សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធយោធាធំបំផុតក្នុងរយៈពេល៥ឆ្នាំ
សេអ៊ូល៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតរបស់ពួកគេក្នុងរយៈពេលប្រាំឆ្នាំ នៅថ្ងៃចន្ទទី១៣ ខែមីនានេះ បន្ទាប់ពីកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរក្នុងដៃបានព្រមានថា សមយុទ្ធនេះអាចត្រូវបានគេមើលឃើញថា ជា “ការប្រកាសសង្គ្រាម”។
ទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូលបានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីសំណាក់កូរ៉េខាងជើង ដែលបានបាញ់សាកល្បងអាវុធហាមឃាត់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ តួយ៉ាងនៅថ្ងៃទី១២ ខែមីនានេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចេញពីនាវាមុជទឹកចំនួនពីរគ្រាប់ ដើម្បីបង្ហាញការឆ្លើយតបចំពោះសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
យ៉ាងណាមិញ សម្ព័ន្ធមិត្តបាននិយាយថា សមយុទ្ធអាមេរិក-កូរ៉េខាងត្បូង ដែលគេហៅឈ្មោះថា Freedom Shield គ្រោងនឹងដំណើរការយ៉ាងហោចណាស់១០ថ្ងៃ គិតចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះតទៅ ហើយនឹងផ្តោតលើការផ្លាស់ប្តូរបរិយាកាសសន្តិសុខ ដោយសារតែការឈ្លានពានទ្វេដងរបស់កូរ៉េខាងជើង។
ប៉ុន្តែសមយុទ្ធនេះបានធ្វើឱ្យកូរ៉េខាងជើងខឹងសម្បារជាខ្លាំង ដោយចាត់ទុកវាថា ជាការហាត់សមសម្រាប់ការឈ្លានពាន ហើយថែមទាំងបានអះអាងដែរថា កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន គឺសម្រាប់ការការពារខ្លួនប៉ុណ្ណោះ៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

