មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ការគ្រប់គ្រង និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកគឺជាការតព្វកិច្ចរបស់យើងទាំងអស់គ្នា

ភ្នំពេញ ៖ «ការគ្រប់គ្រងនិងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដោយត្រូវប្រតិបត្តិមេត្រីបរិស្ថានក្នុងការរស់នៅប្រចាំថ្ងៃនិងប្រកាន់ខ្ជាប់នូវការអនុវត្តគោលការណ៍ 4R ដោយកាត់បន្ថយការប្រើប្រាស់ផលិតផលពីប្លាស្ទិក ការប្រើប្រាស់ឡើងវិញ ការកែច្នៃ និងការបដិសេធមិនប្រើប្រាស់ប្លាស្ទិកជាពិសេសផលិតផលធ្វើពីប្លាស្ទិកដែលប្រើម្តងបោះចោល»។ នេះគឺជាការអំពាវនាវរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងបែបនេះ ក្នុងឱកាសចូលរួមជាអធិបតីក្នុងកម្មវិធីអេកូ ខានីវ៉ល នៅសួនច្បារមុខវត្តបុទម រាជធានីភ្នំពេញ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ។

កម្មវិធីអេកូខានីវ៉លផ្តួចផ្តើមរៀបចំដោយក្រុមយុវជនស្ម័គ្រចិត្តក្រៀលកម្ពុជា ដោយមាន ការគាំទ្រពីក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ សាលារាជធានីភ្នំពេញ គម្រោងគ្រប់គ្រងសំណល់ប្លាស្ទិក និងដៃគូឧបត្ថម្ភផ្សេងៗទៀត មានគោលបំណងដើម្បីផ្សារភ្ជាប់សេចក្តីស្រឡាញ់ និងធ្វើការបង្កើតអនុស្សាវរីយ៍ក្តីស្រឡាញ់ចំពោះបរិស្ថាន និងលើកតម្លៃផលិតផលគាំទ្របរិស្ថាន និងអាជីវកម្មក្នុងស្រុក។

ក្នុងពិធីនេះឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រុមយុវជនស្ម័គ្រចិត្តក្រៀលកម្ពុជាដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញលើការប្រតិបត្តិមេត្រីបរិស្ថានក្នុងសង្គម និងចូលរួមដោះស្រាយបញ្ហាប្លាស្ទិកដែលជាកង្វល់រួមរបស់ពិភពលោកបច្ចុប្បន្នតាមរយៈការ អប់រំផ្សព្វផ្សាយពីផលប៉ះពាល់បង្កឡើងដោយការបំពុលប្លាស្ទិកចំពោះសុខភាព បរិស្ថាន និងការដាក់ចុះនូវដំណោះស្រាយ ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ចាប់តាំងពីកាតបង្កើតប្លាស្ទិក សំណល់ប្លាស្ទិកយ៉ាងហោច ៨ប៊ីលានតោនបាននិងកំពុងបន្សល់ទុកនៅលើភពផែនដី ខណៈពិភពលោកបាននិងកំពុងប្រើប្រាស់ផលិតផលពីប្លាស្ទិកមានប្រមាណជាង ៤០០ ទៅ ៦០០លានតោនក្នុងមួយឆ្នាំ។ ដោយឡែកនៅកម្ពុជា ក្នុងសំណល់ ១០០ ភាគរយដែលបង្កើតឡើងយ៉ាងហោចក៏មានសំណល់ ប្លាស្ទិកប្រមាណ ២០ភាគរយ។ ការណ៍នេះតម្រូវឱ្យកម្ពុជាក៏ដូចជាពិភពលោកគិតគូរលើវិធានការទប់ស្កាត់និងកាត់បន្ថយការ ប្រើប្រាស់ផលិតផលពីប្លាស្ទិកដើម្បីបុព្វហេតុបរិស្ថាន និងផាសុខភាពប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ពីវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចុះក្នុងការគ្រប់គ្រងការប្រើប្រាស់ផលិតផលពីប្លាស្ទិកដោយជំរុញលើការផលិត ផលិតផលប្រើប្រាស់ពីជីវៈប្លាស្ទិកដែលងាយរលាយក្នុងបរិយាកាសនិងមិនប៉ះពល់ដល់បរិស្ថាន, ការជំរុញពលរដ្ឋឱ្យអនុវត្តគោល ការណ៍ 4R រួមមានការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ ការកែច្នៃ និងការបដិសេធការប្រើប្រាស់ប្លាស្ទិក ហើយងាកមកប្រើប្រាស់ផលិតផលដែលមិនមានផលប៉ះពាល់ដល់បរិស្ថាន និងការកំណត់តម្លៃបន្ថែមលើការប្រើប្រាស់ថង់ប្លាស្ទិកនៅតាមទីផ្សារទំនើបនានា។

ឯកឧត្តមបានលើកឡើងថា កម្មវិធី អេកូ ខានីវ៉ល របស់ក្រុមយុវជនស្ម័គ្រចិត្តក្រៀលកម្ពុជានឹងចូលរួមកាន់តែសកម្មក្នុងការផ្លាស់ប្តូរឥរិយាបថសាធារណជនជាពិសេសយុវជនលើការគ្រប់គ្រងសំណល់ដែលខ្លួនបានបង្កើតក្នុងមួយថ្ងៃៗ និងចូលរួមសម្អាតអនាម័យបរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិការក៏បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលចូលរួមលើកិច្ចគាំពារបរិស្ថាន។

លោក គឹម សេត អគ្គនាយកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ បានថ្លែងកម្មវិធីអេកូ ខានីវ៉លឆ្នាំ២០២៣នេះ គឺជាការចូលរួមលើកតម្កើងសេចក្តីស្រឡាញ់បរិស្ថាន និងចូលរួមកាត់បន្ថយ ប្លាស្ទិក។ លោកអគ្គនាយកបានលើកឡើងថា កម្មវិធីនេះរៀបចំឡើងខណៈកម្ពុជាកំបុងត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ក្រោមទិសស្លោក«កីឡារស់ក្រោមសន្តិភាព» ដោយផ្តោតលើការជំរុញសកម្មភាពកីឡា ការលើកកម្ពស់ភាពស្អាត និងភាពបៃតង។ យើងជឿជាក់ថា កម្មវិធីនេះនឹងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការចូលរួមសម្អាតអនាម័យបរិស្ថានសម្រាប់ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

ក្នុងនាមសាលារាជធានីភ្នំពេញ ខ្ញុំសូមចូលរួមគាំទ្រសកម្មភាព រៀបចំដោយុុវជនស្ម័គ្រចិត្តក្រៀលកម្ពុជា បានផ្សារភ្ជាប់នឹងការស្រឡាញ់បរិស្ថាន ការគ្រប់គ្រងនិងសម្អាតបរិស្ថាន ការគ្រប់គ្រងសំរាម និងការធ្វើឱ្យទីក្រុងមានសោភ័ណភាព និងផាសុកភាាប។

លោក ហួ ឆៃងន់ តំណាងក្រុមយុវជនស្ម័គ្រចិត្តក្រៀលកម្ពុជា បានថ្លែងថា កម្មវិធីអេកូ ខានីវ៉លរៀបចំឡើមានគោលបំណងដើម្បីផ្សារភ្ជាប់សេចក្តីស្រឡាញ់បរិស្ថានទៅយុវជន និងធ្វើការបង្កើតអនុស្សាវរីយ៍ក្តីស្រឡាញ់ចំពោះបរិស្ថាននិងលើកតម្លៃផលិតផលគាំទ្របរិស្ថាន និងដើម្បីឱ្យសាធារណជនបានយល់ថា ការងារសម្អាតអនាម័យបរិស្ថានជាការងាររបស់យើងទាំងអស់គ្នា។ នៅក្នុងកម្មវិធី អេកូ ខានីវ៉ល នេះក៏មានការតាំងពិព័រណ៌ និងសកម្មភាពសម្អាតអនាម័យបរិស្ថាន និងការកម្សាន្តផងដែរ ៕ ដោយ៖ដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner