ឯកឧត្តម ឃួង ស្រេង កោតសរសើរ អាជ្ញាធរ និងកងកម្លាំង រក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ កន្លងមក បានយ៉ាងល្អ ប្រសើរ
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរ ពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំង ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងការទប់ស្កាត់ជម្ងឺកូវីដ-១៩ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ កន្លងមក បានយ៉ាងល្អ ប្រសើរ ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩មីនា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ ខណ្ឌជ្រោយចង្វា ។
បន្ថែមពីនេះ ឯកឧត្តម ក៏បានលើកឡើងពីគម្រោងជាច្រើន ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញឱ្យក្លាយជាទីក្រុងស៊ីវីល័យ ការបើកវគ្គបណ្តុះបណ្តាល និងផ្តល់សេវាជូនប្រជាពលរដ្ឋ បើកការដ្ឋានស្ថាបនាផ្លូវ លូ ស្ពានអាកាស និងសមិទ្ធផលផ្សេងៗជាច្រើនទៀត ជាមួយនិងការប្រកាសរាជធានីភ្នំពេញអស់មីន និងកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ ជាដើម។
អង្គសន្និបាតបានពិភាក្សា ដោយផ្តោតជាសំខាន់ទៅលើប្រធានបទចំនួន ៥ រួមមាន ៖ ការគ្រប់គ្រងសំណល់ផ្សេងៗ ក្រៅពីសំណល់រឹង-សំរាមដូចជា សំណល់រាវ សំណល់ភក់បង្គន់ សំណល់សំណង់ សំណល់ថ្មពិល-អាគុយ ។ល។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយផ្តោតសំខាន់លើវិវាទដីធ្លី ។ បទពិសោធន៍ល្អៗ ក្នុងការសហការរៀបចំកិច្ចប្រជុំអន្តរជាតិធំៗ និងការត្រៀមរៀបចំការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ និងប៉ារាំហ្គេមលើកទី១២ ។ គោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដោយផ្តោតលើការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរមនុស្សគ្រប់ទម្រង់ និងការធ្វើ អធិការកិច្ចហត្ថពលករបរទេស និង ការត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្តរាយ និងវឌ្ឍនភាពការផ្ដល់ប័ណ្ណក្រីក្រ និងប័ណ្ណសមធម៌ នៅរាជធានីភ្នំពេញ។
ឯកឧត្តម បន្តថា សំណុំកិច្ចការទាំងអស់នេះ គឺជាចំណុចគន្លឹះ និងជាការងារអាទិភាព ទាមទារឱ្យយើងត្រូវបន្តខិតខំប្រឹងប្រែង រួមគ្នាថែមទៀត ដើម្បីថែរក្សាសមិទ្ធផល, ស្នាដៃការងារ និងដើម្បីពង្រីកយន្តការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព សំដៅ ធានាសុខសុវត្ថិភាព, ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ រាជធានីភ្នំពេញលើគ្រប់វិស័យ៕
ដោយ ថេត វិចិត្រ+ ហេង សម្បត្តិ