បុណ្យផ្កាមហាសាមគ្គីកសាងសាកលវិទ្យាល័យសម្ដេចព្រះសង្ឃរាជ បួរ គ្រី ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយកំពុងដំណើរការសាងសង់អគារសិក្សា នៅទីតាំងទី២ កម្ពស់ ៧ជាន់ គ្រោងចំណាយជាង ៤លានដុល្លារ

ខេត្តកណ្ដាល ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យផ្កាមហាសាមគ្គីកសាងសាកលវិទ្យាល័យសម្ដេចព្រះសង្ឃរាជ បួរ គ្រី ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ថ្លែងថា សាកលវិទ្យាល័យសម្ដេចព្រះសង្ឃរាជ បួរ គ្រី ផ្ដួចផ្ដើមឡើងក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់សម្ដេចព្រះអភិសីរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃកម្ពុជា។

ឯកឧត្តម គង់ សោភ័ណ្ឌ បានឱ្យដឹងថាសាកលវិទ្យាល័យនេះ មានសម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគុណគណធម្មយុត្តិកនិកាយនៃខេត្តកណ្ដាល ជាព្រះសាកលវិទ្យាធិការ មានមហាវិទ្យាល័យចំនួន៥ ដោយកម្មវិធីសិក្សាស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

ឯកឧត្តមអភិបាលឱ្យដឹងទៀតថា មហាវិទ្យាល័យទាំង៥ រួមមានមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា, មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម, មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកកម្ម និងមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ និងទេសចរណ៍ ដោយមានមុខជំនាញសរុបចំនួន ២០ជំនាញ និងបើកបវេសនកាលជំនាន់ទី១ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដោយផ្ដល់អាហារូបករណ៍ ១០០ភាគរយ សម្រាប់ការសិក្សា។

ឯកឧត្តម ថាបច្ចុប្បន្ន សាកលវិទ្យាល័យសម្ដេចព្រះសង្ឃរាជ បួរ គ្រី មានសមណនិស្សិត-និស្សិតកំពុងសិក្សាចំនួន៦០០អង្គ-នាក់ និងមានសាស្រ្តាចារ្យបង្រៀន ២៣អង្គនាក់ និងមានថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិកសរុប៩៧អង្គ-នាក់។ សាកលវិទ្យាល័យនេះមាន២ទីតាំង ដោយទីតាំងទី១មានទីទាំងស្ថិតនៅក្នុងបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ និងទី២ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយកំពុងដំណើរការសាងសង់អគារសិក្សានៅទីតាំងទី២។

អគារសិក្សាកំពុងសាងសង់ ១ខ្នងនៅទីតាំងទី២នោះ ត្រូវបានឯកឧត្តមអភិបាលខេត្តកណ្ដាល បានរាយការណ៍បន្ថែមថា មានកម្ពស់៧ជាន់ មានទំហំ១៤.៦៦៧ម៉ែត្រការ៉េ លើផ្ទៃដី១៤.៣៦៦ម៉ែត្រការ៉េ គ្រោងចំណាយទឹកប្រាក់អស់ជាង ៤លានដុល្លារអាមេរិក ដោយមិនទាន់គិតពីសម្ភារៈបំពាក់ ដោយបច្ចុប្បន្នកំពុងដំណើរការចាក់ជើងតាង និងធ្នឹម ខណៈប្រភពថវិកាបានមកពីការចូលរួមបរិច្ចាគរបស់គណៈសង្ឃ ការប្រារព្ធពិធីបុណ្យផ្កា៣ខែម្ដង និងបានមកពីការនិមន្តសម្ដែងព្រះធម៌ទេសនា បិណ្ឌបាត្ររបស់សម្ដេចព្រះសាកលវិទ្យាធិការ។

សម្ដេចក្រឡាហោម ស ខេង បានទូលប្រគេន និងជម្រាបជូនអង្គពិធីថា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើន លើមាគ៌ានៃការអភិវឌ្ឍ បើទោះបីជាជំងឺកូវីដ-១៩ មិនទាន់ត្រូវបានលុបបំបាត់ទាំងស្រុងក្តី និងត្រូវទទួលរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិក្ដី។

សម្ដេចបានទាញការកត់សម្គាល់ថា សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅ ដ៏សុខដុមរមនារបស់ប្រជាជនត្រូវបានការពារយ៉ាងគត់មត់ ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីគ្នាយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា។ ក្នុងនោះពាក្យស្លោក «អរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ» ត្រូវបានគាំទ្រដោយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទិសទី។

សម្ដេចក្រឡាហោមបានមានប្រសាសន៍ទៀតថា ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ បានបម្រើផ្នែកជំនឿដល់ពុទ្ធបរិស័ទគ្រប់ទិសទីទាំងអស់ មិនតែប៉ុណ្ណោះក៏ជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការចូលរួមរក្សាការពារ សន្តិភាពនៅកម្ពុជា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងបានចូលរួមក្នុងសកម្មភាពជាតិសំខាន់ៗ ជាអាទិ៍ ការទប់ស្កាត់ការជួញដូរមនុស្ស ធ្វើជាទាសភាពក្នុងសម័យទំនើប ដោយបង្រៀនពុទ្ធបរិស័ទឱ្យលើកកំពស់តម្លៃរបស់មនុស្សជាតិ ការពារ និងរក្សា សន្តិភាពជាតិ មិនបង្កអសន្តិសុខដល់សង្គមជាតិ និងធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗ។

សម្ដេចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានពង្រឹងសុខដុមនីយកម្ម រវាងសាសនិក នៃគ្រប់សាសនា ប្រឆាំងការរើសអើង ប្រឆាំងការបែងចែកក្នុងចំណោមប្រជាពលរដ្ឋដែលកាន់សាសនា ខុសគ្នា សំដៅប្រែក្លាយសក្តានុពល នៃសាសនាទាំងអស់ ឲ្យក្លាយទៅជាកម្លាំងជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងពង្រឹងសន្តិភាព សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ លើកតម្កើងសីលធម៌ និងរាំងស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ៕ ដោយ ៖ អ៊ិត រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner