សម្តេចតេជោ ហ៊ុន សែន អបអរសាទរចំពោះ ឯកឧត្តម លី ឈាង ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីចិន
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងការអបអរសាទរចំពោះ ឯកឧត្តម លី ឈាង ក្នុងឱកាសដែលដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានទទួលព័ត៌មានថា ឯកឧត្តម ត្រូវបានតែងតាំងជានាយករដ្ឋមន្តី នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមសម្ដែងនូវ អំណរសាទរយ៉ាងកក់ក្តៅបំផុតជូន ឯកឧត្ដម ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ និងសូមជូនពរបវរមហាប្រសើរ ឱ្យទទួលបានជោគជ័យធំធេងថែមទៀតជូនចំពោះ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនចិន។
ការតែងតាំង ឯកឧត្ដម ក្នុងតួនាទីដ៏ឧត្តុង្គឧត្តម និងមានសារសំខាន់នេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីការជឿជាក់ និងទំនុកចិត្ត ដែលរដ្ឋាភិបាល និងប្រជាជនចិន មានចំពោះ ឯកឧត្តម។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា តាមរយៈភាពជាអ្នកដឹកនាំ ប្រកបដោយសមត្ថភាព និងបទពិសោធន៍ច្រើនឆ្នាំរបស់ ឯកឧត្តម ប្រទេសចិននឹងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍យូរអង្វែងរបស់ខ្លួន ជំរុញភាពរុងរឿងដ៏អស្ចារ្យ និង ដើរតួនាទីកាន់តែសំខាន់ថែមទៀត នៅលើឆាកអន្តរជាតិ។
ខណៈប្រទេសទាំងពីរ កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទនងការទូត ជា ប្រពៃណី យូរអង្វែង ដែលបាន និងកំពុងបន្តរីកចម្រើនកាន់តែរឹងមាំថែមទៀត ខ្ញុំសូមធានាជាថ្មីជូន ចំពោះ ឯកឧត្តម នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន សំដៅអភិវឌ្ឍកិច្ចសហប្រតិបត្តិការត្បូងពេជ្ររបស់យើង ពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីប្រយោជន៍ ទៅវិញទៅមករបស់ប្រទេស និងប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងពិភពលោក។
សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ និងសូមជូនពរ ឯកឧត្តម មានសុខភាពល្អ ៕ ដោយ ៖ វណ្ណលុក

