ឯកឧត្តម អ៊ាង សុផល្លែត ៖ ប្រជាពលរដ្ឋកម្ពុជាទាំងស្ត្រី និងបុរស ត្រូវចូលរួមដោយស្មើភាព និងស្មើសិទ្ធិ ជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសក្នុងតំបន់ និងសកលលោក

ខេត្តត្បូងឃ្មុំ ៖ ក្នុងពិធីអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ថ្លែងថា ប្រជាពលរដ្ឋកម្ពុជាទាំងស្ត្រី និងបុរស ត្រូវចូលរួមដោយស្មើភាព និងស្មើសិទ្ធិ ជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសក្នុងតំបន់ និងសកលលោក នៅក្នុងយុគសម័យឌីជីថល និងក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាការកសាងភាពធន់ រឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព ។

ឯកឧត្តម បន្តថា ជាពិសេសយើងត្រូវរួមគ្នាបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយពង្រឹងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុក ស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការងារបញ្ជ្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានាបាននូវចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿននៃកិច្ចអភិវឌ្ឍជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។

ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញពីសេចក្តីស្រលាញ់ យកចិត្តទុកដាក់ និងដឹងគុណចំពោះស្ត្រីទាំងអស់ដែលបានលះបង់ទាំងកាយ ចិត្ត និងពេលវេលា ចូលរួមក្នុងកិច្ចការងារសង្គមជាតិ ឯកឧត្តមអធិបតី បានប្រគល់នូវបាច់ផ្កា និងវត្តុអនុស្សាវរីយ៍ ជូនដល់ស្ត្រីដែលជាឧត្តមភរិយា ជាគណៈអភិបាល ជាបណ្តាញក្រុមការងារចុះជួយមូលដ្ឋាន សមាជិក សមាជិកា និងប្រជាពលរដ្ឋដែលអញ្ជើញចូលរួមក្នុងអង្គពិធីនេះផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner