពីការចោទប្រកាន់ថា គណបក្សរបស់លោកបានប្រើប្រាស់មូលនិធិសាធារណៈខុស ដែលប្រើលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។
លោក មូហ៊ីឌីន យ៉ាស៊ីន ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី រយៈពេល ១៧ខែ នៅចន្លោះឆ្នាំ២០២០ និង២០២១ ដែលស្ថិតក្នុងកម្រិតខ្ពស់នៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់ម៉ាឡេស៊ី ហើយឥឡូវនេះ លោកដឹកនាំក្រុមចម្រុះប្រឆាំង។
គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) មិនបានធ្វើអត្ថាធិប្បាយអំពីមូលហេតុដែលពួកគេ សាកសួរលោក មូហ៊ីឌីន យ៉ាស៊ីន នោះទេ ប៉ុន្តែ ការសួរនាំនេះបានកើតឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីគណៈកម្មការនេះបានចាប់ផ្តើមការស៊ើបអង្កេតលើការប្រើប្រាស់មូលនិធិរាតត្បាតមិនត្រឹមត្រូវ ធ្វើឡើងដោយបក្ស បឺសាទូ (Bersatu) ដែលជាគណបក្សនយោបាយរបស់លោក។
បុរសវ័យ៧៥ ឆ្នាំរូបនេះ បាននិយាយតាមរយៈការបង្ហោះលើហ្វេសប៊ុក កាលពីថ្ងៃពុធថា លោកត្រូវបានគេស្នើសុំឱ្យបង្ហាញខ្លួននៅចំពោះមុខ គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនោះទេ។
កាលពីថ្ងៃព្រហស្បតិ៍ លោក មូហ៊ីឌីន បានទៅការិយាល័យរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ ក្នុងក្រុង ពូត្រាយ៉ាចា (Putrajaya) ប៉ុន្តែមិនបាននិយាយជាមួយអ្នកកាសែតដែលបានប្រមូលផ្តុំនៅខាងក្រៅឡើយ។
ស្ថាប័ន MACC បានបង្កកគណនីធនាគាររបស់គណបក្ស បឺសាទូ (Bersatu) កាលពីខែមុន ហើយមេដឹកនាំគណបក្ស ចំនួនពីររូបត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ ទាក់ទងនឹងកម្មវិធីស្តារសេដ្ឋកិច្ច ដែលបានចាប់ផ្តើមដោយរដ្ឋាភិបាលរបស់ លោក អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មូហ៊ីឌីន៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត