ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រុមហ៊ុន ភីធីធី ជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅតាមស្ថានីយប្រេងឥន្ធនៈភីធីធី ទូទាំងប្រទេស

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) អនុវត្ដគម្រោងជំរុញការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាមបណ្តារាជធានី-ខេត្ត ក្នុងគោលបំណងជួយជ្រោមជ្រែងលើកកម្ពស់ផលិតផលខ្មែរដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ លើទីផ្សារក្នុងស្រុក ការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា នៅលើមូលដ្ឋាននៃតម្លាភាព និងផលប្រយោជន៍សហគមន៍។

នេះបើយោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែល អប្សរា ទទួលបាន នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។

សេចក្តីជូនដំណឹងដដែលនេះបញ្ជាក់ថា គម្រោងនេះបានអនុវត្ដដោយជោគជ័យក្នុងឆ្នាំ២០២២ រួចមកហើយ នៅរាជធានី-ខេត្ដចំនួន ១១ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ២០។ នៅឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) នឹងសហការពង្រីកការអនុវត្ដគម្រោងដដែលនៅក្នុងរាជធានី-ខេត្ដចំនួន ១៦ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ១៩ ដោយដាក់តាំងលក់ផលិតផលដូចជាអាហារសម្រន់ បង្អែម ផ្លែឈើតាមរដូវកាល វត្ថុអនុស្សាវរីយ៍ សម្ភារៈធ្វើដោយដៃ និងបន្លែ ត្រី សាច់ ជាដើម។

យោងតាមសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្ដិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ” ដាក់ឱ្យប្រើពាក្យស្លោក “ប្រជាជនម្នាក់ទិញផលិតផលខ្មែរយ៉ាងតិចមួយមុខ”។

ការដាក់តាំងបង្ហាញលក់នៅតាមស្ថានីយប្រេងឥន្ធនៈភីធីធី នឹងចាប់ផ្ដើមនៅរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ក្នុងខែមីនា ខែឧសភា ខែកញ្ញា និងខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner