រដ្ឋមន្ត្រីវប្បធម៌៖ ជំនាញដូនតាខ្មែរប្រឈមនឹងការបាត់បង់ពី មួយជំនាន់ទៅមួយជំនាន់ បើគ្មានការបណ្តុះបណ្តាល

អត្ថបទដោយ៖
CPA

សៀមរាប៖លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រ សិល្បៈបានលើកឡើងថា ចំណេះជំនាញមរតកដូនតាខ្មែរ ប្រឈម នឹងការបាត់បង់ពីមួយជំនាន់ទៅមួយជំនាន់ បើគ្មានកា រ បណ្តុះបណ្តាលទេនោះ ខណៈរដ្ឋាភិបាលបានដាក់ចេញគោល នយោបាយ បណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១,៥លាននាក់ ក្នុង នោះមានចន្លោះពី ២ភាគរយ ទៅ៤ភាគរយជាជំនាញដូនតា។

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នាពិធីបើកជាផ្លូវការនៃមជ្ឈមណ្ឌល បណ្តុះបណ្តាលសិប្បកម្មកម្ពុជា(សច្ចៈ) ក្នុងក្រុងសៀមរាប លោក ជំទាវ ភឿង សកុណា រដ្ឋមន្ត្រីវប្បធម៌ និងវិចិត្រសិល្បៈ បានលើក ឡើងថា ការបណ្តុះបណ្តាលចំណេះជំនាញមរតកដូនតា ពិតជាមាន សារៈសំខាន់ជាខ្លាំង ដែលជាទ្រព្យសម្រាប់កូនចៅជំនាន់ ក្រោយ ដែលដូនតាខ្មែរបានបន្សល់ទុកក្រៅពីប្រាសាទបុរាណ តួយ៉ាងតម្បាញ ស្មូន ចម្លាក់ជាដើម។លោកជំទាវសង្កត់ធ្ងន់ថា ៖ «ជំនាញដូនតា ទាំង អស់នេះ បើមិនមានការបណ្តុះបណ្តាលទេ វានឹងបាត់ពីមួយ ជំនាន់ទៅ មួយជំនាន់»។

ជាមួយគ្នានេះ លោក ព្យែ អង់ដ្រេ អគ្គនាយកមជ្ឈមណ្ឌលបណ្តុះ បណ្តាលសិប្បកម្មកម្ពុជា ក៏បានលើកឡើងដែរ ថា មជ្ឈមណ្ឌល របស់លោកនឹងធ្វើការបណ្តុះបណ្តាលមុខជំណាញសិប្បកម្មចំនួន១១ មុខផ្សេងៗគ្នា រួមមាន ចម្លាក់ឈើ ចម្លាក់ថ្ម តម្បាញ ខ្មុក ជាដើម ដែលផ្តោតសំខាន់ឲ្យសិប្បករខ្មែរដែលបានទទួលការបណ្តុះបណ្តាលមានភាពម្ចាស់ការលើខ្លួនឯង និងអាចគ្រប់គ្រងអាជីវកម្មផ្ទាល់ ខ្លួនបាន។
លោកបានបញ្ជាក់ថា ៖ «នៅសៀមរាប វាជាការចាប់ផ្តើម ប៉ុន្តែវានឹង បន្តមាននៅតាមបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា ស្របតាម ប្រសាសន៍របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ដែលជានិច្ចកាល សម្តេចតែងតែងជំរុញឲ្យមានការបណ្តុះបណ្តាលវិជ្ជាជីវៈនៅគ្រប់ទិសទី»។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ ដើម្បីលើកស្ទួយចំណេះជំនាញមរតកដូនតា ជាមួយផែនការ បណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១,៥លាននាក់នៅក្នុងឆ្នាំ២០២៤ ខាងមុខ ក្នុងនោះមានចន្លោះពី ២ភាគរយ ទៅ ៤ភាគរយជាចំណេះជំនាញដូន តា។តួយ៉ាងតម្បាញ ស្មូន ចម្លាក់ជាដើម។
ពាក់ព័ន្ធនឹងបញ្ហានេះដែរបណ្ឌិតឈត ប៊ុនថង បង្ហាញក្តីព្រួយបារម្ភ ចំពោះ ការ ប្រឈមនឹងការបាត់បង់ចំណេះជំនាញមរតកដូនតា ដោយសារអ្នកជំនាន់ក្រោយហាក់មិនសូវចាប់អារម្មណ៍លើរបបរនេះ និងមិនសូវផ្តល់សារៈសំខាន់ដល់ផលិតផលខ្មែរចេញពីជំនាញដូនតានេះដែរ ខណៈអ្នកជំនាន់ក្រោយច្រើនផ្តល់តម្លៃលើសម្ភារៈនិយម ដែលចេញពីឧស្សាហកម្មទំនើប។

លោកថា ជំនាញដូនតានេះមានសារៈសំខាន់ណាស់ ព្រោះជា កេរមរតកដូនតា ជាអត្តសញ្ញាណជាតិ និងជាតឹកតាងប្រវត្តិសាស្រ្ត នៃវត្តមានអារ្យធម៌ខ្មែរផង។
បណ្ឌិត ឈត ប៊ុនថង បានថ្លែងថា ៖ «យើងគួរបង្កើតមជ្ឈមណ្ឌល បណ្តុះបណ្តាលជំនាញដូនតាហ្នឹង ហើយលើកទឹកចិត្តដល់ពលរដ្ឋ ឬសិប្បករខ្មែរដែលកំពុងបម្រើការលើចំណេះជំនាញដូនតានេះស្រាប់តួយ៉ាងជួយជាធនធាន ជួយរកទីផ្សារ ឬផ្តល់ជំនួយបច្ចេកទេស បន្ថែម ដើម្បីពង្រឹងគុណភាពផលិតផលខ្មែរទាំងនោះ ព្រមទាំងលើកកម្ពស់ឱ្យ មានការប្រើប្រាស់ក្នុងស្រុកផង»។
សម្រាប់លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និង តស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) វីញ ក៏បានប្រាប់ ដែរថា ការជំរុញការបណ្តុះបណ្តាលចំណេះជំនាញដូនតា នេះពិតជា មាន សារៈសំខាន់ដើម្បីលើកកម្ពស់វប្បធម៌ជាតិ។ ក្រៅពីការលើកកម្ពស់ លោកចង់ឱ្យរដ្ឋាភិបាលកម្ពុជាធ្វើការត្រួត ពិនិត្យលើការនាំចូលវត្ថុសិល្បៈបន្លំមួយជាផលិតផលខ្មែរចំនួនពីក្រៅប្រទេសដែលអាចប៉ះពាល់លើសិប្បកម្មខ្មែរ និងកេរឈ្មោះវត្ថុសិល្បៈ ខ្មែរផង។
លោកបន្ថែមថា រដ្ឋគួរមានការបង្កើតកម្មវិធីប្រកួតប្រជែង ស្នាដៃ សិល្បៈ ពិព័រណ៍ផលិតផលខ្មែរ ដែលកើតចេញពីចំណេញជំនាញដូនតា នេះឱ្យបានច្រើនតាមតែអាចធ្វើបាន ដើម្បីបញ្ជ្រាបគុណតម្លៃ និង ផ្សព្វផ្សាយកេរមរតកខ្មែរទាំងនេះឱ្យបានទូលំទូលាយ៕
ដោយ៖សំបាន ច័ន្ទដារ៉ា

ads banner