មនុស្សជិតបីពាន់នាក់ស្នើសុំទិដ្ឋាការរយៈពេលវែងបន្ទាប់ពីថៃដាក់ដំណើរការទិដ្ឋាការប្រភេទនេះបានរយៈពេលបួនខែ
ថៃ៖ កាសែតដឹណេសិនថៃផ្សាយថា មនុស្សជិតបីពាន់នាក់ស្នើ សុំទិដ្ឋាការរយៈពេលវែងបន្ទាប់ពីថៃដាក់ដំណើរការទិដ្ឋការប្រភេទនេះបានរយៈពេលបួនខែ។នេះបើតាមប្រសាសន៍របស់អ្នកស្រី Traisulee Taisaranakul អ្នកនាំពាក្យរដ្ឋាភិបាលថៃ ។
អ្នកស្រីបានប្រាប់អ្នកកាសែតថា គិតត្រឹមខែមីនាឆ្នាំ២០២៣ មាន ជនបរទេសជាអ្នកមានទ្រព្យសម្បត្តិ និងជាអ្នកជំនាញជិត៣.០០០ នាក់ បានដាក់ពាក្យសុំទិដ្ឋាការស្នាក់នៅរយៈពេលវែង (LTR) ថ្មីរបស់ ប្រទេសថៃក្នុងរយៈពេលបួន ខែដំបូង។
ទិដ្ឋាការប្រភេទវែងមានរយៈពេល១០ឆ្នាំត្រូវបានថៃប្រកាសកាលពីថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ២០២២ដើម្បីទាក់ទាញក្រុមហ៊ុនឬមនុស្សមាន ទេពកោសល្យ និងពហុជាតិសាសន៍បរទេសមកកាន់ប្រទេសថៃ។
អ្នកស្រីTraisulee លើកឡើងថា ជនបរទេសសរុបចំនួន២.៩២០ នាក់បានដាក់ពាក្យសុំទិដ្ឋាការ LTR ពីក្រុមប្រឹក្សាវិនិយោគ (BOI) ចន្លោះពីថ្ងៃទី០១ ខែវិច្ឆិកាដល់ថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំនេះ។
អ្នកស្រីបញ្ជាក់ថា ក្នុងចំណោមអ្នកដែលបានដាក់ពាក្យមាន១៩៥នាក់ ជាអ្នកមានទ្រព្យសម្បត្តិស្កុកស្ដម្ភ ,ចំនួន ១០១១នាក់ជនិវត្តន៍ជន ,ចំនួន ៧៧១នាក់ជាអ្នកចង់ទៅធ្វើការនៅប្រទេសថៃ ,ចំនួន៣៩០នាក់ ជា បុគ្គលដែលមានជំនាញ និង ៥៥៣នាក់ជាអ្នករស់នៅក្នុងបន្ទុក។អ្នកស្រីបន្ថែមថា អ្នកសុំទិដ្ឋាការច្រើនជាងគេអ្នកមកពីអឺរ៉ុបចំនួន ៩៤០នាក់ តាមពីក្រោយដោយអ្នកមកសហរដ្ឋអាមេរិក៥១៧នាក់ និងអ្នកមកពីប្រទេសចិន៣២៥នាក់ ក្រៅពីនេះមានមនុស្សមកពី ប្រទេស ផ្សេងៗទៀត។
អ្នកស្រីបញ្ជាក់ថា៖« ការផ្តល់ទិដ្ឋាការ ប្រភេទនេះ ដើម្បីទាក់ទាញ បុគ្គលបរទេសដែលមានជំនាញ និងពហុជាតិសាសន៍ មក ប្រទេសថៃ គឺជាការជំរុញសក្តានុពលនៃកម្លាំងពលកម្មថៃ។
អ្នកទាំងនោះនឹងជួយបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសថៃ។ជនបរទេសដែលមានទេពកោសល្យ និងក្រុមហ៊ុនពហុជាតិសាសន៍ អាចផ្តល់ចំណេះដឹង និងការច្នៃប្រឌិតសម្រាប់ជនជាតិថៃដែល ធ្វើការ ជាមួយពួកគេ»។
លោកស្រីបានបន្ថែមថា ប្រទេសជាច្រើនបានឃើញសក្តានុពល របស់ ប្រទេសថៃក្នុងអំឡុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងបាងកកកាលពីខែវិច្ឆិកាឆ្នាំមុន។
អ្នកស្រីTraisulee បាននិយាយថា ក្រុមប្រឹក្សាវិនិយោគថៃ បាន ប្រគល់សិទ្ធិទៅឱ្យក្រុមហ៊ុន ពហុជាតិជាង ៥០០ដើម្បីបង្កើតទីតាំង ស្នាក់ការ តំបន់របស់ពួកគេ ក្នុងប្រទេសថៃ។
ក្រុមហ៊ុនចម្រុះជាតិសាសន៍ទាំងប្រាំដែលបង្កើតទីស្នាក់ការកណ្តាលក្នុងប្រទេសថៃ រួមមានក្រុមហ៊ុនមកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក សិង្ហបុរី ហុងកុង និងប្រទេសបារាំង។ក្នុងនោះមានក្រុម ហ៊ុនល្បីៗ ដូចជា Agoda, Huawei Technologies, Arcelik Hitachi, Ajinomoto, Nissin Foods, Alstom, Toyota Motor និង Nippon Steel៕
ប្រែសម្រួល៖វណ្ណ ស័ក្ដិ