បុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនាជាង ១លាននាក់
ខេត្តកំពង់ធំ ៖ ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ននិងអនាគ ដែលខេត្ត កំពង់ធំ ទទួលរៀបចំជាលើកទី១ បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកចូលរួមជាង ១លាននាក់ ដែលពិធីដ៏ធំនេះត្រូវបានប្រារព្ធពិធីបើក ក្រោមអធិបតីភាព សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា នាយប់ថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៣។
ពិធីបុណ្យដ៏ធំមួយនេះ មានទស្សនីយ៍ភាពជាច្រើន ក្នុងនោះមានទាំងសិល្បៈវប្បធម៍បែបបុរាណ្យ សិល្បៈបែបសម័យ ការប្រកួតកីឡា ការតាំងពិព័រណ៍ដែលមានស្តង់ចូលរួមចំនួន៣០០ស្តង់និងផលិតខ្មែរជាង ៥០០មុខ ។ ឯកឧត្តម ថោង រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ មានប្រសាសន៍ថា ទោះបីការត្រៀមខ្លួនសម្រាប់រៀបចំពិធីបុណ្យទន្លេលើកទី៧នេះមានរយៈខ្លីជាងពិធីបុណ្យទន្លេនៅខេត្តផ្សេងៗ ដោយសារតែជំងឺកូវីដ១៩យ៉ាងណាក្តី ក៏ការរៀបចំបានប្រព្រឹត្តិទៅយ៉ាងល្អ និងទទួលបានជោគជ័យខ្លាំងលើសការរំពឹងទុក។
ឯកឧត្តម បញ្ជាក់ទៀតថា ពិធីបុណ្យទន្លេលើកទី៧នេះ មានលក្ខណៈល្អ និងប្លែកជាងបុណ្យទន្លេ នៅខេត្តផ្សេងៗ គឺមានស្តង់ពិព័រណ៍ចូលរួមមិនច្រើន ប៉ុន្តែអ្នកដែលចូលរួមគឺសុទ្ធតែនាំមកនូវផលិតផលក្នុងស្រុកមកដាក់តាំងបង្ហាញ ហើយផលិតនីមួយមានគុណភាពល្អ តម្លៃសមរម្យ ដែលអាចឲ្យអ្នកចូលរួមទទួលយកបាន។ទាំងអស់នេះវាបានឆ្លើតតបនឹងគោលដៅដែលយើងចង់បាន គឺប្រើឲ្យអស់ពីលទ្ធភាពនៃវិស័យទេសចរណ៍ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ដល់វិស័យកសិកម្ម ការអភិវឌ្ឍន៍វប្បធម៌ និងវិស័យបរិស្ថាន ព្រោះការតាំងពិព័រណ៍បានបង្ហាញច្បាស់នូវទេសចរណ៍ ជាការនាំចេញនឹងកន្លែងពិតប្រាកដ និងនាំមកនូវចំណូលជូនប្រជាពលរដ្ឋរួមចំណែកលើកកម្ពស់ម៉ាក្រូសេដ្ឋកិច្ច។
ប្រជាពលរដ្ឋមកកំសាន្តក្នុងពិធីបុណ្យទន្លេ អ្នកស្រី រួស សុផាន់ណា និង កញ្ញា ប៉េ សុឃាង បានបង្ហាញអារម្មណ៍រីករាយ ព្រោះនេះជាពិធីបុណ្យដ៏ធំរៀបលើកទី១នៅខេត្ត កំពង់ធំ ។ពួកគាត់អះអាងថា វាពិតជាប្លែក ព្រោះមានការតាំងពិព័រណ៍ ការប្រគុំដន្រ្តីដ៏ពុំធ្លាប់មានពីមុនមក។ពួកគាត់សូមពរឲ្យមានការរៀបចំពិធីបុណ្យធំនៅខេត្តកំពង់ធំនេះឲ្យបានច្រើន ដើម្បីផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។
អ្នក ស្រី លាង មុំ អ្នកលក់កៅឡាក់ និងដំណាប់ផ្លែឈើ បានឲ្យដឹងដែរថា បុណ្យទន្លេនៅក្នុងខេត្ត កំពង់នេះ មានប្រជាពលរដ្ឋមកចូលរួមយ៉ាងច្រើនធ្វើឲ្យការលក់របស់គាត់ គឺដាច់ខ្លាំងណាស់ ដោយក្នុងមួយយប់គាត់អាចលក់កៅឡាក់អស់ពី ៤ទៅ ៥បាវឯណោះ។
ពិធីបុណ្យទន្លេលើកទី៧ ដែលខេត្តកំពង់ធំ រៀបចំជាលើកទី១នេះ តាមការគ្រោងទុកគឺមានរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ប៉ុន្តែដោយសារតែថ្ងៃសៅរិ៍និងថ្ងៃអាទិត្យជាថ្ងៃឈប់សម្រាកចុងសប្តាហ៍ រាជរដ្ឋាភិបាលអនុញ្ញាតឲ្យមានការតាំងពិព័រណ៍ និងការប្រគុំដន្ត្រីរហូតដល់ថ្ងៃអាទិត្យ ដើម្បីបង្កលក្ខណៈ សប្បាយរីករាយជូនប្រជាពលរដ្ឋ ៕ អត្ថបទ៖ ជាវ ចន្ធូ




