នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៧៤បានចែងថា៖ រដ្ឋជួយឧបត្ថម្ភជនពិការ ដល់គ្រួសារយុទ្ធជន ដែលបានបូជាជីវិតដើម្បីប្រទេសជាតិ
បន្ទាយមានជ័យ ៖ ក្នុងពិធីបើកផ្តល់របបគោលនយោបាយចំពោះជនពិការក្រីក្រតាមសហគមន៍ ចំនួន ៤៩៨នាក់ក្នុងឃុំទាំង១៣ នៃស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងថា នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៧៤បានចែងថា៖ រដ្ឋជួយឧបត្ថម្ភជនពិការ ដល់គ្រួសារយុទ្ធជន ដែលបានបូជាជីវិតដើម្បីប្រទេសជាតិ ។
ឯកឧត្ដម អ៊ុ រាត្រី បន្តថា ៖ ជនមានពិការភាព ដែលត្រូវទទួលរបបគោលនយោបាយនៅ ស្រុកមង្គលបូរី នាពេលនេះមានចំនួន ៤៩៨ នាក់ ។ ក្នុងនោះជនពិការក្រីក្រកំរិតធ្ងន់ចំនួន
៣១៦នាក់ (ទទួលរបបគោល នយោបាយចំនួន១២ខែ), កំរិតមធ្យមចំនួន ១៨២នាក់ (ទទួលរបបគោលនយោបាយចំនួន ០៦ខែ) សរុបទឹកប្រាក់ បើកផ្តល់ជូនចំនួន ៩៧.៦៨០,០០០៛០០ (កៅសិបប្រាំពីរលានប្រាំមួយរយប៉ែតសិបពាន់ រៀលគត់) ។
ឯកឧត្ដម អភិបាលខេត្ត បន្តទៀតថា ក្នុងចំណោមជនមានពិការភាពទាំង ៤៩៨ នាក់នេះ មានប្រភេទពិការដូចជា៖ ពិការកាយសម្បទា ពិការ ញាណដឹង ពិការសតិបញ្ញា ពិការផ្លូវចិត្ត និងប្រភេទពីការផ្សេងៗទៀតដែលបានបាត់បង់ ឬខូចខាតសរីរាង្គ ណាមួយដែលនាំឲ្យមានលក្ខណៈមិនប្រក្រតី ដែលបណ្តាលឲ្យមានការរំខានដល់ជីវភាពរស់នៅ ឬសកម្មភាពនានា ប្រចាំថ្ងៃ ព្រមទាំងមានឱកាសតិចតួចក្នុងការរកប្រាក់ចំណូល។
លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យឱ្យដឹងថា ៖ ចាប់តាំងពីឆ្នាំ២០២០ នាយកដ្ឋានសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មពិការភាព ដែលអាចប្រើប្រាស់បានទូលំទូលាយ ជាមួយវិស័យផ្សេងៗ និងបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពឲ្យទទួលបានអត្តសញ្ញាណប័ណ្ណ ពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋា។
លោក ប្រធានមន្ទីរសង្គមកិច្ច បន្តថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានពិការភាព (DMIS) ក្នុងគោលបំណង រៀបចំទិន្នន័យអត្តសញ្ញាណកម្មពិការភាពដែលមានលក្ខណៈស្តង់ដាររួមមួយតាមប្រព័ន្ធបច្ចេកវិទ្យា និង គ្រប់គ្រងព័ត៌មានពិការភាព សម្រាប់ជាមូលដ្ឋានកំណត់ក្រុមគោលដៅជនមានពិការភាព ៕
ដោយ៖ ឃិន គន្ធា










