រដ្ឋាភិបាលកម្ពុជា សម្រេចបិទបញ្ចប់ការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីគ្រោះទឹកជំនន់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេច បិទបញ្ចប់ការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ចាប់ពីថ្ងៃទី ១០ ខែមីនានេះទៅ និងទុករយៈពេល១សប្តាហ៍ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី ១៨ ខែមីនា សម្រាប់ករណីមានបណ្តឹងតវ៉ាណាមួយរបស់អ្នកទទួលផល។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣។

សេចក្តីជូនដំណឹងបន្តថា ដោយឡែកសម្រាប់អ្នកទទួលផលទាំងអស់ពីកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ទាំងអស់ នឹងត្រូវបន្តទទួលផលបន្តពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាលើក ទី២ តទៅ គឺនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដោយប្រើប្រាស់នូវលេខគណនីថ្មី ដែលជូនដំណឹងដោយមូលនិធិជាតិជំនួយសង្គម។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសាររងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ កាលពីថ្ងៃទី ១០ខែមីនា ឆ្នាំ ២០២២ និងថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣ ដោយបើកផ្តល់ដល់គ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដោយក្នុងនោះប្រភេទក្រុមគោលដៅទទួលផលរួមមាន ៩៩ ១៦៩ គ្រួសារ, ៣៧២ ៨៥៩ សមាជិកគ្រួសារ កុមារអាយុ ០-៥ ឆ្នាំ ៤៣ ២២៥៥ នាក់ ជនមានពិការភាព ៥ ៩៥៧ នាក់ មនុស្សចាស់អាយុ ៦០ឆ្នាំឡើងទៅ ៥៧ ១០៥ នាក់ ដោយចំណាយទឹកប្រាក់សរុបចំនួន ៤៦ ៧៩៩ ០៨៨ ០០០ រៀល។

ប្រភពដដែលបន្តថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងស្ថាប័នពាក់ព័ន្ធ ជាពិសេស គ្រួសារ អ្នកទទួលផលទាំងអស់ មេត្តាជ្រាប និងបន្តសហការអនុវត្ត ដើម្បីឱ្យកម្មវិធីជំនួយសង្គមជាឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដទៃ ផ្សេងទៀតបន្តដំណើរការដោយរលូន និងទទួលបានជោគជ័យ បន្តទៀត។

ជាថ្មីម្តងទៀត ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម រដ្ឋបាលរាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ បណ្ដាញសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធ ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រ និងជំរុញការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ក៏ដូចជាកម្មវិធីជំនួយសង្គមជា សាច់ប្រាក់ដទៃទៀតរបស់រាជរដ្ឋាភិបាលឱ្យដំណើរការទៅដោយរលូន និងទទួលបានការសាទរយ៉ាងខ្លាំង ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ពិសេសប្រជាជនក្រីក្រដែលជាក្រុមជនងាយរងគ្រោះ និងកំពុងប្រឈម យ៉ាងខ្លាំងពីឥទ្ធិពលនៃការរីករាលដាលជំងឺកូវីដ១៩ គ្រោះទឹកជំនន់ និងរងសម្ពាធអតិផរណា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សូមជម្រាបថា សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារលិខិតចុះថ្ងៃទី ៣ខែធ្នូ ឆ្នាំ ២០២២ ស្តីពីការដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់៕
ដោយ:សុខ រក្សា

ads banner