ទិវាសិទ្ធិនារីអន្តរជាតិឆ្នាំនេះ បានបង្ហាញពីគម្លាតនៃសមភាព យេនឌ័រ កាន់តែខ្លាំង

អន្តរជាតិ៖ យោងតាមសារព័ត៌មាន The Associated Press មនុស្សរាប់ លាននាក់នៅជុំវិញពិភពលោកគ្រោងនឹងចូលរួមធ្វើបាតុកម្ម អ្នកខ្លះចូល រួមសន្និសីទ និងអ្នកខ្លះទៀតកំពុងរីករាយជាមួយព្រឹត្តិការណ៍សម្ដែងសិល្បៈ ដើម្បីប្រារព្ធទិវាអន្តរជាតិនារីក្នុងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ដែលជាទិវាប្រចាំ ឆ្នាំ បង្កើតឡើងដើម្បីទទួលស្គាល់តម្លៃរបស់ស្ត្រី និងទាមទារឱ្យមានភាពស្មើ គ្នា នៅទូទាំងពិភពលោក។

ខណៈដែលសកម្មជននៅក្នុងប្រទេសមួយចំនួនបានកត់សម្គាល់ពីភាពជឿនលឿនក្នុងប្រទេសរបស់ខ្លួន ខ្លះទៀតត្រូវរងការគាបសង្កត់ ដូចជានៅក្នុង ប្រទេសអាហ្វហ្កានីស្ថាន និងអ៊ីរ៉ង់ ជាពិសេសស្ត្រី និងកុមារីមួយចំនួនធំដែល ជួបប្រទះការរំលោភបំពានផ្លូវភេទ និងអំពើហិង្សាក្នុងគ្រួសារនៅទូទាំងពិភព លោក។ ទាំងនេះបានគូសបញ្ជាក់ពីការតស៊ូរបស់សកម្មជនសិទ្ធិមនុស្ស ដែលកំពុងបន្តធ្វើសកម្មភាពផ្សេងៗដើម្បីធានាសិទ្ធិស្ត្រី។

ក្នុងសប្តាហ៍នេះផងដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) បានធ្វើការកត់សម្គាល់ថា ៖ «សិទ្ធិស្ត្រីត្រូវបានរំលោភបំពាន គំរាមកំហែង និងកេងប្រវ័ញ្ចនៅជុំវិញ ពិភព លោក ហើយសមភាពយេនឌ័រនឹងមិនអាចទទួលបានសម្រេចជោគជ័យ ឡើយក្នុងរយៈពេល ៣០០ ឆ្នាំទៅខាងមុខ ប្រសិនបើយើងសង្កេតមើលទៅ លើដំណើរផ្លាស់ប្តូរនាពេលបច្ចុប្បន្ន»។ លោកបន្ថែមថា ៖ «វឌ្ឍនភាព វិជ្ជមាន អស់ជាច្រើនទស្សវត្សរ៍មកនេះកំពុងរលាយបាត់ទៅ ដោយសារតែ ប្រព័ន្ធបុរសនិយមកំពុងលេចរូបរាងឡើងវិញ»។
សូមបញ្ជាក់ដែរថា អង្គការសហប្រជាជាតិបានទទួលស្គាល់ទិវានារី អន្តរជាតិនៅឆ្នាំ១៩៧៧ ប៉ុន្តែទិវានេះមានឫសគល់មកពីចលនា តស៊ូ តាំងពីដើមសតវត្សទី២០ មកម៉្លេះ។ ទិវានេះត្រូវបានប្រារព្ធឡើងតាមបែបផ្សេងៗគ្នា និងមានកម្រិតខុសៗគ្នា ទៅតាមប្រទេសផ្សេងៗ។
ជាក់ស្ដែង ក្រុមស្ត្រីជាច្រើនបានប្រមូលផ្តុំគ្នាក្នុងទីក្រុងធំៗនៅប្រទេស ប៉ាគីស្ថាន ដើម្បីដើរដង្ហែក្បួនក្នុងពេលដែលមានសន្តិសុខជាច្រើនកំពុង ដើរល្បាតរឹងបន្ថឹងសណ្ដាប់ធ្នាប់។ អ្នករៀបចំក្បួនដង្ហែនេះបានលើកឡើងថា បាតុកម្មនេះមានគោលបំណងស្វែងរកការទាមទារសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញ។ ដោយឡែក កាលពីឆ្នាំមុន ក្រុមអភិរក្សមួយចំនួនបានធ្វើការគំរាម បញ្ឈប់ការហែក្បួនស្រដៀងគ្នានេះដោយបានប្រើប្រាស់កម្លាំងយោធាទៀតផង។
បើក្រឡេកទៅមើលសកម្មជនសិទ្ធិស្ត្រីក្នុងប្រទេសជប៉ុនវិញ ពួកគេបាន ធ្វើការជួបប្រជុំក្រុមតូចមួយដើម្បីបន្តការទាមទាររបស់ពួកគេពីរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យគូស្វាមីភរិយាបន្តប្រើនាមត្រកូលផ្សេងគ្នា។

គួរបញ្ជាក់ថា នៅក្រោមក្រមរដ្ឋប្បវេណីជប៉ុនឆ្នាំ១៨៩៨ ប្តីប្រពន្ធត្រូវ ជ្រើសរើសយកនាមត្រកូលរបស់ប្តី ឬប្រពន្ធនៅពេលរៀបការ ជាមួយ គ្នាហើយ។
សកម្មជនទាំងនោះបានលើកឡើងថា ច្បាប់នេះជាកត្តារួមចំណែក ដល់ វិសមភាពយេនឌ័រ ដោយសារស្ត្រីរងសម្ពាធខ្លាំងដែលត្រូវតែជ្រើស រើសយកឈ្មោះប្ដីរបស់ពួកគេ។ ការស្ទង់មតិមួយបានបង្ហាញពីការគាំទ្រភាគច្រើនឱ្យមានការរក្សាឈ្មោះរបស់ពួកគេរៀងៗខ្លួន ទាំងបុរស និងស្រ្តី។

នៅឯប្រទេសហ្វីលីពីនវិញ បាតុកររាប់រយនាក់មកពីក្រុមស្ត្រីផ្សេងៗគ្នា បានប្រមូលផ្តុំគ្នានៅទីក្រុងម៉ានីល ដើម្បីទាមទារឱ្យមានការទទួលបាន ប្រាក់ឈ្នួលខ្ពស់ និងការងារសមរម្យជាងមុន។ មេដឹកនាំបាតុកម្មលោកស្រី Joms Salvador បានថ្លែងថា ៖ «យើងកំពុងមើលឃើញគម្លាតគ្នាខ្លាំង រវាងប្រាក់ឈ្នួលដែលទទួលបានដោយបុរស និងស្ត្រី ហើយយើងកំពុង មើលឃើញការកើនឡើងដែលមិនធ្លាប់មានពីមុន នោះគឺចំនួនកម្មករ ស្ត្រីដែលកំពុងធ្វើការក្រៅប្រព័ន្ធ ពុំទទួលបានប្រព័ន្ធការពារ ហានិភ័យ ការងារឡើយ»។
ជាការកត់សម្គាល់ អង្គការសហប្រជាជាតិបានកំណត់ប្រទេស អាហ្វហ្កានី ស្ថាន ថាជាប្រទេសដែលមានការគាបសង្កត់លើស្ត្រីនិងកុមារីធ្ងន់ធ្ងរ បំផុតនៅលើពិភពលោក ចាប់តាំងពីក្រុមតាលីបង់បានចូលកាន់កាប់ ប្រទេសកាលពីឆ្នាំ២០២១។ បេសកកម្មរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសនេះបានឱ្យដឹងថា មេដឹកនាំថ្មីរបស់ប្រទេសអាហ្វហ្កានីស្ថានបាននឹងកំពុងចេញវិធានការដាក់សម្ពាធទៅលើស្ត្រី និងក្មេងស្រីភាគច្រើនឱ្យជាប់គាំងនៅក្នុងផ្ទះរបស់ពួកគេ ពោលគឺមិនអាចចេញក្រៅផ្ទះបាននោះទេ។
បន្ថែមលើនេះ ពួកគេបានហាមឃាត់មិនឱ្យក្មេងស្រីអាចរៀនលើសពីថ្នាក់ទី៦ និងបានហាមស្ត្រីមិនឱ្យចូលទៅកន្លែងសាធារណៈ ដូចជាសួនច្បារ និងកន្លែងហាត់ប្រាណជាដើម។ ស្ត្រីត្រូវស្លៀកសំលៀកបំពាក់បិទបាំងខ្លួនពីក្បាលដល់ចុងជើង ហើយត្រូវ ហាមឃាត់មិនឱ្យធ្វើការនៅអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ទៀតផង។
នៅក្នុងប្រទេសអេស្ប៉ាញឯណោះវិញ មនុស្សប្រមាណជាងមួយលាន នាក់ បានចូលរួមបាតុកម្មនៅពេលល្ងាចក្នុងទីក្រុងម៉ាឌ្រីដ ទីក្រុងបាសេឡូណា និងទីក្រុងផ្សេងៗទៀត។ ការប្រមូលផ្តុំបាតុកម្មទ្រង់ទ្រាយធំបែបនេះក៏ត្រូវបានរៀបចំធ្វើឡើងផងដែរនៅក្នុងទីក្រុងជាច្រើនផ្សេងទៀតជុំវិញពិភពលោក ខណៈដែលប្រទេសខ្លះ មានតែការប្រមូលផ្ដុំ ឬព្រឹត្តិការណ៍តូចៗប៉ុណ្ណោះ។
សូមរម្លឹកថា កាលពីថ្ងៃអង្គារ ប្រទេសអេស្ប៉ាញបានអនុម័តច្បាប់សមភាពថ្មី ដែលតម្រូវឱ្យស្ត្រីមានចំនួនយ៉ាងហោចណាស់ ៤០ភាគរយ នៃក្រុមប្រឹក្សា ភិបាល នៃក្រុមហ៊ុនដែលបានចុះបញ្ជី និងក្រុមហ៊ុនឯកជនធំៗ។ ដូចគ្នានេះដែរ ច្បាប់ស្ដីពីចំនួនរបស់ស្ត្រីនេះក៏នឹងអនុវត្តចំពោះគណៈរដ្ឋមន្ត្រី របស់រដ្ឋាភិបាលអេស្ប៉ាញផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គណបក្ស នយោបាយក៏ត្រូវតែមានសមភាពយេនឌ័រនៅក្នុងបញ្ជីបោះឆ្នោតរបស់ខ្លួនដូចគ្នា ពោលគឺត្រូវដាក់ឈ្មោះបេក្ខជនជាបុរស និងស្ត្រីចម្រុះគ្នា។
ម៉្យាងវិញទៀត អស់រយៈពេលពីរទសវត្សរ៍កន្លងមកនេះ ក្រុមសកម្មជន និងរដ្ឋាភិបាលឆ្វេងនិយមក្នុងប្រទេសអេស្បាញ បានជំរុញសិទ្ធិស្ត្រីឱ្យកាន់តែ ប្រសើរឡើងបន្ថែមទៀតនៅក្នុងវិស័យនានា ដូចជាសិទ្ធិរំលូតកូន ការឈប់ សម្រាកពេលមានរដូវ និងការឈប់សម្រាកមើលថែកូនៗជាដើម។ រីឯបណ្ដាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបជាច្រើនទៀតក៏បានបោះជំហានឆ្ពោះទៅរកភាពល្អប្រសើរនៃសមភាពយេនឌ័រដូចគ្នាផងដែរ។

គួរដឹងដែរថា ថ្ងៃទី៨ ខែមីនា ឆ្នាំនេះគឺជាទិវានារីអន្តរជាតិលើកដំបូងហើយ ចាប់តាំងពីតុលាការកំពូលសហរដ្ឋអាមេរិកបានបិទសិទ្ធិរំលូតកូនដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកាលពីឆ្នាំមុន ហើយរដ្ឋជាច្រើនក៏បានអនុម័ត ច្បាប់រឹតត្បិតបន្ថែមលើការរំលូតកូនទៀតផង៕
ប្រែសម្រួល៖ធា សុណា
ប្រភព៖ Women’s Day events highlight major gaps in gender equality

ads banner