ឯកឧត្តម ជា វ៉ាន់ដេត៖ ការលះបង់របស់បងប្អូនយោធិនគ្រប់រូបគឺជាការចូលរួមចំណែកការពារនូវសន្តិភាព ស្ថេរភាពនយោបាយ សេដ្ឋកិច្ចនិងការអភិវឌ្ឍ នាពេលបច្ចុប្បន្ន

ខេត្តឧត្តរមានជ័យ៖ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា ការលះបង់របស់បងប្អូនយោធិនគឺជាការចូលរួមចំណែកការពារនូវសន្តិភាព ស្ថេរភាពនយោបាយ សេដ្ឋកិច្ចនិងការអភិវឌ្ឍ នាពេលបច្ចុប្បន្ន ។ ឯកឧត្តម រដ្ឋមន្ត្រីបន្ថែមថា សម្តេចតេជោនាយករដ្ឋមន្ត្រី ជាស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ បាននាំសន្តិភាព ឯកភាពជាតិពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងទាំងអស់គ្នា “អរគុណសន្តិភាព” និងបន្តគាំទ្រយ៉ាងពេញទំហឹង សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅអាណត្តិបន្ទាប់ និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។

ការថ្លែងបែបនេះ របស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាស អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៤១ និងចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាព ស្ថិតនៅភូមិអូរគគីកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនបងប្អូនយុទ្ធជន អំពីវឌ្ឍនភាពការងារវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល, បច្ចុប្បន្នភាពស្ថានភាពនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេសនិងសកលលោក និងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបានដូចជា ការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ក៏ដូចជាភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការធានាបានការអភិវឌ្ឍសេដ្ឋកិច្ច។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹង កិច្ចសហប្រតិបត្តិការសម្ព័ន្ធមេត្រីភាពនេះ រឹតតែត្រូវបានពង្រឹងឱ្យកាន់តែប្រសើរឡើងៗ រួមជាមួយនឹងការបន្តគាំទ្រឧបត្ថម្ភបំពេញតម្រូវការរបស់បងប្អូនយុទ្ធជន ដើម្បីរួមចំណែកការពារសុខសន្តិភាពរបស់ប្រទេសយើងទាំងអស់គ្នា ។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជូនអំណោយជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ព្រមទាំងថវិកា ដើម្បីជួយឧបត្ថម្ភនិងចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាននិងគ្រួសារ និងបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៤១ ៕ អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner