អ៊ឺរ៉ង់ចាប់ខ្លួនមនុស្សជាង ១០០នាក់ ក្រោមបទចោទថាបានបំពុលសិស្សសាលា
តេហេរ៉ង់៖មនុស្សជាង១០០នាក់ត្រូវបានចាប់ខ្លួននៅប្រទេសអ៊ឺរ៉ង់កាលពីថ្ងៃអាទិត្យកន្លងទៅនក្រោមបទចោទថាបានបំពុលយុវតីសិស្សសាលារាប់រយនាក់។ នេះបើយោងទៅតាមទីភ្នាក់ងារសារព័ត៌មាន IRNAដែលបានចេញផ្សាយ។
ប្រភពដដែលបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកមាន ករណីបំពុលសិស្សសាលាកើតឡើងនៅអ៊ឺរ៉ង់ដោយភាគច្រើនគឺសំដៅទៅលើសិស្សស្រី។ ជនសង្ស័យប្រើឧស្ម័នបំពុលនៅក្នុងសាលារៀន។ ឧបទ្ទវហេតុនេះកើតឡើងចាត់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនៅពេលដែលប្រទេសអ៊ឺរ៉ង់បានរាយការណ៍ថា ពីមួយថ្ងៃទៅមួយថ្ងៃមានយុវតីជាសិស្សរាប់រយនាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីមានអាការៈមិនស្រួលខ្លួន។
ប៉ូលីសអ៊ឺរ៉ង់បានឱ្យដឹងថា ជនសង្ស័យទាំង១០០ នាក់ភាគច្រើនមកពីរដ្ឋធានី Tehanបាន ប្រើប្រាស់សារធាតុស្អុយ និងឧស្ម័នហ្គាសបំពុលសិស្ស ក្នុងគោលបំណងចង់បិទសាលារៀន។ ប៉ូលីសអ៊ឺរ៉ង់ដាក់ការសង្ស័យថា ចលនានេះពាក់ព័ន្ធនឹងការតវ៉ាទូទាំងប្រទេសបន្ទាប់ពីក្មេងស្រីម្នាក់ឈ្មោះ ឈ្មោះ Masha Amiបានស្លាប់ក្នុងពេលដែលជាប់ឃុំនៅប៉ុស្តិ៍ប៉ូលីស។
អាជ្ញាធរប្រទេសនេះចោទ ជនសង្ស័យទាំងនោះថា មានបំណងចង់បង្កើតភាពភ័យខ្លាច ទៅកាន់មនុស្ស និងសិស្ស ដើម្បីបិទសាលានិងបង្កើតរូបភាពអាក្រក់ចំពោះរដ្ឋាភិបាលអ៊ីរ៉ង់។
ហេតុការណ៍សិស្សពុលនេះ បានកើតឡើងដំបូងកាលពីខែវិច្ឆិកាឆ្នាំទៅមិញនៅវិទ្យាល័យមួយក្នុងទីក្រុង Qom បន្ទាប់ពីសិស្សសាលាចំនួន១៨នាក់ ពិបាកដងដង្ហើម ស្ពឹកខ្លួន ក្អួតចង្អោរ និងខ្លះទៀតពិបាកដើរ ហើយត្រូវបញ្ជូនជាបន្ទាន់ទៅកាន់មន្ទីរពេទ្យ។
ម្តាយរបស់ក្មេងស្រីពីរនាក់មកពីសាលាផ្សេងគ្នាបានប្រាប់ទៅដល់សារព័ត៌មាន CNN ថាកូនរបស់នាងមានបញ្ហាសុខភាពខ្លាំងបន្ទាប់ពីការបំពុលនេះ។ ឧបទ្ទវហេតុនេះបានកើតឡើងម្តងទៀតកាលពីខែកុម្ភៈ បន្ទាប់ពីសិស្សសាលារាប់រយនាក់ មកពីសាលារៀនចំនួន ១៣កន្លែងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕
ប្រែសម្រួល៖ឡេង អារីតា