រដ្ឋាភិបាលកម្ពុជាមានបំណងចង់ដាក់ដំណើរការប្រើប្រាស់កម្មវិធី AI ChatGPT ជាភាសាខ្មែរនៅថ្ងៃមុខ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា មានបំណងដាក់ឱ្យដំណើរការកម្មវិធី AI Chatbot ឈ្មោះ ChatGPT ជាភាសាខ្មែរនៅពេលខាងមុខ ក្នុងគោលដៅបម្រើដល់ប្រយោជន៍ជាជំនួយការងារប្រចាំថ្ងៃ ដល់ស្ថាប័នរដ្ឋនិងឯកជន រួមទាំងសាធារណជនទូទៅ ខណៈគណៈកម្មាធិការរដ្ឋាភិបាលឌីជីថបាននិងកំពុងប្រើប្រាស់ជាង ៦ខែ សិក្សាស្រាវជ្រាវនិងពិភាក្សាជាមួយក្រុមហ៊ុន OpenAI ដែលជាអ្នកផលិតកម្មវិធីនេះផ្ទាល់ផង។

តាមរយៈសេចក្តីប្រកាសរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ថា គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបានប្រើប្រាស់កម្មវិធី ChatGPT រយៈពេលជាង ៦ខែទៅហើយ សម្រាប់ជំនួយការងារប្រចាំថ្ងៃ និងការងារផ្នែកខ្លះរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផង ដែលជាការធ្វើពិពិធកម្មផ្នែកបច្ចេកវិទ្យាដើម្បីដើរឱ្យទាន់និន្នាការសាកល។

ក្រសួងបានបញ្ជាក់ថា៖ ទន្ទឹមនឹងនេះ គណៈកម្មាធិការរដ្ឋាភិបាលឌីជីលថលបាននិងកំពុងសិក្សាស្វែងយល់អំពីប្រព័ន្ធនេះបន្ថែម និងបានពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាឱ្យ ChatGPT អាចប្រើប្រាស់បានជាភាសាខ្មែរ បន្ទាប់មកនឹងដាក់ឱ្យស្ថាប័នរដ្ឋនិងឯកជន រួមទាំងសាធារណជនទាំងអស់អាចប្រើប្រាស់បានទូលំទូលាយ។

ក្រសួងបានពន្យល់ថា កម្មវិធី AI Chatbot ឈ្មោះថា ChatGPT នោះពិតជាមានសមត្ថភាពខ្ពស់នៅក្នុងជួយសម្រូលការងារប្រចាំថ្ងៃរបស់មនុស្ស ផ្នែកខាងរដ្ឋបាល ការគ្រប់គ្រងធនធានមនុស្ស ការឆ្លើយតបនឹងសំណួរ ការសរសេរអត្ថបទ ការបកប្រែ ការវិភាគ ការសរសេរកូដ និងការងារផ្សេងៗទៀត ដែលអាចប្រៀបបានជាជំនួយការងារមួយរូប។

ក្រសួងគូសបញ្ជាក់ដូច្នេះថា៖ ពាក្យ GPT នេះមានពាក្យពេញថា Generative Pre-Trained Transformer (GPT) គឺជាគំរូភាសា ដែលជាក្បួនដោះស្រាយប្រើប្រាស់ AI ហើយត្រូវរចនាឡើងដើម្បីស្វែងយល់ និងបង្កើតភាសាឱ្យដូចមនុស្ស។ ChatGPT បានប្រើប្រាស់ Large Language Model (មានជាង ១៧៥ ប៊ីលាន មាត្រដ្ឋាន) ដែលត្រូវបានអភិវឌ្ឍន៍ឡើងឱ្យមានសមត្ថភាពយល់ដឹងពីភាសារបស់មនុស្សយើង ហើយឆ្លើយតបវិញបានឆាប់រហ័សដូចជាមនុស្សដែរ។ មិនតែប៉ុណ្ណោះ ChatGPT ក៏អាចរៀនពីសារចាស់ៗដែលយើងបាន Chat ជាមួយ ដើម្បីឆ្លើយឆ្លងត្រូវបរិបទជាមួយមនុស្សម្នាក់ៗដោយឡែកពីគ្នា។

ជុំវិញបញ្ហានេះដែរ លោកយង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាសាទរចំពោះគោលបំណងនៃការដាក់ឱ្យប្រើប្រាស់ភាសាខ្មែរជាមួយកម្មវិធី AI Chatbot ChatGPT នេះដើម្បីធ្វើទំនើបកម្មបច្ចេកវិទ្យា ជួយសម្រួលដល់កិច្ចការក្នុងជួររដ្ឋាភិបាល និងវិស័យឯកជនផង ក៏ប៉ុន្តែលោកមានការព្រួយបារម្ភចំពោះ ប្រព័ន្ធភាសាខ្មែរដែលប្រព័ន្ធ AI អាចនៅមានកំហុស ដែលនាំឱ្យមានការខុសឆ្គងក្នុងការប្រើប្រាស់ជាប្រយោជន៍ផ្លូវការ។
លោក យង់ ពៅ បន្តថា ប៉ុន្តែអ្វីជាបញ្ហានៅឡើយនៅកម្ពុជាយើងគឺ មនុស្ស ដែលមិនទាន់ដើរទាន់បច្ចេកវិទ្យា និងមួយវិញទៀតគឺ ស្ថាប័ន ដែលមិនទាន់ដើរទាន់សម័យឌីជីថលនៅឡើយ បើនៅក្នុងជួររដ្ឋាភិបាលមិនថាស្ថាប័នថ្នាក់ក្រោមជាតិទេ សូម្បីថ្នាក់ជាតិក៏មិនទាន់ដើរទាន់និន្នាការបច្ចេកវិទ្យានោះដែរ ។

ទោះជាយ៉ាងណា លោក យង់ ពៅ ចង់ឃើញរដ្ឋាភិបាលផ្តល់ការបណ្តុះបណ្តាលនានាបន្ថែមទាំងវិស័យឯកជន និងជួររដ្ឋាភិបាលជុំវិញចំណេះដឹងឌីជីថល ដើម្បីបញ្ជ្រាបនយោបាយនិងការប្រើប្រាស់ឌីជីថលបានទូលំទូលាយ ហើយមានការសិក្សាគិតគូរពីប្រព័ន្ធសុវត្ថិភាពដើម្បីឱ្យការប្រើប្រាស់បណ្តាញ AI មានប្រសិទ្ធិភាពនិងបង្ការហានិភ័យ ចៀសវាងការបែកធ្លាយព័ត៌មានដែលនាំឱ្យបញ្ហាដោយសន្តិសុខជាតិ ខណៈជាកម្មវិធីប្រើប្រាស់ដោយសាធារណ:ជនទូទៅ និងជាពិសេសការផ្ទៀងផ្ទាត់វេយ្យាករណ៍ អក្ខរាវិរុទ្ធ សំនៀងភាសាខ្មែរដែល AI អាចមានកំហុសដែលទាមទារការអភិវឌ្ឍន៍ប ន្ថែម។

គួរបញ្ជាក់ផងដែរថា កម្មវិធី AI Chatbot ឈ្មោះ ChatGPT ជាកម្មវិធីប្រព័ន្ធបញ្ញាសិប្បនិម្មិត (Artificial Intelligence) ហៅកាត់ថា AI ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៨ ដោយក្រុមហ៊ុន Open AI ដែលមានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក ហើយបានប្រកាសដាក់ឱ្យសាកល្បងប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០២២ ហើយកម្មវិធីមានសន្ទុះល្បីល្បាញខ្លាំងនៅដើមឆ្នាំ២០២៣៕
ដោយ: សំបាន ច័ន្ទដារ៉ា

ads banner