ទន្សោងប្រភេទសត្វកម្រដែលកំពុងមានវត្តមាននៅកម្ពុជា

ភ្នំពេញ៖ សត្វទន្សោង ជាប្រភេទស្ថិតក្នុងអំបូរគោសារទិស និងជាប្រភេទជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានស្ទើរគ្រប់ទីកន្លែងនៅតាមតំបន់ព្រៃដោយរស់នៅជាហ្វូងអាចលាយឡំជាមួយ គោព្រៃ ប្រើស ខ្ទីងជាដើម។

សត្វប្រភេទនេះគឺ ភាគច្រើននៅ តំបន់ព្រៃល្បោះ មានអូរ ស្ទឹង ត្រពាំង ថ្លុកដែលមាន ស្មៅ ស្បូវ ព្រេច ឬស្សី ល្បះរុក្ខជាតិ គម្ពោតព្រៃ ទឹកជប់ ដីច្រាប នៅតាមតំបន់ភូមិភាគឦសាន និរតី និង ភាគខាងជើងប្រទេស ។

បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី១០ ខែមិនា ឆ្នាំ ២០២៣ថា ៖ ទន្សោងមានមាឌ រូបរាង និងក្រចកជើងចំពាម ដូចគោស្រុកដែរ តែខុសត្រង់ វាអត់មានបូកលើខ្នង និងបួរកធ្លាក់ចុះក្រោមដូចគោស្រុកទេ ទន្សោងមានសម្បុរក្រហមត្នោតស្រាល និងប្រែទៅជាពណ៌ក្រហមត្នោត ឬ ក្រហមត្នោតចាស់ នៅពេលវាមានវ័យចំណាស់បន្តិច ហើយជើង ទាំងបួនចាប់ពីជង្គង់ចុះក្រោមមានពណ៌ស ដូចខ្ទីង និងគោព្រៃដែរ ប៉ុន្តែខុសគ្នាត្រង់វាមានពណ៌ស នៅផ្នែកក្រោយត្រង់កំពែងគូទ រឺឯស្នែងវាមានរាងមូលជាងស្នែងខ្ទីង ពណ៌លឿងចាស់ភ្លឺរលោង ចាប់ពីពាក់កណ្ដាលស្នែងចុះក្រោម និងចុងស្នែងមានពណ៌ខ្មៅ។

បន្ទាប់ពីពពោះរយៈពេលប្រមាណ ជា ១០ខែ ទន្សោងអាចបង្កើតកូនបាន១-២ក្បាល និងអាចដោយឈ្មោលម្តងទៀតក្រោយពីកើតកូនបាន ២ខែ។

គួរបញ្ជាក់ថា បើតាម ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនាថ្មីៗមកនេះថាការដាក់អន្ទាក់ចាប់សត្វព្រៃ ការបរបាញ់សត្វព្រៃ និងចាប់សត្វព្រៃដោយការប្រើប្រាស់ឆ្កែប្រមាញ់ដោយខុសច្បាប់ គឺជាកត្តាគំរាមមកំហែងដែលកំពុងតែកើតឡើងមកលើសត្វព្រៃក្នុងតំបន់ការពារធម្មជាតិដែលចាំបាច់គ្រប់ភាគីទាំងអស់ត្រូវចូលរួមក្នុងការដោះស្រាយបញ្ហាអន្ទាក់នេះដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ ទាំងជម្រក ប្រភពទឹក និងកន្លែងរកចំណី។

ជាមួយគ្នានេះ ឯកឧត្តមបានធ្វើការពន្យល់ថាការធ្លាក់ចុះនេះដោយសារតែកត្តាគំរាមកំហែងចម្បងគឺអន្ទាក់ ការប្រើប្រាស់ កាំភ្លើងពិតនិងកាំភ្លើងកែច្នៃដើម្បីបាញ់សត្វព្រៃ និងការប្រើប្រាស់សត្វឆ្កែប្រមាញ់សត្វព្រៃដោយខុសច្បាប់ នៅតែកើតមាន។

ដោយឡែក លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជាធ្លាប់បានបញ្ជាក់ថា តំបន់ទេសភាពភាគខាងកើតគឺជាគ្រាប់ពេជ្រមិនទាន់ច្នៃដែលមានសក្តានុពលទេសចរណ៍ធម្មជាតិខ្ពស់ជាពិសេស នៅដែនជម្រកសត្វព្រៃស្រែពកជាតំបន់ព្រៃល្បោះដែលជាជម្រកសត្វប្រភេទក្រចកជើងចំពាមជាពិសេសសត្វទន្សោង ដែលតំណាងឱ្យ ៦០ភាគរយនៃសត្វទន្សោងនៅលើពិភពលោក រស់នៅតំបន់ដែនជម្រកសត្វព្រៃនៅខេត្តមណ្ឌលគិរី។
ជាមួយគ្នានេះលោកក៏បានបង្ហាញពីភាពចាំបាច់ដែលត្រូវគ្រប់គ្រងនិងអភិរក្សឱ្យបានលើតំបន់អភិរក្សនេះដើម្បីបង្កើនចំនួនជីវៈចម្រុះផងដែរ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner