ចៅហ្វាយក្រុងសេអ៊ូល អំពាវនាវឱ្យកូរ៉េខាងត្បូងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ខ្លួនដើម្បីប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើង
សេអ៊ូល៖អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បានប្រាប់ទីភ្នាក់ងារ សារព័ត៌មានរ៉យទ័រក្នុងបទសម្ភាស៍ផ្ដាច់មុខមួយ ដែលចេញផ្សាយនៅ ថ្ងៃ ចន្ទថា កូរ៉េខាងត្បូងគួរតែបង្កើតអាវុធនុយក្លេអ៊ែរដោយខ្លួនឯង ដើម្បីពង្រឹងវិ ស័យការពារជាតិប្រឆាំងនឹងកូរ៉េខាងជើងទោះបីជាមានហានិភ័យនៃផលប៉ះពាល់ជាអន្តរជាតិក៏ដោយ ព្រោះប្រទេសនេះមិនគួរនៅជំពាក់ចំណងនឹង គោលដៅ នៃការរំសាយអាវុធនុយក្លេអ៊ែរនោះទេ។
ការថ្លែងរបស់លោក Oh Se-hoon បានបន្ថែមកម្ដៅថ្មីដល់ការជជែក ដេញ ដោលកាន់តែខ្លាំងឡើងអំពីរបៀបដែលកូរ៉េខាងត្បូងគួរតែបំពាក់អាវុធនុយក្លេអ៊ែរដោយខ្លួនឯង ខណៈកូរ៉េខាងជើងកំពុងសម្រួចសមត្ថភាពរបស់ខ្លួនក្នុង ការវាយប្រហារកូរ៉េខាងត្បូងដោយអាវុធនុយក្លេអ៊ែរតាក់ទិក។
លោក Oh បានថ្លែងយ៉ាងដូច្នេះថា៖ «កូរ៉េខាងជើងស្ទើរតែជោគជ័យ ក្នុងការ ផលិត និងបាញ់គ្រាប់នុយក្លេអ៊ែរកម្រិតស្រាល និងមានក្បាលគ្រាប់រាប់ សិប យ៉ាងតិច។ យើងបានឈានដល់ចំណុចមួយដែលវាពិបាកក្នុងការបញ្ចុះបញ្ចូលមនុស្សដោយប្រើហេតុផល ថាយើងគួរតែបដិសេធការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ហើយប្រកាន់ខ្ជាប់នូវការរំសាយអាវុធនុយក្លេអ៊ែរ»។
គួររំឭកថា លោក Oh បានលើកឡើងពីបញ្ហានេះកាលពីខែកុម្ភៈរួចម្ដងមក ហើយ ដោយនិយាយថា ក្រុងសេអ៊ូលគួរតែរក្សាជម្រើសនុយក្លេអ៊ែរ។ ប៉ុន្តែការលើកឡើងថ្មីរបស់លោក គឺកាន់តែក្ដៅជាងនេះទៅទៀត។ លោក Oh ដែលជាសមាជិកដ៏មានឥទ្ធិពលម្នាក់នៃគណបក្សកាន់អំណាច របស់ លោកប្រធានាធិបតី យូន ស៊កយូល Yoon Suk Yeol គឺជាមន្ត្រីដែលមាន ឋានៈខ្ពង់ខ្ពស់ម្នាក់ ក្នុងការតស៊ូមតិយ៉ាងសកម្មដើម្បីឱ្យកូរ៉េខាងត្បូងមាន កម្មវិធីអាវុធនុយក្លេអ៊ែរ។
លោកត្រូវបានគេមើលឃើញថា ទំនងនឹងធ្វើជាបេក្ខជនប្រជែងតំណែង ប្រធានាធិបតីក្នុងការបោះឆ្នោតនៅឆ្នាំ ២០២៧។ ក្នុងនាមជាអភិបាលក្រុង លោកមើលការខុសត្រូវលើសមយុទ្ធការពារស៊ីវិលប្រចាំឆ្នាំរបស់ទីក្រុងសេអ៊ូលនិងយន្តការសន្តិសុខរួមបញ្ចូលគ្នា ដែលមានគោលបំណងការពារតំបន់ ទីក្រុង។
គួរកត់សម្គាល់ថា ចំពេលដែលវិស័យយោធាកូរ៉េខាងជើងកាន់តែជឿនលឿន និងមានមន្ទិលលើការប្ដេជ្ញាចិត្តរបស់អាមេរិកក្នុងការការពារសម្ព័ន្ធមិត្តក្នុងតំបន់ មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងមួយចំនួនបានលើកឡើងពីលទ្ធភាពនៃ ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរដោយខ្លួនឯង ឬការដាក់ពង្រាយឡើងវិញ នូ វគ្រាប់បែកនុយក្លេអ៊ែរ និងមីស៊ីលតាកទិករបស់អាមេរិក ដែលត្រូវបានដក ចេញពី ឧបទ្វីបកូរ៉េក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។
កាលពីធ្វើបេក្ខជនប្រកួតប្រជែងការបោះឆ្នោតប្រធានាធិតបី លោក យូន បានស្នើពីជម្រើសដាក់ពង្រាយអាវុធឡើងវិញរបស់សហរដ្ឋអាមេរិក ប៉ុន្តែ រដ្ឋបាលរបស់លោកនាពេលនេះនៅតែប្តេជ្ញាចិត្តក្នុងការរំសាយអាវុធនុយក្លេអ៊ែរ ព្រមទាំងពង្រឹងវិស័យការពារធម្មតារួមបញ្ចូលគ្នាជាមួយ សហរដ្ឋ អាមេរិក។
តាមការស្ទង់មតិជាច្រើន បានបង្ហាញពីការស្ទុះឡើងនៃការគាំទ្រសាធារណៈ ក្នុង ប្រទេស កូរ៉េខាងត្បូង លើការមានឃ្លាំងអាវុធនុយក្លេអ៊ែរដោយខ្លួនឯង។
ខណៈមានសន្ទុះបែបនេះ លោក Oh បាននិយាយក្នុងបទសម្ភាស៍ដដែលថា វិបត្តិអ៊ុយក្រែនបានពង្រឹងការជឿជាក់របស់លោកដែលថា ការរំសាយអាវុធ នុយក្លេអ៊ែរបានបាត់បង់ប្រសិទ្ធិភាពរបស់ខ្លួន ហើយអាវុធនុយក្លេអ៊ែរនឹង ក្លាយជាអាវុធទប់ទល់ដ៏មានប្រសិទ្ធភាពបំផុតប្រឆាំងនឹងកូរ៉េខាងជើង។
លោកបានច្រានចោលគូប្រជែងដែលព្រមានពីការដាក់ទោសពីប្រទេសផ្សេងៗ រួមទាំងការដាក់ទណ្ឌកម្ម ដោយនិយាយថា កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េ ខាងត្បូងនឹងផ្ញើសារទៅកាន់ប្រទេសដូចជាចិន ដើម្បីទប់ស្កាត់ការបង្កើន សកម្មភាព យោធារបស់កូរ៉េខាងជើង។ លោកថ្លែងយ៉ាងដូច្នេះថា៖ «ដំបូងៗ វាអាចនឹងមានការប្រឆាំងពីសហគមន៍អន្តរជាតិ ប៉ុន្តែខ្ញុំជឿថា វានឹងទទួល បានការគាំទ្របន្ថែមទៀតនៅទីបំផុត»៕
ប្រែសម្រួល៖ ហួន ឌីណា