ទូតអូស្ត្រាលីថ្មី ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ និងក្នុងភាពជាដៃគូលើវិស័យជាច្រើនទៀត រវាងប្រទេសទាំងពីរ
ភ្នំពេញ៖ ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ចាស់ស្ទីន ខេវីន វ៉ាយ៉ាត់ (Justin Kevin Whyatt) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានប្ដេជ្ញាប្រឹងប្រែង ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ និងក្នុងភាពជាដៃគូលើវិស័យជាច្រើនទៀត ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឲ្យដឹងថា ឯកឧត្តម វ៉ាយ៉ាត់ បានគោរពជម្រាបជូន សម្ដេចតេជោ ថា ឯកឧត្តម ពិតជាមានសេចក្ដីរីករាយណាស់ ដែលបានវិលត្រឡប់ មកបំពេញការងារ នៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរយៈពេល ជាង២០ឆ្នាំកន្លងមក។ ឯកឧត្តម បន្តថា នៅពេលនេះ កម្ពុជា មានការរីកលូតលាស់ និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ។
ឯកឧត្តម វ៉ាយ៉ាត់ ក៏សូមសម្ដែងនូវការគោរពចំពោះការដឹកនាំ ដ៏វៃឆ្លាតរបស់សម្ដេចជាតេជោ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កន្លងមក , ការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំទៅ ដែលនាំមកជូនកម្ពុជានូវកិត្តិនាម កិត្តិស័ព្ទដ៏ល្បីរន្ទឺ ក៏ដូចជាបានគោរពជំរាបជូនសម្ដេចតេជោថា ក្នុងអាណត្តិជា ឯកអគ្គរដ្ឋទូតនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នឹងប្រឹងប្រែងធ្វើយ៉ាងណាពង្រឹង ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ និងក្នុងភាពជាដៃគូ នៅលើវិស័យ ជាច្រើនរួមមាន៖ ពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន, ពង្រឹងទំនាក់ទំនងរវាងអ្នកវិនិយោគនិងអ្នកវិនិយោគ, ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យដោះមីន ដោយធ្វើយ៉ាងណាជួយគាំទ្រកម្ពុជា ឲ្យបានសម្រេចគោលដៅជាប្រទេស គ្មានមាននៅឆ្នាំ២០២៥, ជំរុញទំនាក់ទំនងលើវិស័យសង្គមកិច្ច, លើវិស័យលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស, លើវិស័យការពារជាតិ និងលើវិស័យទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀនជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗទៀត ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះ ឯកឧត្តម វ៉ាយ៉ាត់ ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាពរបស់អូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោ ក៏បានសំដែងនូវសេចក្ដីរីករាយ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស លើវិស័យ កសិកម្ម ដែលអូស្ត្រាលី បានជួយកម្ពុជា បង្កើតវិទ្យាស្ថានខាឌី សម្រាប់ការស្រាវជ្រាវ ហើយការស្រាវជ្រាវនោះទៀតសោត ក៏បាននាំកម្ពុជា ដល់ការស្រាវជ្រាវបង្កើតពូជស្រូវដ៏ល្អ ជាប់ចំណាត់ថ្នាក់លេខ១ ហើយនិងពូជស្រូវដទៃទៀត ។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលកន្លងមក បានជួយកម្ពុជា ក្នុងការផ្ដល់នូវវ៉ាក់សាំងសម្រាប់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។ ជោគជ័យរបស់កម្ពុជា លើការទប់ស្កាត់ជំងឺកូវីដ១៩ គឺមិនអាចកាត់ផ្ដាច់បានពីការគាំទ្រ និងជួយពីប្រទេសអូស្ត្រាលីទេ ។
សម្ដេចតេជោ ក៏បានអំណរគុណផងដែរ ចំពោះការជួយដល់កម្ពុជា លើបញ្ហាដោះមីន និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ រួមនិងវិស័យដទៃជាច្រើនទៀត ៕ អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ