ក្រសួងសង្គមកិច្ច ៖ បិទបញ្ចប់ ការអនុវត្ដកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់

ភ្នំពេញ ៖ ក្រសួងសង្គមកិច្ចបានប្រកាសបិទបញ្ចប់ការអនុវត្ដកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ចាក់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ ។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវកម្មវិធី ជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ កាលពី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី១០ ខែមីនា ២០២៣ ដោយបានបើកផ្ដល់ដល់គ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ជូនប្រជាពលរដ្ឋចំនួន ៩៩ ១៦៩គ្រួសារ គិតជាទឹកប្រាក់ជាង ៤៦ពាន់លានរៀល។

ប៉ុន្តែបច្ចុប្បន្ននេះ ក្រសួងសង្គមកិច្ច បានសូមប្រកាសបិទបញ្ចប់ការអនុវត្តកម្មវិធី ជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដោយទុករយៈពេល ១សប្តាហ៍ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ សម្រាប់ករណីមានបណ្ដឹងតវ៉ាណាមួយរបស់អ្នកទទួលផល ។

ដោយឡែកសម្រាប់អ្នកទទួលផលទាំងអស់ពីកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីគ្រោះទឹកជំនន់ទាំងអស់ នឹងត្រូវបន្តទទួលផលបន្តពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណាលើកទី២ តទៅ គឺនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដោយប្រើប្រាស់នូវលេខគណនីថ្មី ដែលជូនដំណឹងដោយមូលនិធិជាតិជំនួយសង្គម ៕

ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner