យូនីសេហ្វកម្ពុជា និង អង្គការសង្រ្គោះកុមារ ប្រចាំកម្ពុជា រួមគ្នា រៀបចំ វេទិកាពាក់ព័ន្ធសិទ្ធិកុមារនិងធុរកិច្ច
ភ្នំពេញ៖ យូនីសេហ្វកម្ពុជា និងអង្គការសង្រ្គោះកុមារ ( Save the Children) ប្រចាំកម្ពុជា បានរួមគ្នារៀបចំវេទិកាមួយដើម្បី ប្រារឰខួប លើកទី១០ នៃការប្រកាសដាក់ឱ្យប្រើប្រាស់ជាសាកលនូវ គោលការណ៍ សិទ្ធិកុមារ និងធុរកិច្ច ដែលវេទិកានេះដើម្បីផ្តល់ការណែ នាំ ដល់ធុរកិច្ច ដោយដាក់បញ្ចូលសិទ្ធិកុមារទៅក្នុងយុទ្ធសាស្ត្រ និង សកម្មភាពអាជីវកម្មរបស់ពួកគេ។
វេទិកានេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៣ នៅ រាជ ធានីភ្នំពេញ ដោយមានតំណាងចំនួន៥០រូប មកពីវិស័យឯកជន រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ បានចូលរួមក្នុងវេទិកានេះ ដើម្បីពិភាក្សាអំពីទំនួលខុសត្រូវរបស់ធុរកិច្ចទាក់ទងនឹងសិទ្ធិកុមារ អបអរសាទរវឌ្ឍនភាពដែលសម្រេចបានកន្លងមក និងឯកភាពគ្នា លើអាទិភាពសម្រាប់រយៈពេល ១០ ឆ្នាំខាងមុខ ។
វាគ្មិនសំខាន់ៗនៅក្នុងវេទិកានេះ រួមមាន អនុរដ្ឋលេខាធិការ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុឯកឧត្តម ហួត ពុំលោក វីល ផាកស៍ នាយក យូនីសេហ្វប្រចាំកម្ពុជា និងលោក ហុង រស្មី នាយកអង្គការ Save the Children ប្រចាំកម្ពុជា ។
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឯកឧត្តម ហួត ពុំ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សច្ចាប័នលើ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារក្នុងឆ្នាំ១៩៩២ ហើយនៅតែបន្តប្តេជ្ញាចិត្តក្នុងការការពារ និងបំពេញនូវសិទ្ធិកុមារ គ្រប់រូប។ លោកបន្តថា កុមារទាំងអស់ស្ថិតក្រោមផលប៉ះពាល់ពី សកម្មភាព នៃវិស័យធុរកិច្ច មិនត្រឹមតែក្នុងនាមជាអ្នកប្រើប្រាស់ ប៉ុណ្ណោះទេ ប៉ុន្តែជាបុគ្គលិក និងអ្នកដឹកនាំធុរកិច្ចនាពេលអនាគត ផងដែរ។ ឯកឧត្តមបញ្ជាក់ថា គោលការណ៍ធុរកិច្ច និងសិទ្ធិកុមារ បានផ្តល់ជាមគ្គុទេ្ទសក៏ដ៏សំខាន់ ខណៈរដ្ឋាភិបាលបានធ្វើការ ជាមួយ វិស័យឯកជន ដើម្បីដាក់បញ្ចូលសិទ្ធិកុមារជាស្នូលនៃសេដ្ឋកិច្ចកម្ពុជា។ ថ្ងៃនេះ យើងទទួលស្គាល់វឌ្ឍនភាពដែលសម្រេចបានក្នុងរយៈពេលដប់ ឆ្នាំចុងក្រោយនេះ ហើយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការ ធ្វើឱ្យ មានវឌ្ឍនភាពបន្ថែមទៀតក្នុងរយៈពេល១០ឆ្នាំខាងមុខ ។
ឯកឧត្តមយល់ថា វេទិកានេះ គឺជាឱកាសដើម្បីលើកទឹកចិត្ត និង ជំរុញធុរកិច្ចឱ្យទទួលយកការអនុវត្តប្រកបដោយការទទួលខុសត្រូវ ដោយដាក់សិទ្ធិកុមារជាអាទិភាពរបស់គេ។
លោក វីល ផាកស៍ នាយកយូនីសេហ្វកម្ពុជា មានប្រសាសន៍ថា ជីវិតរបស់កុមាររងផលប៉ះពាល់ពីវិស័យឯកជនជារៀងរាល់ថ្ងៃ ហើយជាការសំខាន់ខ្លាំងណាស់ដែលធុរកិច្ចត្រូវធ្វើសកម្មភាពយ៉ាងណាដើម្បីផ្តល់តម្លៃ គោរព និងគាំទ្រដល់សិទ្ធិរបស់កុមារ”។ លោកបន្តថា ការបំពេញកិច្ចសន្យារបស់គោលការណ៍ស្តីពីសិទ្ធិកុមារ និងធុរកិច្ច អាចសម្រេចបានលុះត្រាណាតែមានកិច្ចសហការគ្នាយ៉ាង ជិតស្និទ្ធរវាងធុរកិច្ច រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។ លោកបន្តថា យើងអាចមានមោទនភាពចំពោះវឌ្ឍនភាពដែលយើងសម្រេចបានកន្លងមក ដូចជាការរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្តីពីកិច្ចការពារកុមារ ដោយរាជរដ្ឋាភិបាល ប៉ុន្តែយើងក៏ត្រូវតែទទួលស្គាល់ផងដែរថា យើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើបន្ត។
បន្ថែមពីនេះ លោកអំពាវនាវដល់វិស័យសាធារណៈ និងឯកជនឱ្យ បង្កើន ទ្វេដងនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការដាក់បញ្ចូលសិទ្ធិកុមារ ជាបញ្ហាស្នូលនៃប្រតិបត្តិការធុរកិច្ច ។
លោក រស្មី ហុង នាយកអង្គការ Save the Children ប្រចាំកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍បិទវេទិកានេះ ដោយលោកបានកត់ សម្គាល់ពីផលវិជ្ជមានពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមកលើកុមារ ប៉ុន្តែក៏បានគូសបញ្ជាក់ផងដែរថា ពួកគេនៅតែប្រឈមមុខនឹងបញ្ហា ជាច្រើន ជាពិសេសបន្ទាប់ពីមានជំងឺរាតត្បាតជាសកល។ ជាមួយគ្នានេះលោក អំពាវនាវដល់លោក លោកស្រី ឱ្យបន្តការប្តេជ្ញា ចិត្តក្នុងការគោរពសិទ្ធិកុមារនៅក្នុងគ្រប់ទិដ្ឋភាពនៃយុទ្ធសាស្ត្រ និង ប្រតិបត្តិការធុរកិច្ចរបស់លោកអ្នក។
លោកបន្តថា សូមចងចាំថា ការគាំទ្ររបស់អ្នកចំពោះនិយោជិតនិង សហគមន៍ របស់អ្នកនិងការផ្លាស់ប្តូរដែលអ្នកបាន បង្កើត នៅ ក្នុង ការងាររបស់អ្នកនិងនៅក្នុងទីផ្សារអាចផ្តល់ផលវិជ្ជមានមកលើជីវិតរបស់កុមារ។ យូនីសេហ្វ និងអង្គការ Save the Children នឹង បន្តគាំទ្រកុមារ គ្រួសារ និងសហគមន៍របស់ពួកគេ ហើយយើងនឹង មានវត្តមាននៅទីនេះជានិច្ចសម្រាប់អ្នកផងដែរ ក្នុងនាមជាដៃគូ ពីព្រោះយើងអាចបង្កើតលទ្ធផលកាន់តែច្រើន នៅពេលយើង សហការគ្នា»។
គោលការណ៍សិទ្ធិកុមារ និងធុរកិច្ច ត្រូវបានបង្កើតឡើងដោយ យូនីសេហ្វ អង្គការ Save the Children និង UN Global Compact ក្នុងឆ្នាំ២០១២ ដើម្បីផ្តល់ការណែនាំសម្រាប់ធុរកិច្ចស្តីពី ការដាក់សិទ្ធិកុមារជាស្នូល នៃគោលនយោបាយ និងប្រតិបត្តិការ របស់ពួកគេ។ កុមារទទួលរងឥទ្ធិពលពីវិស័យឯកជនក្នុងនាមជាអ្នកប្រើប្រាស់ផលិតផល និងសេវាកម្ម តាមរយៈការទទួលព័ត៌មានពីការផ្សព្វផ្សាយលក់ និងការផ្សាយពាណិជ្ជកម្មក្នុងនាមជាអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថល ឬតាមរយៈបរិស្ថានដែលពួកគេរស់នៅ និងលេងកម្សាន្ត៕
ដោយ៖សុខ រក្សា