អ.ស.ប ៖ កង្វះអាហារូបត្ថម្ភរបស់ម្តាយកើនឡើងខ្លាំងក្នុងប្រទេស ដែលកំពុងជួបវិបត្តិធ្ងន់ធ្ងរ

អ.ស.ប៖​ យោងតាមរបាយការណ៍របស់អង្គការយូនីសេហ្វ (UNICEF) បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២០ ចំនួនស្ត្រីមានផ្ទៃពោះ និងស្ត្រីកំពុងស្ថិត ក្នុងអំឡុងពេលត្រូវបំបៅដោះកូន ដែលទទួលរងកង្វះអាហារូបត្ថម្ភ បានកើន ឡើងចំនួន ២៥ ភាគរយនៅក្នុងប្រទេសទាំង ១២ ស្ថិតក្នុងទ្វីបអាហ្រ្វិក និងទ្វីបអាស៊ី។
នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ អង្គការយូនីសេហ្វ បានលើកឡើងថា ចំនួនម្តាយដែលខ្វះអាហារូបត្ថម្ភបានកើនឡើងពីចំនួន ៥,៥ លានទៅ ៦,៩ លាននាក់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ជាពិសេស នៅក្នុងប្រទេសដែលរងគ្រោះខ្លាំងបំផុតដោយវិបត្តិអាហារូបត្ថម្ភជាសាកល ដែលបណ្ដាលមកពីស្ថានភាពធ្ងន់ធ្ងរឡើងនៃសង្រ្គាមនៅអ៊ុយក្រែន គ្រោះរាំង ស្ងួត ជម្លោះផ្សេងៗ និងអស្ថិរភាពជាដើម។

នៅក្នុងប្រទេសទាំង ១២ នោះរួមមានប្រទេសអាហ្វហ្កានីស្ថាន បួគីណាហ្វាសូ (Burkina Faso) ឆាដ (Chad) អេត្យូពី (Ethiopia) កេនយ៉ា (Kenya) ម៉ាលី (Mali) នីហ្សេ (Niger) នីហ្សេរីយ៉ា (Nigeria) សូម៉ាលី (Somalia) ស៊ូដង់ខាងត្បូង (South Sudan) ស៊ូដង់ (Sudan) និងយេម៉ែន (Yemen)។ របាយការណ៍បានបញ្ជាក់ថា ក្មេងស្រី និងស្ត្រីវ័យ ជំទង់ជាងមួយ ប៊ីលាននាក់កំពុងទទួលរងនូវកង្វះអាហារូបត្ថម្ភជាមួយនឹងផលវិបាកដ៏អាក្រក់ផ្សេងៗទៀតនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ពិសេសគឺបញ្ហាសុខុមាលភាពតែម្ដង។
លោកស្រី Catherine Russell នាយកប្រតិបត្តិអង្គការយូនីសេហ្វបានព្រមានថា ៖ «វិបត្តិនៃភាពអត់ឃ្លានជាសាកលកំពុងរុញច្រានម្តាយ និងកូនៗរាប់លាននាក់របស់ពួកគេ ឱ្យធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ»។
អាហារូបត្ថម្ភមិនល្អចំពោះស្ត្រីមានផ្ទៃពោះ និងស្រី្តបំបៅដោះកូន ក៏អាចនាំឱ្យមានបញ្ហាសុខភាពជាច្រើនដល់កូនរបស់ពួកគេផងដែរ ដូចជាការសម្រាលកូនមិនទាន់គ្រប់ខែ ទារកកើតមកមានទម្ងន់ស្រាលខ្លាំង ជំងឺក្រិន និងអាចឈានដល់ការបាត់បង់ជីវិតរបស់ទារកទើបនឹងកើតទៀតផង ពោលគឺកុមារដែលកើតពីម្តាយដែលខ្វះអាហារូបត្ថម្ភ អាចនឹងមានបញ្ហាសុខភាពរ៉ាំរ៉ៃ និងមានហានិភ័យខ្ពស់នៃការស្លាប់ នេះបើយោងតាមរបាយការណ៍ខាងលើ។
យោងតាមរបាយការណ៍ដដែលបានឱ្យដឹងថា ចំនួន ៥០ភាគរយ នៃកុមារដែលក្រិនអាយុក្រោម ២ ឆ្នាំ មានការវិវឌ្ឍអំឡុងពេលនៅក្នុងផ្ទៃពោះ និង ៦ ខែដំបូងក្រោយសម្រាលរបស់ម្ដាយដែលខ្វះអាហារូបត្ថម្ភ។ និយាយរួមគឺរយៈពេលរហូតដល់ទៅ ៥០០ ថ្ងៃឯណោះ ដែលកុមារត្រូវពឹងផ្អែកទាំងស្រុងលើអាហាររូបត្ថម្ភរបស់ម្តាយផ្ដល់ឱ្យ។
សូមបញ្ជាក់ថា កុមារប្រមាណជា ៥១ លាននាក់ដែលមានអាយុក្រោម ២ ឆ្នាំ បានវិវត្តទៅជាក្រិននៅទូទាំងពិភពលោកដោយសារតែកង្វះអាហារូបត្ថម្ភ។ លោកស្រី Russell បានពន្យល់ថា «ដើម្បីទប់ស្កាត់បញ្ហាកង្វះអាហារូបត្ថម្ភចំពោះកុមារ យើងត្រូវដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់ក្មេងស្រី និងស្ត្រីវ័យជំទង់ជាមុនសិន»។
ជាការកត់សម្គាល់ ប្រទេសខាងលើដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះ សុទ្ធសឹងតែជាប្រទេសកំពុងប្រឈមនឹងវិបត្តិជាច្រើន រួមមានជម្លោះផ្ទៃក្នុង ការផ្លាស់ទីលំនៅរបស់ប្រជាជន និងឥទ្ធិពលបំរែបំរួលអាកាសធាតុដ៏អាក្រក់ ដែលបានរំខានដល់ជីវភាពរស់នៅ និងការទទួលបានសេវាសំខាន់ៗ ដូចជាទឹកស្អាតប្រើប្រាស់ និងសេវាសុខាភិបាលជាដើម។
លោកស្រី Russell បានបញ្ជាក់បន្ថែមថា ៖ «យើងបានដឹងហើយអំពីអ្វីដែលយើងត្រូវការដើម្បីផ្ដល់ជំនួយអាហារូបត្ថម្ភ និងសេវាផ្សេងៗក្នុងការសង្គ្រោះជីវិតស្ត្រី និងកុមារដែលកំពុងត្រូវការខ្លាំង។ ប៉ុន្តែអ្វីដែលយើងត្រូវការមួយទៀតនោះ គឺការប្រមូលឆន្ទៈនយោបាយ និងធនធានដើម្បីធ្វើឱ្យចេញជាសកម្មភាព។ យើងមិនមានពេលវេលាច្រើនដើម្បីខ្ជះខ្ជាយបន្តទៀតនោះទេ»៕
ប្រែសម្រួល៖CPA
ប្រភព៖ UN says malnutrition in mothers soars in crisis-hit countries

ads banner