អង្គការ អាយ ឌី អ៊ី ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ព្រមទាំងទឹកស្អាត និងអនាម័យ

ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួសម និងពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៣ លោក ខេវិន រ៉ូប៊ីន (Keven Robbins) នាយកប្រចាំប្រទេសកម្ពុជានៃអង្គការ អាយ ឌី អ៊ី IDE (International Development Enterprises) បានថ្លែងថា អង្គការ អាយ ឌី អ៊ី នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លើវិស័យកសិកម្ម ព្រមទាំងទឹកស្អាត និងអនាម័យ ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋតាមទីជនបទ។

លោក ខេវិន រ៉ូប៊ីន បន្តថា អង្គការ អាយ ឌី អ៊ី (IDE) សហការជាមួយក្រសួងកសិកម្ម ក្នុងការបណ្តុះបណ្តាលកសិករពីរបៀបដាំដំណាំឲ្យបានផលល្អ, កែច្នៃផលិតផលកសិកម្ម និងបង្រៀនកសិករពីរបៀបធ្វើជីធម្មជាតិដើម្បីកាត់បន្ថយការប្រើជីគីមីដែលធ្វើឲ្យខូចដី និងប៉ះពាល់សុខភាព ព្រមទាំងកាត់បន្ថយថ្លៃដើមផងដែរ។ ដោយឡែក វិស័យទឹកស្អាត និងអនាម័យ, អង្គការ អាយ ឌី អ៊ី (IDE) បានសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគម្រោងអនាម័យទីផ្សារជនបទ ដោយបង្រៀនបច្ចេកទេសធ្វើបង្គន់អនាម័យដល់អ្នកផលិតបង្គន់ និងលក់បានជាង ៤០ម៉ឺនបង្គន់រួចមកហើយ រួមចំណែកដល់ការលប់បំបាត់ការបន្ទោរបង់ពាសវាលពាសកាលបាន ១៧០០ភូមិ ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អទិភាពខ្លាំងលើការងារសន្តិសុខស្បៀង អាហារូបត្ថម្ភ និងកិច្ចគាំពារសង្គម ទឹកស្អាត និងអនាម័យ ព្រោះវាជាស្នូលនៃការអភិវឌ្ឍន៍មូលធនមនុស្ស ការអភិវឌ្ឍន៍សង្គម ការកែលម្អរកំរិតជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម បន្តថា ជាមួយនោះ យើងក៏មានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ដែលធ្វើការយ៉ាងជិតស្និតជាមួយក្រសួងកសិកម្ម លើការជំរុញ និងកែលំអរផលិតកម្មកសិកម្ម និងសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងរកទីផ្សារសម្រាប់កសិករ និងសិប្បករនៅតាមជនបទ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការលើកកម្ពស់ផលិតផលខែ្មរ និងជំរុញការនាំចេញឲ្យបានច្រើនជាអតិបរិមា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា ពីមុន យើងនាំវត្ថុធាតុដើមជាផលិតផលកសិកម្ម ដូចជាស្រូវ ពោត សណ្តែក ដំឡូងមី គ្រាប់ស្វាយចន្ទី។ល។ ចេញទៅក្រៅប្រទេស ប៉ុន្តែបច្ចុប្បន្ន យើងកំពុងតែកាត់បន្ថយការនាំចេញបែបនេះ ដោយយើងបង្កើនការផលិត កែច្នៃ វេចខ្ចប់ជាផលិតផលសម្រេច រួចធ្វើការនាំចេញ ដែលផ្តល់អត្ថប្រយោជន៍ច្រើន និងតម្លៃបន្ថែមដល់កសិករ និងសិប្បករខ្មែរ ៕

ប្រភព ៖ គណៈរដ្ឋមន្ត្រី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner