ពាណិជ្ជកម្មរុស្ស៊ី និងចិនរំពឹងថា នឹងហក់ឡើងដល់២០០ប៊ីលានដុល្លារនៅឆ្នាំនេះ

ប៉េកាំង៖ ទិន្នន័យគយបានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងចិន និងរុស្ស៊ីបានបន្តកើនឡើងគួរឱ្យកត់សម្គាល់ ដោយទាំងការនាំចេញ និងនាំចូលកើនឡើងទ្វេដង ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៣នេះ ស្ថិតក្នុងលក្ខខណ្ឌប្រចាំឆ្នាំ។

បើតាមប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គោលដៅស្រូបទាញចំណូលរហូតដល់ ២០០ប៊ីលានដុល្លារ ដែលកំណត់ដោយទីក្រុងមូស្គូ និងប៉េកាំងសម្រាប់ឆ្នាំ ២០២៤ខាងមុខនេះ ត្រូវបានគេរំពឹងថា នឹងអាចសម្រេចបានលឿនជាងការរំពឹងទុក។

យោងតាមរបាយការណ៍ដែលបានចេញផ្សាយនាពេលថ្មីៗនេះ បានឱ្យដឹងថា ការនាំចេញរបស់ចិនទៅរុស្ស៊ីបានកើនឡើង ១៩.៨ភាគរយ មានទឹកប្រាក់សរុប ១៥ប៊ីលានដុល្លារ ខណៈដែលការនាំចូលវិញ ក៏បានកើនឡើង ៣១.៣ភាគរយ មានទឹកប្រាក់ ១៨.៦៥ប៊ីលានដុល្លារផងដែរ។ តួលេខនេះកំពុងឈានដល់ការកើនឡើងដល់ទឹកប្រាក់ជាង ២០០ប៊ីលានដុល្លារក្នុងទំហំពាណិជ្ជកម្មទ្វេភាគីនៅក្នុងឆ្នាំ២០២៣នេះ។

ពាណិជ្ជកម្មរវាងចិន និងរុស្ស៊ីបានឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០២២ ដែលកើនឡើងជិតមួយភាគបី ចំពេលមានការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ ស្ថិតិផ្លូវការបានបង្ហាញថា រុស្ស៊ីគឺជាប្រទេសនាំមុខគេ ក្នុងចំណោមដៃគូធំបំផុតទាំង ២០របស់ចិន ទាក់ទងនឹងកំណើនពាណិជ្ជកម្មនៅឆ្នាំ២០២២។

ទន្ទឹមគ្នា ចិនបាននឹងកំពុងប្រកួតប្រជែងជាមួយឥណ្ឌា ក្នុងនាមជាអ្នកទិញប្រេងធំបំផុតរបស់រុស្ស៊ី ហើយបានវ៉ាដាច់សហភាពអឺរ៉ុបជាអ្នកនាំចូលកំពូល នៃផលិតផលកសិកម្មរបស់រុស្ស៊ី។ ប្រេងរបស់រុស្សីត្រូវបានគេព្យាករណ៍ថា នឹងឡើងដល់កម្រិតខ្ពស់បំផុតក្នុងខែមីនានេះ បន្ទាប់ពីក្រុមហ៊ុនចម្រាញ់ប្រេងបានទាញយកផលប្រយោជន៍យ៉ាងច្រើនពីការលក់ក្នុងតម្លៃថោក ចំពេលតម្រូវការប្រេងក្នុងស្រុកស្ទុះងើបឡើងវិញ បន្ទាប់ពីការដកការរឹតបន្តឹងទប់ស្កាត់ជំងឺ Covid៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner