សមយុទ្ធនាគមាស១៤ថ្ងៃ ចាប់ផ្តើមថ្ងៃទី២៣ មីនា (Video Inside)
សមយុទ្ធនាគមាសរួមគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន បានកំណត់ពេលវេលាហើយ ដែលនឹងមានរយៈពេល២សប្តាហ៍។ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទលោកឧត្តមសេនីយ៍ទោ ថោងសូលីម៉ូ បានថ្លែងថាសមយុទ្ធនាគមាសនឹងមានរវាងពីថ្ងៃទី២៣ ខែមីនារហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថតំបន់ភ្នំជុំរីករាយ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
មន្ត្រីនាំពាក្យដដែលបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី៨មីនាថា «សមយុទ្ធនេះ គឺជាការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាលចំណេះដឹង, ចំណេះធ្វើ, ការផ្លាស់ប្ដូរបទពិសោធន៍, ការចេះសម្របសម្រួល ចេះរស់នៅនិងធ្វើការងាររួមគ្នា ជាមួយជាតិសាសន៍ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាឆ្លើយតប ទៅនឹងបញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណីជាដើម។ ពិធីបើកសមយុទ្ធនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
លំហាត់សមយុទ្ធដែលនឹងមកដល់ថ្ងៃទី២៣មីនា គឺក្នុងដំណាក់កាលដែលកម្ពុជាកំពុងសម្រួចការហ្វឹកហ្វឺនយុទ្ធសាស្ត្រ ក្នុងសម័យបច្ចេកវិទ្យាថ្មី ដើម្បីកាន់តែបង្កើនឡើងថែមទៀត នូវសមត្ថភាពការពារជាតិរបស់ខ្លួន ខណៈដែលពិភពលោកបានវិវត្តន៍រីកចម្រើនយ៉ាងលឿន លើកត្តាបច្ចេកវិទ្យា។
កងកម្លាំងរបស់កម្ពុជា និងកងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធនាគមាសរួមគ្នានេះបានចំនួន ៤លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦, ឆ្នាំ២០១៨, ឆ្នា២០១៩ និងឆ្នាំ២០២០ ។ សមយុទ្ធនាគមាសដែលជិតមកដល់នេះ គឺជាសមយុទ្ធនាគមាសលើកទី៥។