អ៊ីរ៉ង់ថាខ្លួនយល់ព្រមដោះដូរអ្នកទោសជាមួយអាមេរិក ប៉ុន្តែក្រុងវ៉ាស៊ីនតោនច្រានចោល
តេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសសេន អាមៀ អាប់ដូលឡាហ៊ីអាន (Hossein Amirabdollahian) បានថ្លែងប្រាប់ទូរទស្សន៍រដ្ឋកាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីផ្លាស់ប្តូរអ្នកទោសគ្នា ។ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានបដិសេធថា វាជាការអះអាងមិនពិតរបស់ទីក្រុងតេហេរ៉ង់។
លោក អាមៀ អាប់ដូលឡាហ៊ីអាន បាននិយាយថា៖ «ទាក់ទងនឹងបញ្ហានៃការដោះដូរអ្នកទោសរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក យើងបានឈានដល់កិច្ចព្រមព្រៀងមួយកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ហើយប្រសិនបើអ្វីៗដំណើរការល្អនៅខាងសហរដ្ឋអាមេរិក ខ្ញុំគិតថាយើងនឹងមានការដោះដូរអ្នកទោសក្នុងរយៈពេលដ៏ខ្លី»។
លោកបន្តថា៖ «ខាងយើង អ្វីៗបានត្រៀមរួចរាល់ ខណៈពេលដែលសហរដ្ឋអាមេរិកកំពុងធ្វើការលើការសម្របសម្រួលបច្ចេកទេសចុងក្រោយ»។
ចំណែកមន្ត្រីសេតវិមានបានបដិសេធការអះអាងរបស់លោក អាមៀ អាប់ដូលឡាហ៊ីអាន អំពីការដោះដូរអ្នកទោសនេះ ប៉ុន្តែបានបន្ថែមថា សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តក្នុងការធានាការដោះលែងជនជាតិអាមេរិក ដែលអ៊ីរ៉ង់ចាប់ឃុំខ្លួន។
អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបាននិយាយថា៖ «ការអះអាងរបស់មន្ត្រីអ៊ីរ៉ង់ថា យើងបានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ការដោះលែងពលរដ្ឋអាមេរិកដែលអ៊ីរ៉ង់ចាប់ខ្លួនទាំងខុស គឺជារឿងមិនពិត»។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
តាមរ៉យទ័រដដែល មានប្រភពមួយដែលដឹងពីបញ្ហានេះ បានអះអាងថា ការដោះដូរអ្នកទោសគ្នាបានខិតកាន់តែ «កៀកជាងអ្វីដែលធ្លាប់មាន» ។ប៉ុន្តែចំណុចជាប់គាំងមួយនៅមិនអាចដោះស្រាយបាន គឺជាប់ទាក់ទងនឹងប្រាក់ប្រាំពីរប៊ីលានដុល្លារក្នុងមូលនិធិប្រេងអ៊ីរ៉ង់ដែលត្រូវបង្កកក្នុងប្រទេសកូរ៉េខាងត្បូង ក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ប្រភពដដែលបានបន្ថែមថា ប្រទេសកាតា និងស្វីសបានចូលរួមក្នុងកិច្ចពិភាក្សាដោះលែងអ្នកទោសនេះ។
គួរបញ្ជាក់ថា ជនជាតិអាមេរិកម្នាក់ក្នុងចំណោមជាច្រើននាក់ដែលអ៊ីរ៉ង់ចាប់ឃុំខ្លួនគឺលោក Siamak Namazi ដែលជាពាណិជ្ជករកាន់សញ្ជាតិ២ (អាមេរិក-អ៊ីរ៉ង់) ដែលកាត់ទោសក្នុងឆ្នាំ ២០១៦ ឱ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំពីបទធ្វើចារកម្ម និងសហការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ជាច្រើនឆ្នាំមកនេះទីក្រុងតេហេរ៉ង់ក៏ស្វែងរកការដោះលែងជនជាតិអ៊ីរ៉ង់ជាង ១០ នាក់ ដែលអាមេរិកចាប់ខ្លួន រួមទាំងជនជាតិអ៊ីរ៉ង់ចំនួនប្រាំពីរនាក់ ដែលកាន់សញ្ជាតិអាមេរិក-អ៊ីរ៉ង់ ជនជាតិអ៊ីរ៉ង់ពីរនាក់ដែលមានទីលំនៅអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិក និងពលរដ្ឋអ៊ីរ៉ង់ចំនួនបួននាក់ ដែលគ្មានសិទ្ធិស្របច្បាប់រស់នៅសហរដ្ឋអាមេរិក។
គេមើលឃើញថា អ៊ីរ៉ង់ដែលកំពុងឃុំខ្លួនជនជាតិអ៊ីរ៉ង់ពីរសញ្ជាតិ និងជនបរទេសរាប់សិបនាក់ រងការចោទប្រកាន់ពីសកម្មជនសិទ្ធិមនុស្សថា ធ្វើការចាប់ខ្លួនដើម្បីដោះដូរអ្វីមួយពីប្រទេសផ្សេងទៀត។ ការចោទប្រកាន់នេះ ត្រូវបានក្រុងតេអេរ៉ង់ច្រានចោល៕
ប្រែសម្រួល៖ហួន ឌីណា