ដំណើរទស្សនាចរសត្វព្រៃតំបន់ជួរភ្នំក្រវាញ កំពុងស្វែងរកសកម្មភាព ចូលរួមការពារព្រៃឈើ និងសត្វព្រៃនៅតំបន់នោះ

ខេត្តកោះកុង៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងដៃគូសហការរបស់ខ្លួន Baseet បាននិងកំពុងរៀបចំព្រឹត្តិការណ៍ស្តីពី«ដំណើរទស្សនាចរសត្វព្រៃ» ដើម្បីកំពុងស្វែងរកកិច្ចគាំពារចូលរួមការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃតំបន់ជួរភ្នំក្រវាញ។

ព្រឹត្តិការណ៍ដំបូងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមីនា នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយកម្មវិធីបន្ទាប់ប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមីនា នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ខណៈនៅថ្ងៃទី១៤ ខែមីនា នឹងធ្វើឡើងនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង និងកម្មវិធីចុងក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមីនា នៅផ្សារទំនើបអ៊ីអន សែនសុខ រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារប្រយោជន៍នៃព្រៃឈើតំបន់ជួរភ្នំក្រវាញ ដែលបានផ្តល់ជាបទបញ្ញាត្តិទឹកភ្លៀងសម្រាប់កសិកម្ម រហូតឈានទៅដល់ការផ្តល់អាហារូបករណ៍ផ្នែកអប់រំ និងការលក់ឥណទានកាបូនពីព្រៃឈើ។

កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា គោលបំណងនៃដំណើរទស្សនាចរសត្វព្រៃនេះ គឺស្របទៅតាមយុទ្ធនាការផ្សេងទៀតដូចជា៖ ភ្នំក្រវាញជារៀងរហូត និងអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវបានដឹកនាំដោយក្រសួងបរិស្ថាន ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងដំណាក់កាលទី២ ព្រមទាំងគម្រោងរេដបូក ដើម្បីបង្កើតប្រាក់ចំណូលពីការលក់ឥណទានកាបូនព្រៃឈើ។

ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការស្វែងរកការគាំទ្រនេះរួមមាន ការជួយគាំទ្រដល់វិស័យទេសចរណ៍ធម្មជាតិ កសិកម្ម និងអាហារូបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធដូចជាអណ្តូងទឹក និងផ្លូវថ្នល់។

តំបន់ជួរភ្នំក្រវាញ គឺជាចំណុចសំខាន់បំផុតនៃជីវចម្រុះ ដែលជាច្រករបៀងដំរីដែលនៅសេសសល់ចុងក្រោយនៅទ្វីបអាស៊ី និងជាទីជម្រករបស់សត្វព្រៃចំនួន៥២ប្រភេទ កំពុងរងការគំរាមកំហែងដែលត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការIUCN។ ហេតុផលទាំងនេះហើយដែលបានធ្វើឱ្យឥណទានកាបូននៅក្នុងគម្រោងរេដបូកជួរភ្នំក្រវាញ មានតម្លៃផ្នែកហិរញ្ញវត្ថុ និងទទួលបានការចាប់អារម្មណ៍ពីអតិថជននៅទូទាំងពិភពលោក ៕ អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner