វត្តមានបាល់ទាត់លើតុ បង្ហាញភាពប្លែកភ្នែក ក្នុងពិធីបុណ្យទន្លេ លើកទី៧ នៅខេត្តកំពង់ធំ
កំពង់ធំ ៖ វត្តមាននៃប្រភេទកីឡាថ្មី គឺបាល់ទាត់លើតុ បានបង្ហាញខ្លួនលើកដំបូងដើម្បីផ្សព្វផ្សាយទៅកាន់មហាជន នៅក្នុងពិធីបុណ្យទន្លេ លើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ។
បើតាមការឱ្យដឹងពីគណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា ការរៀបចំឱ្យប្រភេទកីឡាបាល់ទាត់លើតុបង្ហាញវត្តមានក្នុងពិធីបុណ្យទន្លេនេះ គឺមិនមែនជាការប្រកួតយកចាញ់ យកឈ្នះអ្វីនោះទេ គ្រាន់តែជាការសម្តែង បង្ហាញពីរបៀបលេង និងលក្ខន្តិកៈនៃការប្រកួត ដើម្បីផ្សព្វផ្សាយពីប្រភេទកីឡាថ្មី ចែកជូនដល់មហាជន ដែលបានមកចូលរួម កំសាន្តក្នុងពិធីបុណ្យទន្លេនេះបានស្គាល់ ពីកីឡាថ្មីនេះប៉ុណ្ណោះ ។ ជាពិសេសការបង្ហាញនូវប្រភេទកីឡាថ្មីនេះ ក៏ជាផ្នែកមួយក្នុងការអបអរបុណ្យទន្លេឱ្យមានភាពប្លែកភ្នែក និងអាចស្រូបទាញអ្នកដែលបានទស្សនាចូលរួម លេងកីឡាប្រភេទនេះ ឱ្យកាន់តែផុសផុលថែមទៀតផង ។
សូមជម្រាប ឱ្យដឹងថា ប្រភេទកីឡាបាល់ទាត់លើតុនេះ មានឈ្មោះជាភាសាបរទេសហៅថា (Table football) មានដើមកំណើតចេញមកពីប្រទេសហុងគ្រី ដែលភាគច្រើនខាងសហគមន៍អឺរ៉ុប គេនិយមលេងកីឡាប្រភេទនេះ ខណៈដែលកម្ពុជាទើបតែចាប់ផ្តើមយកមកហ្វឹកហាត់ប៉ុណ្ណោះ ៕ ជាវ ចន្ធូ


