រដ្ឋមន្ត្រី ថោង ខុន ចាត់ទុកព្រឹត្តិការណ៍ទេសចរណ៍នានាជួយផ្សព្វផ្សាយផលិតផលកសិកម្ម បរិស្ថាន និងវប្បធម៌ ទៅដល់ ទេសចរផ្ទាល់
ខេត្តកំពង់ធំ ៖ ក្នុងកម្មវិធីបិទពិធីបុណ្យទន្លេលើកទី៧ រាត្រីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ទេសចរណ៍គឺជាការនាំចេញនៅនឹងកន្លែង ពីព្រោះកាលណាមានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នានា គឺមានការចូលរួមផ្សព្វផ្សាយពីសឹងគ្រប់វិស័យ ដូចជា វិស័យកសិកម្ម សិប្បកម្ម និងសហគ្រាស, វិស័យបរិស្ថាន សហគមន៍, វិស័យវប្បធម៌ សិល្បៈ, វិស័យកីឡា ព្រមទាំងការអប់រំ ណែនាំ ផ្សព្វផ្សាយជាច្រើនទៀត។
ឯកឧត្តមថ្លែងថា «វិស័យទេសចរណ៍ជាអ្នកលក់, វិស័យកសិកម្ម គឺជាអ្នកផលិត, វិស័យបរិស្ថាន គឺជាអ្នកផលិតផង និងការពារផង, រីឯវិស័យវប្បធម៌ គឺជាអ្នកការពារផង និងផ្សព្វផ្សាយផង ដូច្នេះការផ្សព្វផ្សាយផលិតផលទាំងនោះគឺតាមរយៈព្រឹត្តិការណ៍ទេសចរណ៍នេះឯង»។
ឯកឧត្តម រដ្ឋមន្រ្តី បានបន្តថា ការអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាការរៀបចំឱ្យមានព្រឹត្តិការណ៍ទេសចរណ៍នានា គឺខិតខំប្រឹងប្រែងជួយដល់ការអភិវឌ្ឍកសិកម្ម វិស័យបរិស្ថាន វិស័យវប្បធម៌។ ឯកឧត្តម ថា សម្ដេចតេជោនាយករដ្ឋមន្ត្រីតែងមានប្រសាសន៍រាល់ពេលថា ទេសចរណ៍គឺជាការនាំចេញនៅនឹងកន្លែង ផលិតផលទាំងអស់គឺយកមកដាក់តាំងលក់ក្នុងពិព័រណ៍ផលិតផលក្នុងស្រុក ដើម្បីឱ្យប្រជាជនទិញប្រើប្រាស់បាន។
ឯកឧត្តម បានបន្តថា វិស័យវប្បធម៌ គឺពង្រឹងការគ្រប់គ្រងតំបន់បេតិកភណ្ឌ សហគមន៍របស់ប្រជាពលរដ្ឋ របស់របរប្រើប្រាស់ជាប្រពៃណី ពង្រឹងសមត្ថភាពការសម្ដែងរបស់ក្រុមសិល្បៈ ដើម្បីបង្ហាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិតាមរយៈព្រឹត្តិការណ៍ទេសចរណ៍។ប្រទេសកម្ពុជាមានសក្ដានុពលវប្បធម៌យ៉ាងច្រើន ទាំងវប្បធម៌រូបី-អរូបី ប្រវត្តិសាស្ត្រ បេតិកភណ្ឌ និងភាពសម្បូរបែបផ្សេងទៀតនៃវិស័យវប្បធម៌ខ្មែរ។ កម្ពុជាគឺមានបណ្ដាញទេសចរណ៍បេតិកភណ្ឌពិភពលោកនៅជាប់ៗគ្នា ដែលមិនមានប្រទេសណាងាយមានដូចនោះទេ។
ឯកឧត្តម បានគូសបញ្ជាក់ថា វិស័យបរិស្ថានក៏ដូច្នេះដែរ កាលណាមានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នានា គឺជាឱកាសសម្រាប់ផ្សព្វផ្សាយផលិតផលរបស់សហគមន៍ព្រៃឈើ សហគមន៍អេកូទេសចរណ៍ និងសហគមន៍ផ្សេងទៀតដែលនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងអង្គការនានា។ ព្រឹត្តិការណ៍ទេសចរណ៍ក៏ជាឱកាសសម្រាប់អប់រំ ណែនាំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ យុវជន និស្សិត សិស្សានុសិស្សឱ្យចូលរួមថែរក្សាការពារព្រៃឈើ បរិស្ថាន អនាម័យ ភាពបៃតង ការទុកដាក់សំរាមនិងកាកសំណល់ ពីព្រោះភាពស្អាតជាភាពទាក់ទាញមួយ។
ចំពោះរដ្ឋបាលខេត្តម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍នីមួយៗក៏ខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ តុបតែងរៀបចំសោភ័ណភាព និងអប់រំផ្សព្វផ្សាយជូនប្រជាពលរដ្ឋយ៉ាងសកម្មផងដែរ។
គួរជម្រាបថា នាឱកាសរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ គឺមានផលិតផលខ្មែរជាង ៥០០មុខ ត្រូវបាននាំមកបង្ហាញ ផ្សព្វផ្សាយ និងដាក់លក់នៅតាមស្ដង់ពិព័រណ៍ដែលផលិតបានក្នុងស្រុក និងដោយស្នាដៃកូនខ្មែរសុទ្ធសាធ ៕ ជាវ ចន្ធូ









