ក្រសួងបរិស្ថានបានជួយសហគមន៍បង្កើនជីវភាពនិងការអភិរក្សធនធានធម្មជាតិ

ខេត្តកោះកុង ៖ សហគមន៍តំបន់ការពារធម្មជាតិ បានទទួលការគាំទ្រជាខ្សែក្រវ៉ាត់បៃតង ក្នុងការជួយគ្រប់គ្រងធនធានធម្មជាតិ។ ក្នុងពេលកន្លងទៅនេះ ក្រសួងបរិស្ថានបានគាំទ្រជាមូលនិធិ ជួយដល់សហគមន៍នៅតាមតំបនម់ការពារធម្មជាតិ ដើម្បីពង្រឹងការបង្កើនជីវភាពប្រជាពលរដ្ឋ និងការអភិរក្សធនធានធម្មជាតិ ។

សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ជាសហគមន៍តំបន់ការពារធម្មជាតិមួយនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង បានទទួលជំនួយមូលនិធិពីក្រសួង សាងសង់ស្ពានឆ្លងកាត់អូរ ជណ្តើរឡើងទៅកាន់ភ្នំម្រេចកង្កែប ក្នុងនោះមានស្ពាន ជណ្តើរ ប្រកាន់ដៃសុវត្តិភាព ដែលបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅកម្សាន្តទៅលើភ្នំម្រេចកង្កែប ។

ភ្នំម្រេចកង្កែប គឺស្ថិតនៅក្នុងតំបន់ស្ទឹងអារ៉ែង ក្នុងភូមិច្រកឫស្សី ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។ ភ្នំម្រេចកង្កែប តំបន់ធម្មជាតិមួយកន្លែង ដែលមានសក្តានុពលទេសចរណ៍ធម្មជាតិ ល្អឯក ប្រៀបដូចឋានសួគ៌ សម្រាប់អ្នកទេសចរផ្សងព្រេង ដែលនៅពេលបានមកដល់ និងបានទស្សនា ស្ទឹងពពក សមុទ្រឈើ សត្វព្រៃ ទឹកជ្រោះល្អស្រស់គ្មានគូប្រៀប ហ្វូងសត្វហិចហើរលើអាកាស ចម្ការដំណាំរបស់បងប្អូនជនជាតិដើមភាគតិច នៃតំបន់អារ៉ែង និងតំបន់បុរាណជាដើម។

លោក ឡុង កយ ប្រធានសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែងបានឱ្យដឹងថា កាលពីឆ្នាំ ២០១៩ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងបរិស្ថាន ដែលបានអញ្ជើញទៅទស្សនកិច្ចនៅតំបន់ភ្នំម្រេចកង្កែបនេះឃើញមានស្ថានភាពលំបាក ហើយបានឱ្យសហគមន៍ស្នើសុំការអភិវឌ្ឍន៍តំបន់ភ្នំម្រេចកង្កែប។ រហូតមកដល់ចុងឆ្នាំ ២០២១ មន្រ្តីនៃមន្ទីរបរិស្ថានខេត្តកោះកុង បានសម្របសម្រួលជាមួយសហគមន៍ បានកសាង និងអភិវឌ្ឍន៍តំបន់ភ្នំម្រេចកង្កែប បានចាប់ផ្តើម ក្នុងនេះបានសាងសង់ស្ពានឆ្លងកាត់អូរមួយចំនួន បានធ្វើជណ្តើរឡើង ធ្វើបន្ទប់ទឹកស្អាត មានអនាម័យ សាសង់ជារនាំងការពារសុវត្តិភាព បំពាក់ប្រព័ន្ធទឹកស្អាតរួមមាន ស៊ីទែនទឹក សូឡា និងសាងសង់ផ្ទះចុងភៅ១ខ្នងផងដែរ។ សម្រាប់សមិទ្ធិផលទាំងអស់នេះបានធ្វើរួចរាល់នៅអំឡុងដើមឆ្នាំ ២០២២កន្លងមក ដែលជួយឱ្យអ្នកទេសចរណ៍ងាយស្រួលធ្វើដំណើរកម្សាន្តទីកន្លែងនេះ និងចំនួនភ្ញៀវទេសចរណ៍កើនឡើងបន្តបន្ទាប់។

ប្រធានសហគមន៍រូបនេះបានប្រាប់ថា៖ភ្នំម្រេចកង្កែបបានក្លាយជាតំបន់រមណីយដ្ឋានបែបធម្មជាតិ ស្ទើរគ្រប់រដូវកាល ហើយនៅពេលភ្ញៀវទេសចរបាន ទៅដល់ពយម្រេចកង្កែបនៅលើភ្នំកម្ពស់ប្រមាណជាង ៤៥០ ម៉ែត្រ គឺពួកគាត់អាចបោះតង់ ឬចងអង្រឹង សម្រាកក្រោមដើមឈើដ៏ត្រជាក់ល្ហឹមគ្រប់រដូវកាល។

លោកបន្តថា ភ្ញៀវទេសចរដែលមានបំណងទៅកម្សាន្តនៅទីនោះ អាចទំនាក់ទំនងទៅសហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង ដោយប្រជាសហគមន៍ មានផ្តល់សេវាកម្មទេសចរណ៍ ដូចជា ការរៀបចំម្ហូបអាហារ ការផ្តល់សុវត្ថិភាព និងការនាំផ្លូវ ដើម្បីបង្កលក្ខណៈងាយស្រួលជូនភ្ញៀវទេសចរ។

លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថាន ខេត្តកោះកុងបានឱ្យដឹងថា៖ តំបន់ភ្នំម្រេចកង្កែបជាកន្លែងអេកូទេសចរណ៍ដ៏ល្អប្រណិតនៅក្នុងតំបន់ការពារធម្មជាតិ។ តាមរយៈការកើនឡើងនៃភ្ញៀវទេសចរកន្លងមក បានផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់ប្រជាសហគមន៍ក្នុងនេះដូចជា ជួលសេវាសហគមន៍ ទិញម្ហូបអាហារប្រចាំមូលដ្ឋានសហគមន៍ ការជូនភ្ញៀវទេសចរដែលពួកគាត់អាចទទួលចំណូលបន្ថែមទៅលើមុខរបរប្រចាំថ្ងៃរបស់ពួកគាត់។

គួរបញ្ជាក់ថា កាលពីអំឡុងពាក់កណ្តាលឆ្នាំ២០២២មន្ទីរបរិស្ថានខេត្តកោះកុងបានរកឃើញ តំបន់ទឹកធ្លាក់ដ៏ មានសក្តានុពល នៃអេកូទេសចរណ៍ធម្មជាតិ មួយកន្លែង ដែលបានបង្កប់លាក់ខ្លួន នៅលើខ្នងភ្នំម្រេចកង្កែបនេះ ។

លោក វ៉េត សុនីម បានប្រាប់ឱ្យដឹងថាៈ ទឹកធ្លាក់ដែលបានបង្កប់ លាក់ខ្លួនក្នុងព្រៃ ទើបរកឃើញនេះ មានឈ្មោះ ទឹកធ្លាក់ ” ឆាយតាភោគ ” មានទីតាំង នៅលើខ្នងភ្នំម្រេចកង្កែប ស្ថិតក្នុងភូមិច្រកឫស្សី ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ដែលទឹកធ្លាក់នេះ មានកម្ពស់ប្រមាណ ១៥ ម៉ែត្រ ហូរធ្លាក់ចុះមកក្រោម ហើយមានចំងាយ ពីទីតាំង ពយម្រេចកង្កែប ប្រវែងប្រមាណ ២៥០ ម៉ែត្រ ទៅដល់ទីតាំងទឹកធ្លាក់។

លោក អនុប្រធានមន្ទីរបរិស្ថានបានបញ្ជាក់ថាៈ “ តាមពិត ទឹកធ្លាក់មួយកន្លែងនេះ ប្រជាសហគមន៍ នៅកន្លែងនេះ បានស្កាល់យូរលង់ណាស់មកហើយ គ្រាន់តែអ្នកទេសចរនិងក្រុមអ្នកស្រាវជ្រាវ កន្លងមក មិនទាន់ទៅដល់ប៉ុណ្ណោះ។ តំបន់នេះ មានទឹកជ្រោះស្រស់ស្អាត គួរជាទីទាក់ទាញ និងមិនចាញ់ទីតំបន់ទេសចរណ៍ដទៃទៀត ក្នុងតំបន់អារ៉ែងឡើយ” ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner