ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ៖ កម្មវិធីបណ្តុះបណ្តាល ស្តីពីយុវជនឆ្ពោះទៅកាន់ការបោះឆ្នោត មានសារៈសំខាន់ សំដៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតសកលថ្នាក់ជាតិនាពេលខាងមុខ
ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន មានប្រសាសន៍ ថា កម្មវិធីបណ្តុះបណ្តាលយុវជនមានសារៈសំខាន់ណាស់ ដើម្បីគោលបំណង ពង្រីកសមត្ថភាព, បំពាក់បំប៉នការយល់ដឹងផ្នែកច្បាប់ និង នីតិវិធីបោះឆ្នោត, ពង្រឹងស្មារតីទទួលខុសត្រូវ និង សាមគ្គីភាពរបស់មន្ត្រីបក្ស, ជាពិសេស យុវជនបក្សរបស់យើង ក្នុងក្របខណ្ឌនៃយុទ្ធនាការត្រៀមលក្ខណៈឱ្យបានពេញលេញ សំដៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតសកលថ្នាក់ជាតិ នាពេលដ៏ខ្លីខាងមុខ, ពោលគឺ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យទី២៣ ខែ កក្កដា ឆ្នាំ២០២៣នេះ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងបែបនេះ ក្នុងពិធីបើក «កម្មវិធីបណ្តុះបណ្តាល ស្តីពីយុវជនឆ្ពោះទៅកាន់ការបោះឆ្នោត» ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា ក៨៥ ។
ឯកឧត្តមអគ្គបណ្ឌិត បន្តថា ការពង្រឹងសមត្ថភាព និង ការពង្រីកចំណេះដឹង គឺជាកិច្ចការដែលគប្បីត្រូវធ្វើឡើងជាបន្តបន្ទាប់ ស្របតាមពាក្យស្លោក «រៀនឥតឈប់» ឬ «រៀនពេញមួយជីវិត» (Life-Long Learning) ។ គោលការណ៍នេះគួរត្រូវបានប្រកាន់ខ្ជាប់, ទាំងក្នុងក្របខណ្ឌគណបក្ស និង ក្នុងក្របខណ្ឌរដ្ឋ, ដែលមានន័យថា យើងទាំងអស់គ្នាមិនត្រូវស្កប់ស្កល់ ឬ លង់លក់នឹងសមិទ្ធផល ក៏ដូចជាជ័យជម្នះរបស់យើងឡើយ ។ ក្នុងន័យនេះ, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា តែងតែដាស់តឿនយើងគ្រប់គ្នាថា គណបក្សប្រជាជនកម្ពុជា ត្រូវតែខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើងជាលំដាប់ ដើម្បីឱ្យស័ក្ដិសមទៅនឹងការផ្ដល់សេចក្ដីទុកចិត្តដ៏ធំធេង ពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស នៅក្នុងការបោះឆ្នោតនាពេលកន្លងមក ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ក៏បានចែករំលែកជាទស្សនទាន និង ជាអនុសា សន៍មួយចំនួនដល់យុវជនគណបក្ស នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រាប់ការបំពេញការងារ, ទាំងក្នុងការងារគណបក្ស និង ការងាររដ្ឋ, ជាពិសេស ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នៃរដ្ឋសភា នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីអាចសម្រេចគោលនយោបាយ របស់គណបក្ស និង របស់រាជរដ្ឋាភិបាល ប្រកបដោយគុណភាព, ផលិតភាព និង ប្រសិទ្ធភាព ៕ ដោយ ៖ ប៊ុន ធី


