សម្ដេចក្រឡាហោម ស ខេង៖ កម្ពុជាខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាមិនឱ្យធ្លាក់ចូលក្នុងបញ្ជីប្រផេះជាថ្មី

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែបន្ដខិតខំប្រឹងប្រែង ដើម្បីធ្វើយ៉ាងណាមិនឱ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងបញ្ជីប្រផេះជាថ្មី នៃក្រុមប្រទេសដែលមានហានិភ័យអំពើលាងលុយកខ្វក់។ បើទោះបីអង្គការ FATF បានដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះក៏ពិតមែន ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជា មិនទាន់ស្កប់ស្កល់នូវអ្វីដែលទទួលបាននៅពេលនេះទេ ពោលអ្វីដែលធ្វើបន្ដទៀតនោះ គឺប្រឹងប្រែងដើម្បីកុំឱ្យកម្ពុជាធ្លាក់ចូលបញ្ជីប្រផេះជាថ្មី។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា “បើទោះបីអង្គការ FATF សម្រេចឱ្យកម្ពុជាបានចាកចេញពីបញ្ជីប្រផេះ ប៉ុន្ដែយើងក៏មិនត្រូវស្កប់ស្កល់នឹងលទ្ធផលដែលយើងបានធ្វើនោះទេ។ យើងត្រូវបន្ដខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីជាការពង្រឹងនូវការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋានដែលមានការពាក់ព័ន្ធ ទាំងការវិនិយោគក្នុងស្រុក ក្រៅស្រុក ភ្ញៀវទេសចរនានាដែលមានការពាក់ព័ន្ធ”។

សម្ដេចក្រឡាហោមបានបន្តថា គណៈកម្មការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ កំពុងតែរៀបចំនូវរបាយការណ៍បូកសរុបដកពិសោធន៍ ហើយបន្ទាប់ពីនោះនឹងធ្វើការប្រជុំដើម្បីប្រមូលនូវមតិយោបល់ ឬធាតុចូលនានាហើយដាក់ចេញនូវវិធានការអនុវត្តបន្ដទៀត ដើម្បីធានាថា ធនាគារប្រផេះ ឬខ្មៅ មិនអាចវិលត្រឡប់មកវិញ ហើយយើងមិនត្រូវមោទនភាពភ្លេចខ្លួនធ្វើអ្វីដែលនាំឱ្យប៉ះពាល់អាច នឹងធ្លាក់ក្នុងបញ្ជីប្រផេះដូចមុនទេ ព្រោះយើងធ្លាប់ធ្លាក់ម្ដងហើយ។ ត្រង់ចំណុចនេះ សម្ដេចបានសង្កត់ធ្ងន់ថា កិច្ចការងារនេះមិនមែនបុគ្គលណា ឬអង្គភាពណាធ្វើតែម្នាក់ឯងបានទេ គឺត្រូវតែរួមជាមួយគ្នាទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងបទល្មើសមិនប្រពៃណីផ្សេងទៀត ក៏នៅតែជាកម្មវត្ថុដែលយើងមិនអាចបន្ថូរបន្ថយបានទេ ព្រោះក៏ជះឥទ្ធិពលដល់ការសម្អាតប្រាក់ដែរ ឬបញ្ហាដទៃទៀត។

សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានប្រកាសជាផ្លូវការ ក្នុងការដកប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់។ ប្រទេសកម្ពុជា ធ្លាប់ត្រូវបាន អង្គការ FATF ដាក់ឱ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ រយៈពេល៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩៕
ដោយ៖ពលជ័យ

ads banner