កម្ពុជា ថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលីដែលបានបន្តផ្តល់ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាតំណាងដោយឯកឧត្តមអគ្គបណ្ឌិត សភាចារ្យឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលីដែលបានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងនិងជំនួយបច្ចេកទេស ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

ការលើកឡើងនេះធ្វើឡើងក្នុងកំឡុងពេលឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អូស្រ្តាលី ជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជាលោក Justin Kevin Whyatt ដែលទើបចូលកាន់តំណែងកាលពីថ្ងៃទី៩ខែមីនាឆ្នាំ ២០២៣។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីជំនួប នោះ បានឱ្យដឹងថា នាឱកាសនោះឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានរំឮក ឡើងវិញពីសមិទ្ធិផលនានាដែលសម្រេចបាន កើតចេញពីចំណង មិត្តភាពនៃ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេល កន្លងមក។ឯកឧត្តមបញ្ជាក់ថាទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរនេះ បានផ្តល់ ផ្លែផ្កាគួរជាទីពេញចិត្តទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ កិច្ចសហប្រតិបត្តិការតាមវិស័យរវាងរដ្ឋ និងរដ្ឋ និងពាណិជ្ជកម្ម ទ្វេភាគីរវាងប្រទេសទាំងពីរដែលត្រូវបានពង្រឹង និងពង្រីកឥតឈប់ ឈរ។

ជាក់ស្តែងមានកម្មវិធីនិងគម្រោងជាច្រើនដែលបាន និងកំពុងអនុវត្ត ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលអូស្រ្តាលីដូចជាៈ កម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) កម្មវិធី វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ (3i) កម្មវិធីភាពជាដៃគូសម្រាប់ ហេដ្ឋា រចនាសម្ព័ន្ធ (P4I) កម្មវិធីភាពជាដៃគូមេគង្គ–អូស្ត្រាលី (MAP) និងកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីផ្តល់ សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS)។
ចុងក្រោយនេះគឺ កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការ អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP RED) ដែលមានទំហំ ហិរញ្ញប្បទានឥតសំណងប្រមាណ ៦៥លានដុល្លារអាមេរិក។ទន្ទឹមនេះទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងជាលំដាប់ពីចំនួន ២០៥ លាន ដុល្លារ ក្នុងឆ្នាំ២០១៩ ដល់ ៥២៣លាន ដុល្លារក្នុងឆ្នាំ២០២២។

សេចក្តីប្រកាសបន្តថា៖«ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គបណ្ឌិត សភា ចារ្យ ឧបនាយករដ្ឋមន្រ្តីក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែល បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស ព្រមទាំង គាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សដល់រាជរដ្ឋាភិបាល និងប្រជាជន កម្ពុជា។ ជាពិសេស ជំនួយជាវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ដែល បានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅ កម្ពុជា ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយរបស់ រាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពប៉ិន ប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា»។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតអូស្រ្តាលីលោក Justin Kevin Whyatt មានក្តីសោមនស្សរីករាយដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅប្រទេសកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មានដដែរបញ្ជាក់ថា៖«ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាន ជាពិសេស ឯកឧត្តមបានមើលឃើញជាក់ស្តែងអំពី ការអភិវឌ្ឍលើគ្រប់វិស័យ ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ និងការអនុវត្តកម្មវិធីគាំពារសង្គមប្រកប ដោយជោគជ័យ ទោះបីស្ថិតក្នុងបរិការណ៍នៃការរីករាលដាល ជំងឺ កូវីដ១៩ និងផលវិបាកនៃសង្គ្រាមរវាងប្រទេសរុស្សី និង អ៊ុយក្រែន»។

លោក Justin Kevin Whyatt បញ្ជាក់ថានឹងបន្តពូនជ្រុំ ចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី ឱ្យកាន់តែរឹងមាំ និងជ្រាលជ្រៅថែមទៀត សំដៅរួម ចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា៕

ដោយ៖សុខ រក្សា

ads banner