កម្ពុជាបង្ហាញមហិច្ឆតា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០

(ទីក្រុងដូហា)៖ ឯកឧត្តម ប៉ាន សូរសក្ត័ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញមហិច្ឆតា ដើម្បីឈានឆ្ពោះទៅរកប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្ដមរដ្ឋមន្ដ្រី បានថ្លែងបន្ថែមថា ប្រទេសកម្ពុជាបានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ ដែលអាចត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ LDC ហើយនឹងត្រូវបានវាយតម្លៃម្តងទៀតនៅដើមឆ្នាំ២០២៤ ហើយកម្ពុជាអាចចាកចេញពីចំណាត់ថ្នាក់ LDC នៅចុងឆ្នាំ ២០២៧ ប្រសិនបើអ្វីៗដំណើរការដោយរលូន។

ការថ្លែងបែបនេះ របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ធ្វើឡើងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំពេញអង្គនៃសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្រោមប្រធានបទ “Leaving No One Behind”។

ឯកឧត្តម បន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ការចាកចេញពីចំណាត់ថ្នាក់ LDC នេះ នឹងនាំមកជាមួយបញ្ហាប្រឈមពាក់ព័ន្ធនឹង ការបាត់បង់អត្ថប្រយោជន៍ និងប្រព័ន្ធអនុគ្រោះមួយចំនួនដែលយើងកំពុងទទួលបាននាពេលបច្ចុប្បន្ន។

ឯកឧត្ដមរដ្ឋមន្ដ្រី ក៏បានលើកឡើងអំពីការអនុម័ត និងការអនុវត្តផែនការសកម្មភាពទីក្រុងដូហា (DPoA) ដែលនឹងមានសារៈសំខាន់ក្នុងការធ្វើឱ្យដំណើរចាកចេញនេះមានភាពរលូន និងជួយពន្លឿនការសម្រេចបាននូវ SDGs របស់កម្ពុជា និងបំពេញបន្ថែមដំណាក់កាលបន្ទាប់នៃក្របខ័ណ្ឌផែនការអភិវឌ្ឍន៍របស់កម្ពុជា ពោលគឺផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្តជាតិឆ្នាំ២០២៤-២០២៨។ អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាអនុវត្តផែនការសកម្មភាពទីក្រុងដូហា ដោយភ្ជាប់ខ្លួននឹងការវិនិយោគលើវិស័យសុខាភិបាល ការអប់រំ ប្រព័ន្ធគាំពារសង្គម និងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ការធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យមានលក្ខណៈប្រសើរឡើង រួមបញ្ចូល ភាពធន់ និងនិរន្តរភាព ជំរុញសេដ្ឋកិច្ចបៃតង និងជំរុញការធ្វើបរិវត្តកម្មឌីជីថល។

ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានបញ្ជាក់អំពីតម្រូវការក្នុងការពង្រីកប្រភពហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍដោយវិធីពង្រីកដៃគូពាណិជ្ជកម្មកម្ពុជា បើកបណ្តាញសហប្រតិបត្តិការថ្មី ការស្វែងរកឧបករណ៍ហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងការពង្រឹងយន្តការហិរញ្ញប្បទានបៃតង។

ឯកឧត្តមរដ្ឋមន្ដ្រី បានលើកយកផែនការសកម្មភាពជាគន្លឹះទាំង៦ នៃ DPoA ដែលមានដូចជា (១) ការវិនិយោគលើមនុស្សក្នុងប្រទេស LDCs; (២)ការប្រើប្រាស់វិទ្យាសាស្ដ្រ, បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីទប់ទល់នឹងភាពទន់ខ្សោយនិងសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព; (៣)គាំទ្រការកែទម្រង់ស្ថាប័នឱ្យក្លាយជាចលករនៃភាពចម្រើនរុងរឿង; (៤)លើកម្ពស់ពាណិជ្ជកម្មអន្តរជាតិនៃប្រទេស LDCs និងសមាហរណកម្មតំបន់; (៥)ដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ការបំផ្លាញបរិស្ថាន និងផលប៉ះពាល់នៃ Covid-19 ព្រមទាំងការកសាងភាពធន់នឹងវិបត្តិនានា, និង (៦)ពង្រឹងសាមគ្គីភាពអន្ដរជាតិ និងភាពជាដៃគូពិភពលោក។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គប្រជុំថា រាជរដ្ឋាភិបាលកម្ពុជាសូមកោតសរសើរចំពោះការគាំទ្រពីម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់ការសិក្សាស្រាវជ្រាវអំពីផលប៉ះពាល់នៃការចាកចាញពីប្រទេសពី LDC ហើយទន្ទឹមនឹងនោះ កម្ពុជាសូមអញ្ជើញសហគមន៍អន្តរជាតិឱ្យគាំទ្រ និងពន្លឿនវឌ្ឍនភាពនៃ SDGs ដែលស្នើឡើងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏ដូចជាជួយជំរុញឱ្យប្រទេស LDCs ចាកចេញពីចំណាត់ថ្នាក់ LDCs ប្រកបដោយជោគជ័យ និងការអភិវឌ្ឍប្រកបដោយនិរន្ដរភាព ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner