ក្រសួងរ៉ែ និងថាមពល បើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី ការទទួលខុសត្រូវបរិស្ថាន និង សង្គម ក្នុងវិស័យប្រេងនៅខេត្តរតនគិរី

រតនគិរី ៖ នាយកដ្ឋានគ្រប់គ្រងគម្រោងសម្បទានប្រេងកាត ក្រសួងរ៉ែ និងថាមពល សហការជាមួយរដ្ឋបាលខេត្តរតនគិរី និង មន្ទីររ៉ែនិងថាមពលខេត្ត បានរៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី”ការទទួលខុសត្រូវបរិស្ថាននិងសង្គមក្នុងវិស័យប្រេងកាត” ។

សិក្ខាសាលានេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តរតនគិរីព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងខេត្តតំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងលោក អ៊ាង ណាន ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោងសម្បទានប្រេងកាត តំណាងឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល ។

លោក អ៊ាង ណាន បានលើកឡើងថា ចក្ខុវិស័យ របស់ក្រសួងរ៉ែ និងថាមពល គឺធ្វើឲ្យសម្រេចបាននូវភាពល្អប្រសើរនូវការគ្រប់គ្រង និងប្រើប្រាស់សក្ដានុពលធនធានប្រេងកាត និងផលិតផលប្រេងកាតរបស់ជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រ និងជំរុញលើកកម្ពស់វឌ្ឍនភាពសង្គមប្រកបដោយសមធម៌ គោរពតាមតម្រូវការចាំបាច់របស់សហគមន៍មូលដ្ឋាន និងឧត្តមានុវត្តជាអន្តរជាតិ ព្រមទាំងធានាការពារនិរន្តភាពនៃបរិស្ថានធម្មជាតិ ។

លោក អ៊ាង ណាន បន្តថា ទស្សន:វិស័យនិងក្របខ័ណ្ឌក្រសួង គឺប្រកាន់ភាពជាដៃគូរយ៉ាង ជិតស្និទ្ធិ និងប្រកបដោយទំនុកចិត្តរវាងផ្នែកសាធារណ: បណ្ដាញសង្គមស៊ីវិល និងផ្នែកឯកជន ជាកត្តាកំណត់ភាពជោគជ័យ និងធានាបាននូវផលប្រយោជន៍យូរ អង្វែងរបស់ជាតិ នៅក្នុងការអភិវឌ្ឍវិស័យប្រេងកាតនេះ។នៅពេលយើងអាចវាយតម្លៃថា ការអនុវត្តកម្មវិធីកំណែទម្រង់សំខាន់ៗក្នុងវិស័យប្រេងកាត ត្រូវបានអនុវត្តប្រកបដោយការព្យាយាម យកចិត្តទុកដាក់ខ្ពស់ និងទទួលបានផលជាទីមោទន: ហើយត្រូវបានបន្តយកចិត្តទុកដាក់លើការអនុវត្តសកម្មភាពជាអាទិភាពសំខាន់ៗ ការកសាងសមត្ថភាព ស្ថាប័ន ការពង្រឹងប្រសិទ្ធិភាពអភិបាលកិច្ច និងការគ្រប់គ្រងប្រតិបត្តិការ ប្រេងកាត រៀបចំគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងរៀបចំស្ថាប័ន បណ្ដុះបណ្ដាល និងកសាងសមត្ថភាពមន្ត្រីរាជការ ថែមទាំងរៀបចំយន្តការនិងក្របខ័ណ្ឌ អនុវត្តន៍ដើម្បីពង្រឹងស្តង់ដារសុវត្តិភាពបរិស្ថាននិងសង្គម និងវាយតម្លៃយុទ្ធសាស្រ្តនៃផែនការបរិស្ថាន ក្នុងគម្រោងប្រេងកាត ។

ថ្លែងនៅក្នុងឱកាសនេះផងដែរ ឯកឧត្តម ជា ថាវរិទ្ធ បានលើកឡើងថា តាមរយៈសិក្ខាសាលានេះលោក លោកស្រី នាងកញ្ញា និងសិស្សនិស្សិតទាំងអស់ នឹងបានយល់ដឹងកាន់តែទូលំទូលាយពី “ការទទួលខុសត្រូវបរិស្ថាននិងសង្គមក្នុងវិស័យប្រេងកាត” និងការងារដែល ក្រសួងរ៉ែនិងថាមពល កំពុងអនុវត្ត ក៏ដូចជាទទួល បាននូវចំណេះដឹងផ្សេងៗពីវិស័យប្រេងកាត ដែលវាគ្មិននឹងចែករំលែកនាពេលបន្តិចទៀតនេះ។ហើយសង្ឃឹមដែរថាសិក្ខាកាមទាំងអស់នឹងទទួលបានការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យប្រេងកាតរបស់យើងឲ្យកាន់តែរីកចំរើន ដើម្បីយើងអាចប្រើប្រាស់ធនធានទាំងនេះក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិយើងប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ៕ ដោយ ៖ គតិ យុត្ត

ads banner