ប្រមុខ អ.ស.ប អំពាវនាវឱ្យបង្កើនថាមពលសន្តិភាពជាថ្មី ខណៈសង្គ្រាមស៊ីរីឈានចូលដល់ខួប ១២ឆ្នាំហើយ
អ.ស.ប៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស ថ្លែងថា សហគមន៍អន្តរជាតិត្រូវតែជួយស៊ីរីឆ្ពោះទៅរកដំណោះស្រាយនយោបាយ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏សាហាវនាពេលថ្មីៗនេះ។
មន្រ្តីកំពូលអង្គការសហប្រជាជាតិបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ឥឡូវនេះគឺជាពេលវេលាសម្រាប់ពួកយើង ក្នុងការធ្វើសកម្មភាពរួមគ្នា ដើម្បីទទួលបានបទឈប់បាញ់ទូទាំងប្រទេស, ជំរុញសេចក្តីប្រាថ្នាស្របច្បាប់របស់ប្រជាជនស៊ីរី និងបង្កើតលក្ខខណ្ឌចាំបាច់ សម្រាប់ការវិលត្រឡប់ដោយស្ម័គ្រចិត្តរបស់ជនភៀសខ្លួន ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ចំពោះអធិបតេយ្យភាព, ឯករាជ្យភាព, ឯកភាព និងបូរណភាពទឹកដីនៃប្រទេសស៊ីរី និងស្ថិរភាពក្នុងតំបន់។
លោក ហ្គូទែរ៉េស បានកត់សម្គាល់ថា ថ្ងៃទី១១ ខែមីនា ជាថ្ងៃប្រារព្ធខួប ១២ឆ្នាំនៃជម្លោះដ៏ចម្រូងចម្រាស, ភាពឃោរឃៅជាប្រព័ន្ធ និងទុក្ខសោករបស់មនុស្សដែលមិនអាចបំភ្លេចបាននៅក្នុងប្រទេសស៊ីរី។ បើតាមប្រមុខអង្គការសហប្រជាជាតិរូបនេះ លោកនៅតែជឿជាក់ថា សន្តិភាពប្រកបដោយនិរន្តរភាពអាចសម្រេចបាន តាមរយៈការប្តេជ្ញាចិត្តដោយភាគីស៊ីរី និងអ្នកពាក់ព័ន្ធអន្តរជាតិសំខាន់ៗ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា


