ប្រជាពលរដ្ឋ ១៤០៥នាក់ នៅក្រុងកែបទទួលបានចង្ក្រាន សន្សំសំចៃថាមពល ដែលឧបត្ថម ដោយ ក្រុមហ៊ុន SIPCO
កែប ៖ នៅរសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៣ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មាធិការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានទី១ នៃសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អមដំណើរ ដោយ ឯកឧត្តបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និង លោកជំទាវ ស ម៉ាលីដា ប្រធានកិត្តិយសសមាគមនារីខេត្តកែប រួមជាមួយ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត លោកជំទាវ ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីចែកនូវចង្រ្កានសន្សំសំចៃថាមពល ជូនដល់ប្រជាពលរដ្ឋចំនួន ១,៤០៥នាក់ មកពីភូមិចំនួន៧ នៃក្រុងកែប។

លោកជំទាវ មាន សំអាន ថ្លែងថា ការផ្ដល់សម្ភារនេះ ក្នុងគោលបំណងចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋនៅសហគមន៍ និងរួមចំណែកគាំទ្រការពារបរិស្ថាន ព្រមទាំងកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ ជាចំណែកមួយ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដេីម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ពិសេសរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមិនថានៅទីជនបទឬក៏ទីប្រជុំជនឡើយ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន SIPCO ដែលបានជួយឧបត្ថម្ភដោយឥតគិតថ្លៃនូវចង្រ្កានសន្សំសំចៃថាមពល ជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តកែប តាមរយៈសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាពេលនេះ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានបញ្ជាក់បន្ថែមថា៖ ថ្ងៃនេះក៏ជាការគិតគូរមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាល តាមរយៈ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដោយបានគៀគរ ពីដៃគូរអភិវឌ្ឍ សំដៅជួយសម្រួល ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទ ដាច់ស្រយាល ក៏ដូចជាបងប្អូនដែលនៅបន្តប្រើប្រាស់នូវថាមពលអុសឬធ្យូង ដែលសំភារៈ ត្រូវប្រគល់ជូននេះនឹងជូយសន្សំសំចៃលើការចំណាយប្រចាំថ្ងៃ រហូតដល់ ៧០% ៕ Sila Sarin

